ភាគច្រើននៃពួកយើងសុទ្ធតែដឹងថា ការទទួលទានការ៉ុត គឺល្អណាស់សម្រាប់ភ្នែក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថា ក្រៅពីការ៉ុតហើយនោះ ក៏នៅមានអាហារជាច្រើនផ្សេងទៀតដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់រក្សាសុខភាពភ្នែកដែរ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ដើម្បីរក្សាពង្រឹងសុខភាពភ្នែក ក៏ដូចជាការពារប្រឆាំងនឹងជំងឺភ្នែកគួរឱ្យព្រួយបារម្ភផ្សេងៗ ៖

១. បឺរី និងផ្លែឈើរសជាតិជូរ

ផ្លែក្រូចគ្រប់ប្រភេទ, ទំពាំងបាយជូរ និងបឺរី ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺខ្សោយភ្នែក និងជំងឺភ្នែកឡើងបាយ។

២. បន្លែ និងផ្លែឈើស្រស់ៗចម្រុះពណ៌

រួមបញ្ចូលទាំងប៉េងប៉ោះ, ការ៉ុត, ស្ត្របឺរី, ម្ទេសផ្លោក, ពោត និងល្ពៅ សុទ្ធតែជាប្រភពដ៏ប្រសើរនៃវីតាមីន A , វីតាមីន C ក៏ដូចជាសមាសធាតុ carotenoids មានប្រសិទ្ធិភាពខ្ពស់ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកផ្សេងៗគួរឱ្យកត់សម្គាល់។

៣. ផ្នែកពណ៌លឿងនៃស៊ុត

ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសារធាតុ zeaxanthin និង lutein ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ និងមើលឃើញបានច្បាស់ ដោយការពារការចុះខ្សោយនៃសសៃបាតភ្នែក។ ប៉ុន្តែត្រូវប្រាកដថា អ្នកជ្រើសរើសទទួលទានស៊ុតធម្មជាតិដែលមានគុណភាពខ្ពស់ទើបទទួលបានអត្ថប្រយោជន៍ពេញលេញមិនប៉ះពាល់សុខភាព។

៤. ត្រីសម្បូរខ្លាញ់

ដើម្បីការពារប្រឆាំងនឹងជំងឺភ្នែកឡើងបាយ, ជំងឺខ្សោយភ្នែក ក៏ដូចជាជំងឺភ្នែកស្ងួត ចូរទទួលទានត្រីសម្បូរខ្លាញ់ដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ រួមមានត្រីសាឌីន, ត្រីធូណា, ត្រីសាលម៉ុន និង ត្រី mackerel ឱ្យបានច្រើន។ ប្រសិនបើអ្នកមិនចូលចិត្តទទួលទានត្រីសមុទ្រទាំងនេះ ចូរទទួលទានគ្រាប់ធញ្ញជាតិ និងបន្លែផ្សេងៗដែលជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ឬថ្នាំគ្រាប់ខ្លាញ់ត្រីជំនួសវិញក៏បាន។

៥. បន្លែស្លឹកបៃតង

ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ zeaxanthin និង lutein ដែលមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឹភ្នែកឡើងបាយ និងជំងឺខ្សោយភ្នែកគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពភ្នែកល្អប្រសើរ ចូរព្យាយាមទទួលទានបន្លែបៃតង​ឱ្យបានច្រើន។

៦. គ្រាប់ផ្កាឈូករ័ត្ន

មានផ្ទុកសម្បូរទៅដោយជាតិស័ង្កសី និងវីតាមីន E ដែលជួយការពារភ្នែកពីជំងឺផ្សេងៗ និងរក្សាបាននូវសុខភាពភ្នែកល្អប្រសើរមើលឃើញបានកាន់តែច្បាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង