ពោត ជាដំណាំមួយប្រភេទដែលទទួលបានការពេញនិយម និងសម្បូរណាស់ដែរក្នុងប្រទេស
កម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនត្រឹមតែជាអាហារសម្រន់ដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែពោតក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់សម្រាប់រក្សាសុខភាពល្អប្រសើរ និងជួយទប់ស្កាត់ជំងឺផ្សេងៗផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលនៃការទទួលពោត ៖

១. លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម

ពោត ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មជួយប្រយុទ្ធ​ប្រឆាំងជាមួយរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ លើសពីនេះទៅទៀត ពោត ក៏មានផ្ទុកសម្បូរទៅដោយសមាសធាតុ phenolic ដែលជាភ្នាក់ងារប្រឆាំងនឹងជំងឺមហារីក ជាពិសេសជំងឺមហារីកថ្លើម និងមហារីកសុដន់ ដោយទប់ស្កាត់ការរីកលូតលាស់នៃដុំសាច់។

២. គ្រប់គ្រងជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម

ពោត មានផ្ទុកសម្បូរទៅដោយសារធាតុ phenolic phytochemicals ដែលជួយកាត់បន្ថយរោគសញ្ញានៃជំងឹទឹកនោមផ្អែមបានយ៉ាងប្រសើរដោយគ្រប់គ្រងលើការស្រូបយក និងបញ្ចេញអាំងស៊ុយលីនក្នុងរាងកាយ។ លើសពីនេះទៅទៀត ពោត ក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមផងដែរ។ ប៉ូតាស្យូមជាសារធាតុរ៉ែដែលធ្វើឲ្យសម្ពាធឈាមថយចុះ និងមានតុល្យភាព។ ដូច្នេះប្រសិនបើអ្នកមានជំងឺលើសឈាម ហើយចង់គ្រប់គ្រងស្ថានភាពនៃជំងឺនោះ ចូរបន្ថែមពោតក្នុងរបបអាហារប្រចាំថ្ងៃឲ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន។

៣. សុខភាពប្រព័ន្ធរំលាយអាហារ

ពោត ក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយរក្សាសុខភាពប្រព័ន្ធរំលាយអាហារ និងសម្រួលដល់ដំណើរការនៃមុខងារពោះវៀន ទប់ស្កាត់អាការៈទល់លាមក ក៏ដូចជាបញ្ហាពិបាករំលាយអាហារផងដែរ។

៤. សុខភាពបេះដូង

ពោត ជាប្រភពដ៏ប្រសើរនៃសារធាតុ folate និងជាតិសសៃ មានប្រសិទ្ធិភាពខ្ពស់ជួយកាត់បន្ថយសមាសធាតុ homocysteine និងកូឡេស្តេរ៉ូលមិនល្អដែលបង្កបញ្ហានៃជំងឺបេះដូងផ្សេងៗ។

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ

ការទទួលទានជាតិសសៃដែលមានផ្ទុកក្នុងពោតជារៀងរាល់ថ្ងៃ ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ លើសពីនេះទៅទៀត ការទទួលទានពោត ឬអាហារផ្សេងទៀតដែលជាប្រភពនៃជាតិសសៃ ក៏ជួយទប់ស្កាត់ជំងឺឬសដូងបាតគួរឱ្យកត់សម្គាល់។

៦. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

ពោត មានផ្ទុកសម្បូរទៅដោយជាតិដែកដែលចាំបាច់ជួយក្នុងការទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមដែលបណ្ដាលមកពីកង្វះជាតិដែកក្នុងរាងកាយដោយបង្កើនការបង្កើតកោសិកាគ្រាប់ឈាមក្រហមថ្មី៕