ជាធម្មតា ស្បែកយារធ្លាក់ គឺបណ្ដាលមកពីការចុះខ្សោយ និងបាត់បង់ភាពបត់បែនធម្មជាតិ ក៏ដូចជាកូឡាជែន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វ័យកាន់តែជ្រេ ស្បែកក៏ប្រែជាយារតាមនោះដែរ ជាពិសេសប្រសិនបើអ្នកចេះថែរក្សា។ មិនដឹងដោះស្រាយទប់ស្កាត់បញ្ហាស្បែកយារធ្លាក់តាមវិធីណាមែនទេ? ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់ស្បែកយារធ្លាក់ និងចាស់តាមវ័យ ៖
១. ជៀសវាងអាហារផ្អែម និងភេសជ្ជៈកំប៉ុង
ការទទួលទានអាហារ និងភេសជ្ជៈផ្អែមៗ ឬមានជាតិស្ករខ្ពស់ច្រើនពេកអាចបង្កើនល្បឿននៃភាពចាស់តាមវ័យនៃស្បែកគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិស្ករតែងផ្សារភ្ជាប់ជាមួយប្រូតេអ៊ីនក្នុងរាងកាយតាមរយៈដំណើរការមួយហៅថា glycation បង្កការរលាកក្នុងរាងកាយដែលជះឥទ្ធិពលដល់កូឡាជែន និងភាពបត់បែននៃស្បែកបណ្ដាលឱ្យស្នាមជ្រីវជ្រួញលេចឡើងឆាប់រហ័ស រួមជាមួយបញ្ហាស្បែកយារធ្លាក់ផងដែរ។
២. ជៀសវាងអាហារកែច្នៃ
អាហារកែច្នៃ គឺជាសត្រូវលេខមួយនៃសុខភាពស្បែកល្អប្រសើររក្សាបាននូវភាពក្មេងជាងវ័យ។ ដូច្នេះចូរកាត់បន្ថយ ឬជៀសវាងទទួលទានអាហារទាំងនេះ ហើយជ្រើសរើសការទទួលទានបន្លែផ្លែឈើស្រស់ឱ្យច្រើនជំនួសវិញ។
៣. ធ្វើលំហាត់ប្រាណទៀងទាត់
ការធាត់លើសទម្ងន់អាចធ្វើឱ្យស្បែកមុខយារបាត់បង់ភាពតឹងណែន ក៏ដូចជាភាពបត់បែនគួរឱ្យព្រួយបារម្ភ។ ដូច្នេះការធ្វើលំហាត់ប្រាណជាប្រចាំនឹងជួយឱ្យអ្នករក្សាបាននូវទម្ងន់ត្រឹមត្រូវសមស្រប រួមជាមួយស្បែកស្រស់ស្អាតក្មេងជាងវ័យផងដែរ។
៤. ឈប់ជក់បារី
ប្រសិនបើអ្នកជក់បារី ចូរបញ្ឈប់ទម្លាប់មិនល្អនេះភ្លាម! ការជក់បារីយ៉ាងហោចណាស់ ២០ ដើមជាប្រចាំអាចធ្វើឱ្យស្បែកចាស់ជាងវ័យដល់ទៅ ១០ដងឯណោះ។
៥. កុំឱ្យស្បែកត្រូវពន្លឺព្រះអាទិត្យខ្លាំងពេក
ពន្លឺព្រះអាទិត្យល្អសម្រាប់សុខភាពស្បែក ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់ស្បែកគួរឱ្យព្រួយបារម្ភ។ ហើយការត្រូវកម្ដៅព្រះអាទិត្យច្រើនពេកអាចបង្ករោគសញ្ញានៃភាពចាស់មុនវ័យ និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរស្ថិតនៅក្នុងម្លប់ចន្លោះម៉ោង ១១ ព្រឹក ដល់ ២ ល្ងាច ឬនៅពេលពន្លឺព្រះអាទិត្យក្ដៅខ្លាំង។ យ៉ាងហោចណាស់ ក៏ចេះបិតបាំងមុខ និងកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF ៣០ ឬខ្ពស់ជាងនេះដើម្បីការពារស្បែកពីកម្ដៅខ្លាំងនៃព្រះអាទិត្យរាល់ពេលចេញទៅក្រៅក្រោមកម្ដៅថ្ងៃ។
៦. ប្រើប្រាស់ផលិតផលត្រឹមត្រូវសម្រាប់ស្បែករបស់អ្នក
ដើម្បីការពារស្បែកពីភាពចាស់តាមវ័យ និងការបំផ្លាញពីពន្លឺព្រះអាទិត្យ អ្នកគួរដឹងច្បាស់ថាតើផលិតផលថែរក្សាស្បែកណាមួយដែលត្រឹមត្រូវសាកសមជាមួយនឹងប្រភេទនៃស្បែករបស់អ្នក៕