តើអ្នកកំពុងជួបប្រទះបញ្ហាឈឺចាប់ត្រង់កញ្ចឹងក ហើយមិនដឹងដោះស្រាយបែបណាមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនថាការឈឺចាប់បណ្ដាលមកពី ឥរិយាបថមិនល្អ, ការរងរបួស ឬស្ថានភាពសុខភាពណាមួយនោះទេ គឺវានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាអារម្មណ៍របស់អ្នក។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗដោះស្រាយបញ្ហាឈឺកញ្ចឹងកឆាប់រហ័ស ៖
១. ទឹកខ្មេះផ្លែប៉ោម
តាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ទឹកខ្មេះផ្លែប៉ោមអាចបំបាត់អាការៈឈឺកញ្ចឹងកបានយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ទឹកខ្មេះផ្លែប៉ោម ក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលជួយបំបាត់ការឈឺចាប់បណ្ដាលមកពីកង្វះសារធាតុចិញ្ចឹមផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ក្រដាសជូតមាត់រឹង ឬកូនកន្សែងស្អាតមួយក្នុងទឹកខ្មេះផ្លែប៉ោម រួចដាក់ស្អំលើកញ្ចឹងកត្រង់កន្លែងឈឺចាប់សម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោងជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់ឈប់ឈឺ។
២. ងូតទឹកអំបិល Epsom
ការងូតទឹកអំបិល Epsom អាចជួយកាត់បន្ថយភាពតានតឹង, សម្រួលសាច់ដុំ និងបំបាត់នូវការឈឺចាប់ភ្លាមៗ។ អ្នកអាចរកទិញអំបិលនេះបាននៅតាមផ្សារទំនើប។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមអំបិល Epsom ចំនួន ២ ពែងក្នុងទឹកក្ដៅឧណ្ហសម្រាប់ងូត។ បន្ទាប់មកគេងត្រាំតំបន់កញ្ចឹងកក្នុងទឹកអំបិលសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ១៥ ទៅ ២០ នាទី។ អនុវត្តរូបមន្តនេះជាប្រចាំ រហូតដល់បាត់ការឈឺចាប់។
៣. ស្អំកម្ដៅ ឬស្អំទឹកកក
ការស្អំទឹកកក ឬស្អំកម្ដៅត្រង់កញ្ចឹងកកន្លែងដែលទទួលរងការឈឺចាប់ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុត។ ការស្អំកម្ដៅ និងការងូតទឹកក្ដៅឧណ្ហៗ គឺមានប្រសិទ្ធិភាពបំបាត់ការឈឺចាប់បានឆាប់រហ័សដូចគ្នា។
៤. លំហាត់ប្រាណកញ្ចឹងក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើចលនា-ក យឺតៗពីក្រោយទៅមុខចំនួន ៥ ដង និងពីឆ្វេងទៅស្ដាំចំនួន ៥ ដងដែរជាការស្រេច។ ចូរព្យាយាមអនុវត្តលំហាត់ប្រាណនេះឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើមានការឈឺចាប់ខ្លាំង កុំប្រឹងបន្តអនុវត្ត ហើយប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
៥. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ
ឌីសនៅចន្លោះឆ្អឹងខ្នងត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាការតម្រឹមឆ្អឹងខ្នង, កម្ពស់ឌីស និងកម្ចាត់សម្ពាធចេញពីឆ្អឹងខ្នង ក៏ដូចជាកាត់បន្ថយការឈឺចាប់ត្រង់កញ្ចឹងក។ ដូច្នេះចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់យ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ៕