តម្រងនោម គឺជាសរីរាង្គដ៏សំខាន់បំផុតមួយនៃរាងកាយ ប៉ុន្តែភាគច្រើននៃពួកយើងតែងមិនសូវយកចិត្តទុកដាក់ថែរក្សារហូតដល់វាឈប់ដំណើរការមុខងារបានត្រឹមត្រូវដូចប្រក្រតី។ តម្រងនោមដើរតួនាទីចាំបាច់នៅក្នុងការរក្សាសុខភាពរាងកាយល្អប្រសើរ។ វាជួយផលិតកោសិកាគ្រាប់ឈាមក្រហម, គ្រប់គ្រងកម្រិតនៃសម្ពាធឈាម, បន្សាបជាតិពុលសរីរាង្គខាងក្នុង, បញ្ចេញជាតិទឹក ឬសារធាតុរាវដែលលើស និងគ្រប់គ្រងកម្រិតនៃជាតិរ៉ែចាំបាច់ទាំងអស់ក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទាំងនេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនៃជំងតម្រងនោមដោយបញ្ឈប់ទម្លាប់អាក្រក់មួយចំនួនជាបន្ទាន់។ ថាតើទម្លាប់អ្វីខ្លះទៅដែលផ្ដល់ផលប៉ះពាល់គួរឲ្យបារម្ភដល់សុខភាពតម្រងនោម? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់អាក្រក់ដែលអ្នកគួរបញ្ឈប់ភ្លាម មុននឹងអ្វីៗហួសពេល ៖
១. ទប់នោមយូរ
ការទប់នោមយូរ គឺជាមូលហេតុចម្បងនៃបញ្ហាតម្រងនោម។ ប្រសិនបើអ្នកឧស្សាហ៍ទប់នោម នោះទឹកនោមនឹងត្រូវស្ថិតនៅក្នុងផ្លោកនោមយូរ ហើយបាក់តេរីចាប់ផ្ដើមលូតលាស់កាន់តែលឿន។ នៅទីបំផុតវាអាចបណ្ដាលឱ្យកើតមានផលវិបាកធ្ងន់ធ្ងរមួយចំនួនដូចជា ការឆ្លងមេរោគក្នុងតំរងនោម និងអាការៈនោមទាស់។
២. ទទួលទានទឹកមិនបានគ្រប់គ្រាន់
តម្រងនោម ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ គឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ និងដំណើរការមុខងារត្រឹមត្រូវ។ កង្វះជាតិទឹកអាចនាំអោយមានលំហូរឈាមតិចទៅតម្រងនោម។ ជាលទ្ធផលឈាមនឹងប្រែជាខាប់បង្កផលប៉ះពាល់ដល់សមត្ថភាពនៃតម្រងនោមក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។ ថាតើអ្នកអាចដឹងបានថាខ្លួនឯងទទួលទានទឹកបានគ្រប់គ្រាន់ឬនៅបែបណាទៅ? ងាយណាស់ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល ហើយទឹកនោមដែលមានពណ៌ដិតណាមួយនោះអាចជារោគសញ្ញានៃបញ្ហាខូចតម្រងនោម។
៣. ទទួលទានអំបិលច្រើនពេក
ការទទួលទានអំបិល ឬអាហារប្រៃច្រើនពេកជាប្រចាំ គឺមិនល្អសោះឡើយចំពោះតម្រងនោម ក៏ដូចជាសុខភាពរាងកាយទាំងមូល។ តម្រងនោមបំបែកជាតិសូដ្យូមប្រមាណ ៩៥% ពីអាហារដែលអ្នកទទួលទាន។ នេះមានន័យថាការទទួលទានអាហារជាតិអំបិលច្រើននឹងធ្វើអោយតម្រងនោមទទួលបន្ទុកលើសកម្រិត។ មិនយូរប៉ុន្មានតម្រងនោមចាប់ផ្ដើមចុះខ្សោយប៉ះពាល់សមត្ថភាពមុខងារ ហើយបង្កើនការស្ដុកទុកសារធាតុរាវ។
៤. ទទួលទានថ្នាំបំបាត់ការឈឺចាប់ច្រើនពេក ឬជាប្រចាំ
មនុស្សមួយចំនួនប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជាប្រចាំដើម្បីកាត់បន្ថយការហើម, ក្ដៅខ្លួន និងគ្រប់គ្រងការឈឺចាប់។ ទោះជាយ៉ាងណា ទម្លាប់នៃការទទួលទានថ្នាំប្រភេទនេះ គឺមិនល្អសោះឡើយចំពោះតម្រងនោម។ ហើយអ្នកក៏មិនគួរទទួលទានថ្នាំបំបាត់ការឈឺចាប់ ដើម្បីបំបាត់ការឈឺចាប់តិចតួចឡើយ។ ការទទួលទានថ្នាំនេះជាប្រចាំអាចបណ្ដាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ហើយវាក៏បង្កផលប៉ះពាល់គួរឲ្យព្រួយបារម្ភលើមុខងារនៃតម្រងនោមផងដែរ។
៥. ទទួលទានជាតិប្រូតេអ៊ីនច្រើនពេក
រាងកាយត្រូវការប្រូតេអ៊ីន ប៉ុន្តែមិនមែនច្រើនពេកឡើយ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម។ ហើយការទទួលទានជាតិប្រតេអ៊ីនចេញពីសាច់សត្វច្រើនពេកបង្កើតជាតិអាស៊ីតក្នុងឈាមដែលបណ្ដាលឱ្យកើតជំងឺ acidosis ស្ថានភាពមួយដែលតម្រងនោមរបស់អ្នកមិនអាចរក្សាកម្រិត pH ក្នុងរាងកាយឱ្យមានតុល្យភាពបាន។ យូរទៅបញ្ហានេះបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមរ៉ាំរ៉ៃ។
៦. ទទួលទានគ្រឿងស្រវឹងច្រើន
ប្រសិនបើអ្នកឧស្សាហ៍ទទួលទានគ្រឿងស្រវឹងច្រើនលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី និង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃបញ្ហាតម្រងនោមមិនខានឡើយ។
៧. ទទួលទានស្ករច្រើនពេក
ក្រៅពីអំបិល ស្ករក៏អាចបង្កបញ្ហាតម្រងនោមផងដែរ។ ការទទួលទានស្ករច្រើនពេកអាចបណ្ដាលឱ្យកើតមានបញ្ហាសម្ពាធឈាមឡើងខ្ពស់បង្កជំងឺធាតុជ្រុល និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។ ជំងឺទាំងនេះក៏ផ្ដល់ផលប៉ះពាល់ដល់តម្រងនោមធ្វើឱ្យខ្សោយតម្រងនោមផងដែរ។ ដូច្នេះអ្នកមិនគួរទទួលទានអំបិលលើសពី ៣.៧៥ ក្រាមក្នុងមួយថ្ងៃ ឬលើសពី ២៥ ទៅ ៣៨ ក្រាមក្នុងមួយថ្ងៃសម្រាប់ស្ករឡើយ
៨. ជក់បារី
ការជក់បារី គឺមិនត្រឹមតែបង្កបញ្ហាដល់តម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង! នោះក៏ព្រោះតែការជក់បារីអាចបង្កជំងឺលើសសម្ពាធឈាមដែលបណ្ដាលអោយមានការកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោម។
៩. ទទួលទានកាហ្វេច្រើនពេក
អ្នកមិនគួរទទួលទានកាហ្វេលើសពី ៣ ពែងក្នុងមួយថ្ងៃឡើយ ប្រសិនបើអ្នកចង់រក្សាបាននូវតម្រងនោមដែលមានសុខភាពល្អ។
១០. គេងមិនបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ គឺសំខាន់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល ក៏ដូចជាតម្រងនោម។ វដ្តនៃការគេង និងភ្ញាក់របស់អ្នកគ្រប់គ្រង ក៏ដូចជាសម្របសម្រួលដល់មុខងារតម្រងនោម ហើយ ជាលិកាសរីរាង្គនេះត្រូវបានបង្កើតឡើងវិញនៅពេលអ្នកកំពុងគេង។ ដូច្នេះប្រសិនបើអ្នកមិនទទួលបានការគេងឱ្យបានគ្រប់គ្រាន់ទេនោះវាហាក់ដូចជាអ្នកកំពុងបង្អាក់ដំណើរការនេះ និងបង្កើនហានិភ័យនៃការខូចតម្រងនោម៕