ជាញឹកញយទឹកអង្ករតែងត្រូវបានគេចាក់ចោល ក៏ព្រោះមានមនុស្សតិចណាស់ដែលដឹងថាវាមានផ្ទុកសម្បូរទៅដោយជាតិរ៉ែសំខាន់ៗដែលល្អចំពោះសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា អ្នកត្រូវលាងអង្ករឱ្យស្អាតអស់ធូលីដី ឬកំទេចកំទីផ្សេងៗជាមុនម្ដងសិន សឹមដាក់ទឹកថ្មីត្រាំអង្ករសម្រាប់រយៈពេល ១៥ នាទី ហើយត្រងយកទឹកអង្ករមកប្រើប្រាស់ជាការស្រេច។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃទឹកអង្ករចំពោះស្បែក និងសក់ ៖
១. ព្យាបាលបញ្ហាសក់ផុយស្រួយ និងស្រអាប់
បន្ទាប់ពីកក់សម្អាតសក់ជាមួយសាប៊ូរួច ចូរចាក់ទឹកអង្ករលើក្បាល ហើយធ្វើការម៉ាស្សាសក់ថ្នមៗ និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសឹន សឹមលាងចេញជាមួយទឹកធម្មតាជាការស្រេច។ ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស និងប្រសើរ ចូរអនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៍។
២. ជួយឱ្យស្បែកមុខសស្អាតទន់រលោង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ទឹកអង្ករជាទឹកលាងសម្អាតមុខដោយជ្រលក់ដុំសំឡី ឬបន្ទះសំឡីក្នុងទឹកអង្ករដែលអ្នកទើបនឹងធ្វើ រួចលាបវាលើមុខ។ បន្ទាប់មកចាប់ផ្ដើមម៉ាស្សាស្បែកមុខថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ អនុវត្តបែបនេះជាប្រចាំ រហូតដល់អ្នកទទួលបានលទ្ធផលគាប់ចិត្ត។
៣. ព្យាបាលការរលាកស្បែកដោយពន្លឺព្រះអាទិត្យ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកអង្ករលើស្បែកដែលទទួលរងផលប៉ះពាល់ ក្រោយពេលលាងសម្អាតជាមួយទឹកត្រជាក់រួច។ វិធីនេះជួយបំបាត់ការឈឺចាប់ និងកាត់បន្ថយស្នាមសន្លាកដែលអាចនឹងកើតមានផងដែរ។
៤. ជាក្រែមបន្ទន់សក់
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកអង្ករជាមួយប្រេងឡាវ៉ែនដឺរឱ្យសព្វចូលគ្នា សឹមលាបល្បាយពេញលើសក់ និងទុកចោលសម្រាប់រយៈពេល ១០ នាទី រួចលាងសម្អាតសក់ចេញជាមួយទឹកត្រជាក់ជាការស្រេច។
៥. ពន្យឺតភាពចាស់តាមវ័យ
ទឹកអង្ករ ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមចាំបាច់ដែលមានអត្ថប្រយោជន៍ណាស់ក្នុងការប្រយុទ្ធប្រឆាំង ឬពន្យឺតភាពចាស់តាមវ័យនៃស្បែក។ ការប្រើប្រាស់ទឹកអង្ករជាប្រចាំនឹងផ្ដល់ឱ្យស្បែកនូវវីតាមីន រួមទាំងជាតិរ៉ែដែលមានប្រសិទ្ធិភាពជួសជុលកោសិការាល់ស្បែកខូចខាត ហើយផ្ដល់ឱ្យស្បែកនូវភាពទន់រលោងស្រស់ស្អាតមិនស្រអាប់៕