ក្មេង​ប្រុស​ដែល​កើត​ជំងឺ​មហារីក​ម្នាក់ បាន​ចេញ​មុខ​តាម​ទូរទស្សន៍​ចិន​សុំ​អង្វរ​ឲ្យ​ម្ដាយ​ត្រលប់​មក​វិញ ក្រោយ​ស្ត្រី​រូប​នោះ​លួច​លុយ​មូលនិធិ​រត់គេច​ខ្លួន។

ក្មេង​ប្រុស​អាយុ ១០​ឆ្នាំ Chengcheng ត្រូវ​បាន​ម្ដាយ​រត់​ចោល​អស់​រយៈ​ពេល​ជាង ១​ខែ និង​ថែម​ទាំង​យក​លុយ​មូល​និធិ​ដែល​ជា​ជំនួយ​សម្រាប់​ព្យាបាល​ជំងឺ​របស់​ខ្លួន​ទៅ​ជាមួយ​ផង។ ក្មេង​ប្រុស​រូប​នេះ បាន​អង្វរ​តាម​ទូរទស្សន៍​ថា “សូម​ត្រលប់​មក​វិញ​មក ម៉ាក់! បើ​ម៉ាក់​ត្រលប់​មក​វិញ ខ្ញុំ​មិន​បន្ទោស​ម៉ាក់ទេ។”

យោងតាម​កាសែត Beijing Youth Daily ឲ្យ​ដឹង​ថា​លុយ​មូលនិធិ​សរុប​មាន​ចំនួន ២២០ ០០០ យ័ន (ជាង ៣៤ ០០០ដុល្លារ) ។ លុយ​ទាំង​នេះ បាន​មក​ពី​ការ​រៃ​អង្គាស​សប្បុរសធម៌​មួយ​បាន​ចំនួន ៦០ ០០០ យ័ន (ជាង ៩ ពាន់​ដុល្លារ) និង​សាលា​របស់​ក្មេង​ប្រុស​នេះ​បាន​បរិច្ចាគ ១៣០ ០០០ យ័ន (ជាង ២ ម៉ឺន​ដុល្លារ) និង​បាន​ការ​ឧបត្ថម្ភ​ពី​ការិយាល័យ​ស៊ីវិល​ចំនួន ៣០ ០០០ យ័ន (ជិត ៥ ពាន់​ដុល្លារ​) ផងដែរ។ លុយ​ទាំង​នេះ ត្រូវ​បាន​ទុក​សម្រាប់​ការ​ចំណាយ​លើ​ការ​ព្យាបាល​របស់​ក្មេង​ប្រុស ហើយ​ម្ដាយ​ជា​អ្នក​ទុក​ដាក់។

គួរ​ឲ្យ​ដឹង​ថា ក្មេង​ប្រុស Chengcheng ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម និង​ខួរ​ឆ្អឹង​កាល​ពី​ខែ វិច្ឆិកា​កន្លង​ទៅ។ ប៉ុន្តែ​ជា​អកុសល ក្មេង​ប្រុស​នេះ​ត្រូវ​ម្ដាយ​បោះ​បង់​ចោល​ហើយ​ថែម​ទាំង​លួច​លុយ​មូលនិធិ​សម្រាប់​ព្យាបាល​ជំងឺ​ទៅ​ជាមួយ​ផង បន្សល់​ឲ្យ​រូប​គេ​បាន​ត្រឹម​អង្វរ​សុំ​ម្ដាយ​ត្រលប់​មក​វិញ​ប៉ុណ្ណោះ៕

សូម​ទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ sabay.com.kh