ជាញឹកញាប់ចំពោះស្ត្រីការបែកញើសនៅពេលយប់ គឺជារឿងធម្មតាបំផុតមួយកំឡុងពេលអស់រដូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាបែកញើសបង្កបញ្ហាគួរឱ្យរំខានក្នុងកំឡុងពេលគេងយប់ដែលភាគច្រើនបណ្ដាលឱ្យគេងមិនបានស្កប់ស្កល់ពី ៧ ទៅ ៩ ម៉ោង។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ដោះស្រាយបញ្ហាបែកញើសពេលយប់ ៖

១. ជៀសវាងការទទួលទានកាហ្វេ

ក៏ព្រោះតែកាហ្វេអ៊ីនបង្កការរំញោចដល់ក្រពេញញើសនោះ ចូរអ្នកជៀសវាងទទួលទានកាហ្វេសូម្បីតែមួយពែង ឬភេសជ្ជៈដទៃទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីននៅរយៈពេលប៉ុន្មានម៉ោងមុនពេលចូលគេង។ ជាពិសេសប្រសិនបើអ្នកឆាប់ប្រតិកម្មទៅនឹងជាតិកាហ្វេអ៊ីនទៀតនោះ ចូរជៀសវាងការទទួលទានភេសជ្ជៈកាហ្វេអ៊ីន ឬកាហ្វេពី ៥ ទៅ ៦ ម៉ោងមុនពេលចូលគេង។

២. ជៀសវាងការទទួលទានគ្រឿងស្រវឹង

ប្រសិនបើអ្នកគិតថា ការទទួលទានគ្រឿងស្រវឹងអាចជួយឱ្យអ្នកឈប់ខ្វល់ខ្វាយពីបញ្ហាបែកញើសពេលយប់នោះ ចូរគិតម្ដងទៀត។ ក្រុមអ្នកជំនាញនិយាយថា ជាតិអាល់កុលធ្វើឱ្យសសៃឈាមរីកធំជិតស្បែកដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ក្ដៅពេញខ្លួន និងបែកញើសកាន់តែច្រើន។ ចំពោះស្ត្រី ជាតិអាល់កុលក្រៅពីធ្វើឱ្យគេងមិនបានស្កប់ហើយនោះ វាក៏ធ្វើឱ្យរោគសញ្ញានៃការអស់រដូវកាន់តែធ្ងន់ធ្ងរនៅថ្ងៃបន្ទាប់ផងដែរ។

៣. ជៀសវាងការទទួលទានអាហារហឹរ

ដើម្បីដោះស្រាយបញ្ហាបែកញើស អ្នកគួរជៀសវាងទទួលទាននូវអាហារ ឬភេសជ្ជៈអ្វីដែលបង្កើនសីតុណ្ហភាពក្នុងរាងកាយដូចជាអ្វីដែលក្ដៅ ឬហឹរ។

៤. បន្ថែមសណ្ដែកសៀងក្នុងរបបអាហារប្រចាំថ្ងៃ

សណ្ដែកសៀង ឬអាហារផ្សំឡើងពីសណ្ដែកសៀង ជួយដោះស្រាយបញ្ហាបែកញើសពេលយប់បានយ៉ាងប្រសើរតាមរយៈសមត្ថភាពទប់ស្កាត់ការធ្លាក់ចុះនៃកម្រិតអ័រម៉ូនអេស្ត្រូសែន។ ទោះជាយ៉ាងកុំទទួលទានច្រើនលើសពេក ជៀសវាងបញ្ហាសុខភាពមិនល្អណាមួយកើតឡើង។

៥. កាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍

ក៏ព្រោះតែភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាកត្តាចម្បងមួយបង្កបញ្ហាបែកញើសពេលយប់ នោះអ្នកគួរតែព្យាយាមអនុវត្តវិធីណាមួយដើម្បីកាត់បន្ថយភាពស្ត្រេសរបស់ខ្លួន។

ប្រសិនបើក្រោយពីអនុវត្តគន្លឹះមួយចំនួនខាងលើរួចហើយ ប៉ុន្តែអាការៈនៃការបែកញើសយប់របស់អ្នកហាក់ដូចជាគ្មានភាពប្រសើរឡើងសោះ ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ក៏ព្រោះវាអាចជារោគសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយ៕