ចង់ដោះស្រាយបញ្ហាសក់ស្ងួតបែកចុង ហើយមិនទន់រលោងស្អាតដោយមិនចាំបាច់ប្រើប្រាស់ផលិតផលមានផ្ទុកសារធាតុគីមីមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! អ្នកអាចដោះស្រាយបញ្ហាសក់ខូចខាតបានយ៉ាងឆាប់រហ័សជាមួយរូបមន្តបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់មួយចំនួន។ ថាតើរូបមន្តទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិ រួមជាមួយរបៀបអនុវត្តងាយៗ ប៉ុន្តែអាចជួយធ្វើឱ្យសក់ប្រែជាស្រស់ស្អាតវិញយ៉ាងឆាប់រហ័ស និងរក្សាបាននូវសុខភាពសក់ល្អរឹងមាំ ៖
១. ម៉ាសផ្សំឡើងពីផ្លែបឺរ និងស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់នៃផ្លែបឺរទុំមួយផ្លែជាមួយស៊ុតមួយគ្រាប់ឱ្យម៉ដ្ឋ។ បន្ទាប់មកលាបល្បាយនេះទៅលើសក់ឱ្យសព្វ ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញច្រើនដងរហូតដល់ជ្រះស្អាតជាការស្រេច។ អនុវត្តឱ្យបាន ១ ដងក្នុងមួយសប្តាហ៍ រហូតដល់ទទួលបានលទ្ធផលជាទីគាប់ចិត្ត ប្រសិនបើអ្នកមានសក់ខូច។
២. ប្រេងអូលីវ
មានប្រសិទ្ធិភាពជួយស្ដារឡើងវិញនូវពន្លឺ និងសំណើមនៃសក់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងអូលីវ ១ ពែងឱ្យក្ដៅឧណ្ហៗ សឹមទុកឱ្យចុះត្រជាក់បន្តិចសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាបឱ្យសព្វពេញសក់។ គ្របសក់ឱ្យជិតជាមួយមួកផ្លាស្ទិកពាក់ងូតទឹកសម្រាប់រយៈពេល ៤៥ នាទី សឹមកក់សម្អាតសក់ជាមួយសាប៊ូកក់សក់ធម្មតាជាការស្រេច។
៣. តែខ្មៅ
ក្រោយពីកក់សក់ និងលាងសម្អាតជាមួយទឹកធម្មតារួចរាល់ ចូរប្រើប្រាស់តែខ្មៅក្ដៅឧណ្ហៗចំនួន ៦០ មីលីលីត្រ លាងសម្អាតម្ដងទៀតជាលើកចុងក្រោយ។ រូបមន្តនេះប្រសើរសម្រាប់អ្នកដែលមានសក់ពណ៌ដាំដែងចាស់។
៤. ល្បាយទឹកខ្មេះផ្លែប៉ោម, ប្រេងអូលីវ និងស៊ុត
លាយផ្នែកពណ៌សនៃស៊ុតចំនួន ៣ គ្រាប់ ជាមួយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេ និងប្រេង
អូលីវចំនួន ២ ស្លាបព្រាបាយ។ កូរលាយឱ្យសព្វ សឹមលាបល្បាយលើសក់ និងគ្របឱ្យជិតសម្រាប់រយៈពេល ៣០ នាទី សឹមកក់លាងសម្អាតចេញដូចធម្មតាជាការស្រេច។ រូបមន្តនេះជួយព្យាបាលសក់ខូច និងរក្សាភាពទន់រលោងមានពន្លឺសម្រាប់សក់ដែលមានសុខភាពល្អស្រាប់។
៥. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺវឹកស៊ុត ១ គ្រាប់ក្នុងចានឱ្យសព្វ ហើយលាបម៉ាស្សាវាលើសក់ និងស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ បន្ទាប់មកគ្របសក់ជាមួយមួយផ្លាស្ទិកពាក់ងូតទឹកសម្រាប់រយៈពេល ២០ នាទី សឹមលាងកក់លាងសម្អាតចេញជាមួយសាប៊ូដូចធម្មតាជាការស្រេច៕