ការទទួលទានអាហារផ្ដេសផ្ដាសនៅពេលមានដំបៅក្រពះអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺចាប់ខ្លាំងពិបាកទ្រាំក្នុងពោះជាក់ជាមិនខាន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រហាយទ្រូង, ចង្អោរចង់ក្អួត, ក្អួត និងហើមពោះ ជាអាការៈគួរឱ្យរំខានផ្សេងទៀតនៃបញ្ហាដំបៅក្រពះ។ ដូច្នេះហើយទើបការដឹងពីអ្វីដែលអ្នកគួរទទួលទាននៅពេលជួបប្រទះបញ្ហាដំបៅក្រពះ គឺពិតជាសំខាន់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមាមប្រសិទ្ធិភាពខ្ពស់ជួយបំបាត់អាការៈនៃបញ្ហាដំបៅក្រពះ ក៏ដូចជាពន្លឿនរយៈពេលជាសះស្បើយ ៖

១. ផ្លែឈើមានផ្ទុកជាតិអាស៊ីតទាប

ពិតណាស់ដែលផ្លែឈើល្អសម្រាប់អ្នកជំងឺដំបៅក្រពះ ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ, សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃ។ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានផ្លែឈើដែលមានផ្ទុកជាតិអាស៊ីតខ្ពស់ឡើយ ក៏ព្រោះវាអាចបណ្ដាលឱ្យស្ថានភាពនៃដំបៅក្រពះកាន់តែអាក្រក់ឡើង។ ហើយផ្លែឈើដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃមានដូចជា ផ្លែគីវី, ចេក, ទំពាំងបាយជូរ, ប៉ោម, សេរ៊ី, បឺរី, ផ្លែបឺរ, ល្ហុង និងត្រសក់ស្រូវ។

២. ទឹកឃ្មុំឆៅ

ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹមហើយនោះ ទឹកឃ្មុំ ក៏មានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីផងដែរ។ ដូច្នេះហើយទើបទឹកឃ្មុំប្រសើរក្នុងការព្យាបាលដំបៅក្រពះដែលបណ្ដាលមកពីបាក់តេរី H. pylori។ អ្នកគួរទទួលទានទឹកឃ្មុំ ១ ស្លាបព្រាបាយនៅពេលព្រឹក និង ១ ស្លាបព្រាបាយទៀតនៅមុនពេលចូលគេង។ អ្នកក៏អាចលាបទឹកឃ្មុំលើនំស្រួយ ឬនំប័ុងដើម្បីទទួលទានផងដែរ។ គ្រាន់តែប្រាកដថា ទឹកឃ្មុំដែលអ្នកទទួលទាននោះ គឺឆៅ និងមិនកែច្នៃ។

៣. បន្លែ Cruciferous

បន្លែប្រភេទ Cruciferous រួមមានផ្កាខាត់ណា, ពន្លកផ្កាស្ពៃ, ស្ពៃក្ដោប និង ផ្កាស្ពៃ ក៏ដូចជាស្ពៃក្រញ៉ាញ់, ឆៃថាវ មានផ្ទុកសម្បូរទៅដោយស្ពាន់ធ័រដែលជាជាតិរ៉ែម្យ៉ាងមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងបន្សាបជាតិពុល។ ការរួមបញ្ចូលបន្លែទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃជួយកម្ចាត់ និងរារាំងរាល់បាក់តេរីដែលបង្កបញ្ហាដំបៅក្រពះបានយ៉ាងប្រសើរ។

៤. យ៉ាអួរ

ការទទួលទានយ៉ាអួរជួយបង្កើនបាក់តេរីល្អៗដែលល្អសម្រាប់ទាំងអ្នកមាន ឬគ្មានបញ្ហាដំបៅក្រពះ។ បាក់តេរីល្អជួយកម្ចាត់បាក់តេរី H. pylori  និងពន្លឿនរយៈពេលជាសះស្បើយនៃដំបៅ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរទទួលទានយ៉ាអួរគ្មានជាតិខ្លាញ់ និងគ្មានលាយរសជាតិផ្សេងៗ។

៥. អាហារ​ប្រូតេអ៊ីន និងអាហារផ្សំឡើងពីទឹកដោះគោជាតិខ្លាញ់ទាប

អ្នកត្រូវទទួលទានអាហារប្រូតេអ៊ីនដើម្បីជួយព្យាបាលដំបៅក្នុងក្រពះដែលបង្កការឈឺចាប់។ សាច់គោ និងសាច់ជ្រូកគ្មានខ្លាញ់, សាច់មាន់គ្មានស្បែក ជាប្រភពដ៏ប្រសើរបំផុតនៃប្រូតេអ៊ីន។ ហើយផលិតផលផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ទាប ក៏ប្រសើរបំផុតសម្រាប់អ្នកមានបញ្ហាដំបៅក្រពះផងដែរ។ ដើម្បីឆាប់ជាសះស្បើយ ការកម្រិត ឬកំណត់ការទទួលទានជាតិខ្លាញ់ គឺចាំបាច់ណាស់៕