ខ្លាញ់ត្រង់ក ឬភាគច្រើននៃពួកយើងតែងហៅថា “ណង់ក” គឺស្ថិតនៅក្រោមស្បែកនៃក។ ខ្លាញ់ត្រង់កអាចបណ្ដាលមកពីកត្តាជាច្រើន ប៉ុន្តែមូលហេតុចម្បងនោះ គឺការកើនទម្ងន់ និងជំងឺធាត់ជ្រុល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការកើនឡើងនៃខ្លាញ់ក ក៏អាចជាសញ្ញាមួយនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងការកើនឡើងនូវហានិភ័យនៃបញ្ហាបេះដូង។ ថាតើយើងអាចដោះស្រាយបញ្ហាខ្លាញ់ត្រង់កបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិ និងលំហាត់ប្រាណងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់ខ្លាញ់ត្រង់កបានយ៉ាងឆាប់រហ័ស ៖

១. ប្រទាលកន្ទុយក្រពើ

ជំនួសឱ្យការស្តុកទុកនូវខ្លាញ់ និងកាបូអ៊ីដ្រាត ប្រទាលកន្ទុយក្រពើជួយបំលែងវាទៅជាថាមពលជំនួសវិញ។ ប្រទាលកន្ទុយក្រពើក៏ជម្រុញបង្កើនការផលិតកូឡាជែន និងបង្កើនល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ ១ ពែង ឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃជាប្រចាំ។

២. ការ៉ុត

ជាប្រភពដ៏ប្រសើរនៃជាតិសសៃ និងវីតាមីន A ដែលត្រូវការពេលច្រើនដើម្បីរំលាយធ្វើឱ្យអ្នកឆ្អែតបានយូរ។ ជាលទ្ធផលជួយឱ្យស្រកទម្ងន់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានការ៉ុត ឬទឹកការ៉ុតស្រស់។

៣. ទឹកក្រូចឆ្មារស្រស់

ទឹកក្រូចឆ្មារមានប្រសិទ្ធិភាពជួយកម្ចាត់ជាតិខ្លាញ់បានយ៉ាងប្រសើរ។ វីតាមីន C ដែលមានផ្ទកក្នុងក្រូចឆ្មារជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយបង្កើនការរំលាយអាហារ និងដុតបំផ្លាញខ្លាញ់ដែលលើស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ម្ខាង ចូលក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមទឹកឃ្មុំចូលបន្តិច។ កូរឱ្យសព្វ សឹមទទួលទានរាល់ព្រឹកមុនពេលទទួលទានអាហារពេលព្រឹក។ អនុវត្តរូបមន្តនេះយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។

៤. លំហាត់ប្រាណចង្កា

ជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយកម្ចាត់ខ្លាញ់ត្រង់កបានយ៉ាងឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវទប់ក្បាលឱ្យនៅកណ្ដាលរវាងស្មាទាំងសងខាង។ បន្ទាប់មកអោនចង្កាចុះក្រោម ហើយរុញមុខទៅមុខ រួចបង្វែរក្បាលយឺតទៅខាងឆ្វេង សឹមត្រឡប់មកកណ្ដាល ឬទីតាំងដើមវិញ។ អនុវត្តដូចគ្នាចំពោះផ្នែកខាងស្ដាំ។ ដើម្បីទទួលបានលទ្ធផលប្រសើរ ចូរអនុវត្តលំហាត់ប្រាណនេះឱ្យបានពី ៥ ទៅ ១០ ដងរាល់ថ្ងៃ។

៥. លំហាត់ប្រាណសន្ធឹងក

អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវអង្គុយតម្រង់ខ្នង និងកឱ្យត្រង់។ បន្ទាប់មកបង្វែរក្បាលយឺតៗទៅខាងស្ដាំរហូតដល់អ្នកមានអារម្មណ៍ថាតឹងនៅត្រង់-ក និងស្មា រួចទប់ ឬនៅស្ងៀមក្នុងទីតាំងបែបនេះសម្រាប់រយៈពេលពី ១៥ ទៅ ៣០ វិនាទី សឹមត្រឡប់មកសភាពដើមវិញ។ អនុវត្តដូចគ្នាចំពោះផ្នែកខាងឆ្វេង៕