មូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យកើតមានអាការៈហូរឈាមអញ្ចាញ គឺជំងឺរលាកអញ្ចេញធ្មេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា អ្នកអាចព្យាបាលអាការៈហូរឈាមអញ្ចាញធ្មេញបានយ៉ាងងាយដោយខ្លួនឯងជាមួយរូបមន្តបែបធម្មជាតិមួយចំនួន ប៉ុន្តែប្រសិនបើស្ថានភាពនៃបញ្ហាហាក់ដូចជាមិនប្រសើរឡើងសោះក្រោយពេលអនុវត្ត ចូរកុំប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ព្យាបាលអាការៈហូរឈាមអញ្ចាញ ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងមាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ។
២. ម្ស៉ៅ Baking Soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅ Baking Soda ជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ រួចប្រើប្រាស់ល្បាយនេះលាបម៉ាស្សាលើអញ្ចាញនៅមុនពេលដុសសម្អាតធ្មេញជាការស្រេច។ សមាសធាតុអាល់កាឡាំងនៃម្ស៉ៅ Baking Soda ជួយបន្សាបជាតិអាស៊ីតដែលបង្កបាក់តេរីក្នុងអញ្ចាញ ដូច្នេះអ្នកនឹងជៀសផុតពីបញ្ហាឈាមអញ្ចាញបានយ៉ាងឆាប់រហ័ស។
៣. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ទឹកឃ្មុំមួយចំនួនលើម្រាមដៃ រួចម៉ាស្សាថ្នមៗលើអញ្ចាញ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហាឈាមអញ្ចាញ។ ប៉ុន្តែត្រូវប្រាកដថា អ្នកបានលាបទឹកឃ្មុំលើអញ្ចាញទៀងទាត់។
៤. ទឹកដោះគោ
ជាប្រភពដ៏ប្រសើរនៃវីតាមីន K និងកាល់ស្យូមដែលជួយពង្រឹងសុខភាពអញ្ចាញធ្មេញបញ្ឈប់ការហូរឈាម។ ទទួលទានទឹកដោះគោក្ដៅឧណ្ហៗ ១ ពែង នៅពេលណាដែលអញ្ចាញរបស់អ្នកចាប់ផ្ដើមហូរឈាម។ ធ្វើបែបនេះឱ្យបានយ៉ាងហោចណាស់ ១ ទៅ ២ ដងជាប្រចាំ។ ប៉ុន្តែកុំភ្លេចដុសសម្អាតធ្មេញនៅ ៣០ នាទី ក្រោយទទួលទានទឹកដោះគោផង ដើម្បីជៀសផុតពីបញ្ហាឡើងកំណកកំបោរ និងជំងឺពុកធ្មេញដោយសារជាតិស្ករដែលមានផ្ទុកក្នុងទឹកដោះគោ។
៥. ខ្ពុរសម្អាតមាត់ជាមួយទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្ដៅឧណ្ហៗជាមួយអំបិល រួចកូរឱ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកអំបិលនេះ។ អនុវត្តរូបមន្តនេះឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ អំបិលមានផ្ទុកលក្ខណៈសម្បត្តិជាថ្នាំសម្លាប់មេរោគ និងប្រឆាំងការរលាកដែលជួយកាត់បន្ថយអាការៈហើម និងហូរឈាមអញ្ចាញ៕