មិនមែនមានតែអាហារប៉ុណ្ណោះទេដែលជួយទប់ស្កាត់ជំងឺរលាកសន្លាក់ ប៉ុន្តែភេសជ្ជៈមួយចំនួនក៏ធ្វើឱ្យអ្នកអាចជៀសផុតពីជំងឺនេះបានយ៉ាងប្រសើរផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើភេសជ្ជៈអ្វីខ្លះទៅដែលអាចទប់ស្កាត់ ក៏ដូចជាកាត់បន្ថយអាការៈនៃជំងឺរលាកសន្លាក់បាន? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈពិសេសៗទាំងនោះ ៖
១. ទឹកផ្លែឈើស្រស់
ទឹកប៉េងប៉ោះស្រស់, ទឹកក្រូចស្រស់ និងទឹកម្នាស់ស្រស់ គឺសុទ្ធតែមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់នូវរាល់រ៉ាឌីកាល់សេរីទប់ស្កាត់ការរលាកក្នុងរាងកាយ។ ចំណែកឯទឹកឈើរីស្រស់វិញមានប្រសិទ្ធិភាពកាត់បន្ថយរលាកសន្លាក់ឆ្អឹង និងទប់ស្កាត់ប្រឆាំងជំងឺរលាកសន្លាក់ហ្គោដ។
២. ទឹកដោះគោស្រស់
ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម និងវីតាមីន D ជួយបង្កើនសុខភាពឆ្អឹង និងសន្លាក់ល្អប្រសើរទប់ស្កាត់ជំងឺរលាកសន្លាក់ហ្គោដ រួមទាំងជំងឺរលាកសន្លាក់ឆ្អឹង។ ជ្រើសរើសទទួលទានទឹកដោះគោមានជាតិខ្លាញ់ទាប ដើម្បីជៀសផុតពីជាតិខ្លាញ់ឆ្អែត និងកាឡូរីដែលមិនល្អចំពោះសុខភាពរាងកាយ។
៣. ស្រាក្រហម
មានផ្ទុកសារធាតុម្យ៉ាងហៅថា resveratrol ជួយប្រយុទ្ធប្រឆាំងនឹងការរលាក។ ការទទួលទានស្រាក្រហមជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់បានយ៉ាងប្រសើរ។ ប៉ុន្តែអ្នកត្រូវទទួលទានវាក្នុងកម្រិតមធ្យម គឺ ១ កែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង ២ កែវ សម្រាប់បុរស។
៤. តែ
មិនថា តែស, បៃតង ឬខ្មៅ គឺសុទ្ធតែជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដូច្នេះដើម្បីជៀសផុត ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ ចូរទទួលទានតែជាប្រចាំ។
៥. ទឹក
ការទទួលទានទឹកធម្មតាឱ្យបានគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់ប្រយុទ្ធប្រឆាំងទប់ទល់នឹងការរលាក, កម្ចាត់ជាតិពុល និងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ដូច្នេះចូរទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ៕