ទឹកក្រូចឆ្មារ ជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយ ហើយភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទាន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពរាងកាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ប្រសិនបើអ្នកព្យាយាមទទួលទានទឹកក្រូចឆ្មារសម្រាប់រយៈពេល ៧ ថ្ងៃជាប់គ្នា រឿងរ៉ាវអស្ចារ្យមួយចំនួននឹងកើតឡើងចំពោះរាងកាយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានទឹកក្រូចឆ្មារ ៖
១. ដោះស្រាយ និងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ
ជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ អ្នកគួរទទួលទានទឹកឱ្យបានពី ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃជាប្រចាំ។ ប្រសិនបើអ្នកធុញនឹងទទួលទានទឹកសាបរាល់ថ្ងៃ នោះអ្នកគួរបន្ថែមក្រូចឆ្មារចូលបានដើម្បីបង្កើនរសជាតិ ហើយអាចទទួលទានទឹកបានកាន់តែច្រើន។ ជាលទ្ធផលអ្នកនឹងអាចដោះស្រាយ ក៏ដូចជាទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយបានយ៉ាងងាយ ហើយឆាប់រហ័ស។
២. ខ្យល់ដង្ហើមស្រស់ថ្លា
ទឹកក្រូចឆ្មារ មានប្រសិទ្ធិភាពបំបាត់ក្លិនមិនល្អបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកក្រូចឆ្មារ ប្រសិនបើអ្នកមានបញ្ហាក្លិនមាត់មិនល្អបណ្ដាលមកពីការទទួលទានអាហារក្លិនខ្លាំងផ្សេងៗ។
៣. ប្រភពដ៏ប្រសើរនៃវីតាមីន C
ក្រូចឆ្មារ មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មាឥទ្ធិពលជួយទប់ស្កាត់ និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗ។ វីតាមីន C ក៏មានប្រសិទ្ធិភាពជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺសសៃឈាមបេះដូង, បញ្ហាសម្ពាធឈាមឡើងខ្ពស់ និងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។
៤. បង្កើនការរំលាយអាហារ
ការទទួលទានទឹកក្រូចឆ្មារ ១ កែវ រាល់ព្រឹកជាប្រចាំជួយទប់ស្កាត់បញ្ហាទល់លាមកប្រកបដោយប្រសិទ្ធិភាព។ លើសពីនេះទៅទៀត ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ១ កែវនៅពេលអ្នកក្រោកពីគេងជួយបង្កើនចលនាប្រព័ន្ធរំលាយអាហារឱ្យរំលាយអាហារបានកាន់តែងាយ ព្រមទាំងបន្សាបជាតិពុលផ្សេងៗក្នុងរាងកាយទៀតផង។
៥. ជួយឱ្យស្រកទម្ងន់
សារធាតុ polyphenol ដែលមានផ្ទុកក្នុងក្រូចឆ្មារជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយជៀសផុតពីជំងឺធាត់ជ្រុល។ ហើយជាទូទៅរូបមន្តសម្រកទម្ងន់បែបធម្មជាតិនេះតម្រូវឲ្យអ្នកទទួលទានទឹកក្រូចឆ្មាររៀងរាល់ព្រឹកមុនពេលទទួលទានអាហារ ឬភេសជ្ជៈអ្វីផ្សេង សូម្បីតែទឹកធម្មតា។
៦. បង្កើនសុខភាពស្បែក
វីតាមីន C ដែលមានក្នុងក្រូចឆ្មារជួយការពារស្បែកពីភាពចាស់មុនវ័យ ក៏ដូចជាកាត់បន្ថយស្នាមជ្រីវជ្រួញ និងការបំផ្លាញពីពន្លឺព្រះអាទិត្យ។
៧. ទប់ស្កាត់គ្រួសក្នុងតម្រងនោម
អាស៊ីតស៊ីទ្រិកដែលមានក្នុងទឹកក្រូចឆ្មារជួយទប់ស្កាត់បញ្ហាគ្រួសក្នុងតម្រងនោមបានយ៉ាងប្រសើរ។ ស៊ីត្រាតដែលជាសមាសធាតុមួយនៃអាស៊ីតស៊ីទ្រិកធ្វើឱ្យទឹកនោមមិនសូវមានជាតិអាស៊ីត និងថែមទាំងអាចបំបែកគ្រួសតូចៗក្នុងតម្រងនោមទៀត។ ការទទួលទានទឹកក្រូចឆ្មារមិនត្រឹមតែធ្វើឱ្យអ្នកទទួលបាននូវស៊ីត្រាតគ្រប់គ្រាន់ឡើយ ប៉ុន្តែក៏ផ្ដល់ឱ្យរាងកាយនូវជាតិទឹកស្របតាមតម្រូវការដើម្បីទប់ស្កាត់ ឬកម្ចាត់ចោលនូវគ្រួសផងដែរ៕