បញ្ហាបេះដូងបានបណ្ដាលឲ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ ទាំងបុរស និងស្ត្រី គឺអាចទទួលរងគ្រោះដោយជំងឺបេះដូងតាមរយៈមូលហេតុផ្សេងៗជាច្រើនដែលផ្សារភ្ជាប់ជាមួយនឹងរបៀបរបបនៃការរស់នៅរបស់ពួកគេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ដោយអាការៈ ឬរោគសញ្ញាដាស់តឿនជាច្រើនត្រូវបានរាងកាយបញ្ជូនមកកាន់ពួកយើង ដើម្បីបង្ហាញប្រាប់អំពីស្ថានភាពខុសប្រក្រតីនៃបេះដូង ហើយយើងមិនគួរធ្វេសប្រហែសមិនអើពើឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីសញ្ញាទូទៅបំផុតមួយចំនួនដែលលេចឡើង ប្រសិនបើបេះដូងកំពុងជួបប្រទះនូវបញ្ហា ៖

១. ការឈឺចាប់រាលដាលទៅដៃ

បុរសភាគច្រើនជួបប្រទះនូវអាការៈឈឺចាប់នៅដៃខាងឆ្វេងរបស់ពួកគេ ខណៈដែលស្ត្រីឈឺចាប់ដូចគ្នានៅដៃម្ខាង ឬទាំងសងខាង។ ស្ត្រីមួយចំនួនបាននិយាយផងដែរថា ពួកគេឈឺខុសប្រក្រតីនៅត្រង់កែងដៃ នៅមុនពេលគាំងបេះដូង។ បញ្ហានេះកើតឡើងដោយសារការឈឺចាប់ពីបេះដូងធ្វើដំណើរទៅកាន់ខួរឆ្អឹងខ្នងកន្លែងដែលសសៃប្រសាទនៃរាងកាយត្រូវបានផ្សារភ្ជាប់គ្នា ហើយខួរក្បាលយល់ច្រឡំ និងគិតថាដៃរបស់អ្នកឈឺចាប់។

២. ក្អកមិនឈប់

ការក្អកអាចកើតចេញពីបញ្ហាផ្សេងៗ ហើយវាក៏អាចជាសញ្ញានៃជំងឺសរសៃឈាមបេះដូងផងដែរ។ ការក្អកជាប់រហូត ហើយថែមទាំងបង្កើតជាជាតិរាវពណ៌ផ្កាឈូក និងមានឈាម គឺរោគសញ្ញាទូទៅបំផុតមួយនៃជំងឺខ្សោយបេះដូង។ ទោះជាយ៉ាងណាក៏ដោយ ការក្អក គឺជារោគសញ្ញារង ឬបន្ទាប់បន្សំនៃរោគសញ្ញាធ្ងន់ធ្ងរជាច្រើនផ្សេងទៀតដែលអាចជាការពិបាកក្នុងការដកដង្ហើម និងការបាត់បង់ដង្ហើមភ្លាមៗ។

៣. ហើមជើង, កជើង និងប្រអប់ជើង

នៅពេលបេះដូងរបស់អ្នកលោតមិនបានល្អ ឬត្រឹមត្រូវ នោះសារធាតុរាវពីក្នុងសសៃឈាមនឹងហៀរចូលទៅជុំវិញជាលិកា ហើយជើង និងប្រអប់ជើងរបស់អ្នក គឺជាកន្លែងដែលងាយនឹងរងគ្រោះបំផុត។ បញ្ហានេះត្រូវបានគេហៅថា ជំងឺហើមផ្នែកខាងចុង (peripheral edema) ហើយមនុស្សដែលកើតជំងឺហើមនេះ គឺមិនមានជំងឺបេះដូងឡើយ។ ប៉ុន្តែទោះជាយ៉ាងណា វានៅតែជារោគសញ្ញាទូទៅបំផុតមួយក្នុងចំណោមអ្នកជំងឺបេះដូងជាច្រើនហើយអ្នកគួរយកចិត្តទុកដាក់ឲ្យបានមែនទែន។

៤. បាត់បង់ចំណង់អាហារ និងមានអារម្មណ៍ចង់ក្អួត

អ្នកជំងឺភាគច្រើនដែលរងគ្រោះដោយសារជំងឺបេះដូង គឺតែងទទួលរងនូវបញ្ហាបាត់បង់ចំណង់អាហារ និងចង្អោរចង់ក្អួត ទោះបីជាពួកគេទើបតែទទួលទានបានប៉ុន្មានម៉ាត់ក៏ដោយ។ មូលហេតុនៃបញ្ហានេះ គឺដោយសារសារធាតុរាវត្រូវបានបង្កើតឡើងនៅជុំវិញថ្លើមនិងពោះវៀនដែលរំខានដល់ការរំលាយអាហារបានត្រឹមត្រូវ។ រោគសញ្ញាទាំងនេះជាធម្មតាមានអមមកជាមួយនឹង ការឈឺចាប់ក្នុងពោះ ហើយប្រសិនបើអ្នកជួបប្រទះនូវអាការៈទាំងនេះរួមគ្នា អ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។

៥. កម្រិតនៃការថប់បារម្ភកើនឡើងខ្លាំងខុសប្រក្រតី

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អ្នកដែលជួបប្រទះនូវបញ្ហាថប់បារម្ភខ្លាំងនៅក្នុងវ័យក្មេង គឺងាយនឹងកើតជំងឺបេះដូង។ ឥទ្ធិពលមួយចំនួននៃការថប់បារម្ភទៅលើស្ថានភាពបេះដូងរួមមាន ជំងឺ tachycardia (ចង្វាក់បេះដូងលោតលឿន) សម្ពាធឈាមឡើងខ្ពស់ និងអត្រាចង្វាក់បេះដូងថយចុះ។

៦. បាត់បង់ស្មារតី ឬសន្លប់

មានអារម្មណ៍ធីងធោងស្រាលខ្លួន ហើយសន្លប់បាត់ស្មារតី គឺកើតមានជាទួទៅក្នុងចំណោមអ្នកជំងឺបេះដូង។ នៅពេលបេះដូងដំណើរការមិនប្រក្រតីនោះក៏ព្រោះតែលំហូរឈាមត្រូវបានរារាំងពីសសៃឈាមដែលស្ទះ ឬរួមតូច។ ប្រសិនបើអ្នកធ្លាប់ជួបប្រទះនូវបញ្ហាដកដង្ហើមបានខ្លី ហើយសន្លប់ក្នុងរយៈពេលខ្លីមួយនោះ អ្នកត្រូវប្រញាប់ទំនាក់ទំនងទៅកាន់គ្រូពេទ្យភា្លម។

៧. ស្បែកប្រែជាស្លេក ឬមានពណ៌ជាំខៀវ

វាមិនមែនជារោគសញ្ញាទូទៅបំផុតមួយឡើយ ប៉ុន្តែនៅពេលវាលេចឡើងនោះ គឺបណ្ដាលមកពីការថយចុះនូវលំហូរឈាម, ការថយចុះនូវចំនួនកោសិកាគ្រាប់ឈាមក្រហម និងអាចជាសញ្ញាមួយបង្ហាញថាបេះដូងដំណើរការមិនប្រក្រតី។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសម្គាល់ឃើញស្បែកប្រែជាស្លេកស្លាំង កុំប្រញាប់ស្លន់ស្លោ។ អ្វីដែលអ្នកគួរធ្វើ គឺទៅជួបពិនិត្យជាមួយគ្រូពេទ្យដើម្បីដឹងថាតើវាគ្រាន់តែកើតឡើងដោយសារភាពភិតភ័យ ឬក៏ព្រោះតែជំងឺខ្វះគ្រាប់ឈាមក្រហម៕