នរណាក៏ចង់បានសក់ស្អាត ហើយរឹងមាំគ្រប់ពេលដែរ ប៉ុន្តែដោយសារភាពរវល់ធ្វើឱ្យមនុស្សភាគច្រើនមិនគ្មានពេលថែរក្សាសក់បានត្រឹមត្រូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាមួយទៀតនោះ គឺការមិនដឹងពីរបៀបអនុវត្តរូបមន្តបែបធម្មជាតិដើម្បីរក្សាសក់។ ខណៈដែលការប្រើប្រាស់ផលិតថែរក្សាសក់ផ្សេងៗដែលមានក្នុងទីផ្សារមួយចំនួនធំមានផ្ទុកសារធាតុគីមីផ្ដល់ផលប៉ះពាល់ដល់សុខភាព ក៏ដូចជាធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងផងដែរពេលខ្លះ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗក្នុងការថែរក្សាសក់ដែលអ្នកមិនគួរមើលរំលង ៖

១. ខ្ទិះដូង

អ្នកប្រហែលជាធ្លាប់ប្រើប្រាស់ខ្ទិះដូងយកមកចម្អិនអាហារ ប៉ុន្តែធ្លាប់គិតទេថាវាក៏ល្អសម្រាប់សុខភាពសក់របស់អ្នកដែរ? ចំពោះអ្នកដែលមានសក់ស្ងួត និងស្រអាប់ រូបមន្តខ្ទិះដូង គឺប្រសើរបំផុត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ខ្ទិះដូងជាក្រែមបន្ទន់ដោយលាបលើសក់ក្រោយពេលអ្នកកក់សក់ជាមួយសាប៊ូរួច។

២. លាងសម្អាតសក់ជាមួយទឹកត្រជាក់

អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ទឹកត្រជាក់លាងសម្អាតសក់នៅពេលចុងក្រោយបង្អស់ បន្ទាប់ពីកក់ និងលាបក្រែមបន្ទន់រួច។ វិធីនេះជួយទប់ស្កាត់ការបាត់បង់ជាតិសំណើមនៃសក់ និងការបំផ្លាញដោយកម្ដៅ។

៣. ស៊ុត

ដោយមិនគិតពីប្រភេទនៃសក់ អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលាបស៊ុតលើសក់ ក៏ព្រោះផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន រួមទាំងខ្លាញ់ដែលមានលក្ខណៈសម្បត្តិផ្ដល់ និងរក្សាសំណើម។ ផ្នែកពណ៌សនៃស៊ុតប្រសើរចំពោះអ្នកដែលមានសក់ឡើងប្រេងខ្លាំង។ ប្រសិនបើអ្នកមានសក់ធម្មតា គឺអាចប្រើស៊ុតទាំងមូលបាន។ ហើយចំពោះអ្នកដែលមានសក់ស្ងួត និងបែកចុងវិញ គួរប្រើផ្នែកពណ៌លឿននៃស៊ុត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកឱ្យសព្វនូវជម្រើសណាមួយនៃស៊ុត រួចលាបលើសក់ និងស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។

៤. ប្រេងអូលីវ

ប្រើប្រាស់ប្រេងអូលីវដើម្បីធ្វើឱ្យសក់រឹងមាំ និងមានពន្លឺ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងអូលីវបន្តិច រួចលាបវាលើសក់។

៥. ប្រទាលកន្ទុយក្រពើ

សក់ប្រែជាស្ងួត និងស្រអាប់ ក៏ព្រោះតែកង្វះនៃជាតិសំណើម។ អ្វីដែលអ្នកត្រូវធ្វើដើម្បីដោះស្រាយបញ្ហានេះ គឺគ្រាន់តែលាបទឹកប្រទាលកន្ទុយក្រពើស្រស់លើសក់ជាការស្រេច។ ទុកចោលមួយស្របក់ សឹមលាងសម្អាតចេញ៕