យោងតាមការចុះផ្សាយពីប្រភពបរទេស ការមានជីវិតផ្លូវភេទល្អមិនមែនអាស្រ័យលើយុវវ័យ រូបរាង ឬកម្លាំងរាងកាយតែមួយមុខនោះទេ។ អ្នកជំនាញផ្នែកផ្លូវភេទ និងទំនាក់ទំនងគូស្នេហ៍បានបង្ហាញថា មនុស្សដែលនៅតែមានជីវិតផ្លូវភេទពេញចិត្ត ទោះអាយុកាន់តែច្រើនក៏ដោយ តែងមានទម្លាប់សំខាន់ៗ៨យ៉ាង ដែលអាចជួយរក្សាភាពស្និទ្ធស្នាល និងសុភមង្គលក្នុងជីវិតគូ។
ទម្លាប់ទី១ មានគំនិតវិជ្ជមាន និងទទួលយកការប្រែប្រួលរបស់រាងកាយតាមវ័យ។ ទី២ ចេះនិយាយគ្នាដោយបើកចំហជាមួយដៃគូ អំពីតម្រូវការ និងអារម្មណ៍របស់ខ្លួន។ ទី៣ ចេះសម្របខ្លួន និងផ្លាស់ប្តូររបៀបបង្ហាញភាពស្និទ្ធស្នាលឱ្យសមស្របនឹងស្ថានភាពរាងកាយ ព្រោះតម្រូវការផ្លូវភេទអាចខុសពីពេលនៅក្មេង។
ទម្លាប់ទី៤ គឺថែរក្សាសុខភាពជាប្រចាំ តាមរយៈការបរិភោគអាហារមានជីវជាតិ ហាត់ប្រាណ និងគេងឱ្យបានគ្រប់គ្រាន់ ដោយមិនចាំបាច់ខ្វល់ខ្វាយខ្លាំងពេកពីការចង់រក្សាភាពក្មេងជានិច្ច។ ទី៥ យកចិត្តទុកដាក់លើភាពស្និទ្ធស្នាលផ្លូវចិត្ត ដូចជា ការស្រឡាញ់ ការគោរព និងការឱ្យតម្លៃគ្នាទៅវិញទៅមក ព្រោះអារម្មណ៍កក់ក្តៅអាចជួយបង្កើនចំណង់ផ្លូវភេទបាន។
ទម្លាប់ទី៦ គឺកុំដាក់សម្ពាធលើខ្លួនឯងថា ការរួមភេទត្រូវតែបញ្ចប់តាមរបៀបណាមួយ ឬត្រូវតែទទួលបានភាពសុខស្រួលដល់កម្រិតជាក់លាក់។ ទី៧ រក្សាចំណង់ចង់ស្វែងយល់ និងបង្កើតអ្វីថ្មីៗក្នុងទំនាក់ទំនង ដូចជា ការចែករំលែកបំណងប្រាថ្នា និងផ្លាស់ប្តូររបៀបបង្ហាញភាពស្និទ្ធស្នាល ដោយគោរពការយល់ព្រមរបស់គ្នាទៅវិញទៅមក។ ទី៨ រក្សាសុខភាពរាងកាយ និងផ្លូវចិត្តឱ្យបានល្អ ព្រោះជំងឺ ភាពតានតឹង និងបញ្ហាជីវិតប្រចាំថ្ងៃអាចប៉ះពាល់ដល់ចំណង់ និងសមត្ថភាពផ្លូវភេទ។
សរុបមក ជីវិតផ្លូវភេទដែលមានសុភមង្គលមិនមែនសំដៅលើការមានកម្លាំងខ្លាំង ឬនៅក្មេងជានិច្ចនោះទេ ប៉ុន្តែស្ថិតនៅលើការយល់ចិត្តគ្នា ការប្រាស្រ័យទាក់ទងល្អ ការសម្របខ្លួន និងការយកចិត្តទុកដាក់ចំពោះគ្នា។ ការរក្សាភាពស្និទ្ធស្នាល និងការគោរពតម្រូវការរបស់ដៃគូ គឺជាគន្លឹះសំខាន់ក្នុងការធ្វើឱ្យជីវិតគូមានសុភមង្គល និងពេញចិត្តបានយូរអង្វែង៕