យោងតាមការចុះផ្សាយពីប្រភពបរទេស ការដែលសក់កាន់តែស្តើង និងបាត់បង់ភាពក្រាស់ ទោះមិនមានសក់ជ្រុះច្រើនក៏ដោយ អាចជាសញ្ញានៃបញ្ហាសុខភាពសក់ដែលមនុស្សជាច្រើនមិនបានចាប់អារម្មណ៍។ ជាទូទៅ មនុស្សម្នាក់អាចជ្រុះសក់ប្រហែល៥០ទៅ១០០សរសៃក្នុងមួយថ្ងៃ ប៉ុន្តែការស្តើងសក់អាចកើតឡើងដោយសារឫសសក់រួញតូច និងផលិតសរសៃសក់ថ្មីដែលស្តើងជាងមុន ធ្វើឱ្យស្បែកក្បាលមើលឃើញកាន់តែច្បាស់។
មូលហេតុសំខាន់ៗមាន៥យ៉ាង រួមមាន ទី១ បញ្ហាតំណពូជ និងអ័រម៉ូនដែលធ្វើឱ្យឫសសក់រួញតូច និងសរសៃសក់កាន់តែស្តើង។ បុរសច្រើនចាប់ផ្តើមស្តើងសក់នៅតំបន់ថ្ងាស និងក្បាលខាងលើ ខណៈស្ត្រីច្រើនស្តើងសក់តាមបណ្តោយកណ្តាលក្បាល។ ទី២ ការប្រែប្រួលអ័រម៉ូន ដូចជាក្រោយសម្រាលកូន ពេលអស់រដូវ ឬបញ្ហាក្រពេញទីរ៉ូអ៊ីត។ ទី៣ ការកើនឡើងនៃអាយុ ដែលអាចធ្វើឱ្យសរសៃសក់លូតលាស់យឺត និងបាត់បង់ភាពក្រាស់បន្តិចម្តងៗ។
ទី៤ កង្វះសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន ជាតិដែក និងស័ង្កសី ដោយសារការបរិភោគអាហារមិនគ្រប់គ្រាន់ ឬការសម្រកទម្ងន់លឿនពេក។ ទី៥ បញ្ហាស្បែកក្បាល ដូចជា អង្គែរលាកស្បែកក្បាល រមាស់ ក្រហម ឬជំងឺស្បែកមួយចំនួន ដែលអាចប៉ះពាល់ដល់ឫសសក់ និងធ្វើឱ្យសក់ដុះខ្សោយ ឬជ្រុះ។
សញ្ញាដែលគួរចាប់អារម្មណ៍មានដូចជា សរសៃសក់ថ្មីដុះមកស្តើងជាងមុន ស្បែកក្បាលចាប់ផ្តើមមើលឃើញច្បាស់ តំបន់សក់ចែកកណ្តាលកាន់តែធំ និងពេលចងសក់មានអារម្មណ៍ថាសក់តិចជាងមុន។ ប្រសិនបើសក់ស្តើងលឿន សក់ជ្រុះជាដុំៗ ឬស្បែកក្បាលក្រហម រមាស់ និងឈឺចាប់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុ។
ដើម្បីថែរក្សាសក់ គួរបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ជាពិសេសសាច់ ត្រី ស៊ុត បន្លែ និងគ្រាប់ធញ្ញជាតិដែលផ្តល់ប្រូតេអ៊ីន ជាតិដែក និងស័ង្កសី។ គួរជៀសវាងការសម្រកទម្ងន់លឿនពេក កាត់បន្ថយការប្រើកម្តៅខ្លាំងលើសក់ កុំចងសក់តឹងពេក និងថែរក្សាស្បែកក្បាលឱ្យស្អាត។ ប្រសិនបើសក់ស្តើងដោយសារតំណពូជ ឬអ័រម៉ូន គួរពិគ្រោះជាមួយគ្រូពេទ្យអំពីវិធីព្យាបាលដែលសមស្រប ជាជាងទិញថ្នាំ ឬផលិតផលបណ្តុះសក់ប្រើដោយខ្លួនឯង។
សរុបមក សក់ស្តើងមិនមែនតែងតែបណ្តាលមកពីការជ្រុះសក់ច្រើននោះទេ ប៉ុន្តែអាចជាសញ្ញាបង្ហាញពីការប្រែប្រួលរបស់ឫសសក់ អ័រម៉ូន អាយុ កង្វះសារធាតុចិញ្ចឹម និងបញ្ហាស្បែកក្បាល។ ការសង្កេតឃើញបញ្ហាតាំងពីដំណាក់កាលដំបូង និងស្វែងរកមូលហេតុឱ្យបានត្រឹមត្រូវ អាចជួយពន្យារការស្តើងសក់ និងបង្កើនឱកាសទទួលបានការព្យាបាលសមស្រប៕