យោងតាមការចុះផ្សាយពីប្រភពបរទេស កាហ្វេជាភេសជ្ជៈពេញនិយមដែលជួយឱ្យរាងកាយស្រស់ស្រាយ និងបង្កើនការភ្ញាក់រឭកនៅពេលព្រឹក។ ទោះជាយ៉ាងណា ការផឹកកាហ្វេច្រើនពេក ឬជ្រើសរើសរបៀបផឹកមិនសមស្រប អាចបង្កបញ្ហាដល់សុខភាព ដូចជា បេះដូងលោតញាប់ ថប់បារម្ភ ញ័រដៃ ឈឺក្បាល និងពិបាកគេង។ ដូច្នេះ អ្នកដែលមានទម្លាប់ផឹកកាហ្វេរាល់ថ្ងៃ គួរយកចិត្តទុកដាក់លើចំណុចសំខាន់ៗចំនួន៣។
ចំណុចទី១ កុំផឹកកាហ្វេច្រើនហួសកម្រិត។ តាមការណែនាំរបស់រដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក មនុស្សពេញវ័យដែលមានសុខភាពល្អ ភាគច្រើនអាចទទួលជាតិកាហ្វេអ៊ីនប្រហែល៤០០មិល្លីក្រាមក្នុងមួយថ្ងៃ ដោយមិនសូវបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។ បរិមាណនេះប្រហាក់ប្រហែលនឹងកាហ្វេ២ទៅ៣កែវ ប៉ុន្តែអាស្រ័យលើប្រភេទកាហ្វេ និងរបៀបឆុង។ ចំណុចសំខាន់ គឺ៤០០មិល្លីក្រាមមិនមែនជាបរិមាណដែលមនុស្សគ្រប់គ្នាត្រូវផឹកឱ្យបាននោះទេ ព្រោះមនុស្សម្នាក់ៗមានសមត្ថភាពទទួលជាតិនេះខុសគ្នា។
ចំណុចទី២ ជៀសវាងផឹកកាហ្វេពេលពោះទទេ ជាពិសេសអ្នកដែលមានប្រព័ន្ធរំលាយអាហារងាយរងការរំខាន។ កាហ្វេអាចជំរុញការបញ្ចេញជាតិអាស៊ីតក្នុងក្រពះ ធ្វើឱ្យមានអាការៈចុកពោះ ចង់ក្អួត ពិបាករំលាយអាហារ ឬក្រហាយទ្រូង។ ចំពោះអ្នកមានជំងឺទឹកនោមផ្អែម ជាតិកាហ្វេអ៊ីនក៏អាចប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមក្នុងរយៈពេលខ្លីផងដែរ។ ដូច្នេះ ប្រសិនបើផឹកហើយមានអាការៈមិនស្រួល គួរផ្លាស់ប្តូរទៅផឹកក្រោយអាហារពេលព្រឹកវិញ។
ចំណុចទី៣ កាត់បន្ថយការដាក់ស្ករ ទឹកដោះគោខាប់ និងទឹកស៊ីរ៉ូច្រើនពេក។ ការបន្ថែមគ្រឿងផ្សំផ្អែមទាំងនេះអាចធ្វើឱ្យកាហ្វេមួយកែវមានជាតិស្ករ និងថាមពលកើនឡើងខ្ពស់។ អង្គការសុខភាពពិភពលោកណែនាំឱ្យមនុស្សពេញវ័យ និងកុមារកាត់បន្ថយការទទួលទានស្ករបន្ថែមឱ្យតិចជាង១០ភាគរយនៃថាមពលដែលរាងកាយត្រូវការប្រចាំថ្ងៃ ហើយការកាត់បន្ថយមកតិចជាង៥ភាគរយអាចផ្តល់អត្ថប្រយោជន៍បន្ថែម។ ការទទួលទានស្ករច្រើនជាប្រចាំអាចបង្កើនហានិភ័យធាត់ ជំងឺពាក់ព័ន្ធនឹងការរំលាយអាហារ និងពុកធ្មេញ។
សរុបមក ការផឹកកាហ្វេមិនមែនសុទ្ធតែប៉ះពាល់ដល់សុខភាពនោះទេ ប្រសិនបើចេះកំណត់បរិមាណ និងជ្រើសរើសរបៀបផឹកឱ្យបានត្រឹមត្រូវ។ គួរជ្រើសរើសកាហ្វេដែលមានជាតិស្ករតិច ផឹកក្នុងកម្រិតសមស្រប និងជៀសវាងផឹកនៅពេលល្ងាច ឬជិតម៉ោងចូលគេង។ អ្នកមានជំងឺប្រចាំកាយ ឬកំពុងប្រើថ្នាំមួយចំនួន គួរពិគ្រោះជាមួយគ្រូពេទ្យអំពីបរិមាណកាហ្វេដែលសមស្របនឹងសុខភាពរបស់ខ្លួន៕