យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាសុខភាពក្រោយអាយុ៥០ឆ្នាំ មិនមែនអាស្រ័យលើការសម្រាកឱ្យបានច្រើនតែមួយមុខនោះទេ ប៉ុន្តែការធ្វើចលនារាងកាយជាប្រចាំក៏មានសារៈសំខាន់ដែរ។ ការសិក្សាមួយនៅសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី បានតាមដានទិន្នន័យមនុស្សវ័យកណ្តាល និងវ័យចំណាស់ចំនួន២២.៣៩៨នាក់ ដែលមានអាយុជាមធ្យម៦២ឆ្នាំ រយៈពេល៦,៧ឆ្នាំ ដោយរកឃើញថា អ្នកដែលចំណាយពេលអង្គុយច្រើន និងស្ទើរតែមិនហាត់ប្រាណ មានហានិភ័យស្លាប់ដោយមូលហេតុផ្សេងៗខ្ពស់ជាងអ្នកដែលមានសកម្មភាពរាងកាយទៀងទាត់រហូតដល់៣១ភាគរយ។
ការសម្រាកច្រើនពេក និងអង្គុយយូរមិនសូវធ្វើចលនា អាចធ្វើឱ្យសាច់ដុំចុះខ្សោយ ឆ្អឹងបាត់បង់ភាពរឹងមាំ និងប៉ះពាល់ដល់ចរន្តឈាម។ ផ្ទុយទៅវិញ អ្នកដែលហាត់ប្រាណសមស្របជាប្រចាំ អាចជួយរក្សាកម្លាំងសាច់ដុំ សុខភាពបេះដូង និងសមត្ថភាពធ្វើចលនាបានល្អប្រសើរ។ ដូច្នេះ ការសម្រាកគឺចាំបាច់ ប៉ុន្តែមិនគួរសម្រាកដោយមិនធ្វើចលនារាងកាយអស់រយៈពេលយូរឡើយ។
ការធ្វើចលនារាងកាយជាប្រចាំអាចផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន៣ រួមមាន ជួយដល់បេះដូង និងចរន្តឈាមឱ្យដំណើរការល្អ ជួយរក្សាភាពរឹងមាំនៃសាច់ដុំ និងសន្លាក់ ព្រមទាំងជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យការគេងបានស្រួល។ ចំណែកអ្នកដែលអង្គុយ ឬដេកយូរពេក អាចប្រឈមនឹងការចុះខ្សោយនៃរាងកាយ និងការលំបាកក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ។
សម្រាប់អ្នកដែលមានអាយុលើសពី៥០ឆ្នាំ គួរជ្រើសរើសការហាត់ប្រាណស្រាលៗដូចជា ដើរលឿន ជិះកង់យឺតៗ ហែលទឹក ឬហាត់បន្ធូរសាច់ដុំប្រហែល៣០ទៅ៤០នាទីក្នុងមួយថ្ងៃ និង៥ទៅ៦ថ្ងៃក្នុងមួយសប្តាហ៍ តាមលទ្ធភាពរាងកាយ។ ក្រៅពីនេះ អ្នកដែលអង្គុយមើលទូរទស្សន៍ ឬអានសៀវភៅយូរ គួរក្រោកដើរ និងបន្ធូរសាច់ដុំប្រហែល៥នាទី ក្រោយអង្គុយបាន៥០ទៅ៦០នាទី ដើម្បីកុំឱ្យរាងកាយនៅស្ងៀមយូរពេក។
សរុបមក អាថ៌កំបាំងនៃការថែរក្សាសុខភាពក្រោយអាយុ៥០ឆ្នាំ មិនមែនការដេកសម្រាកពេញមួយថ្ងៃ ឬបង្ខំខ្លួនហាត់ប្រាណខ្លាំងហួសកម្លាំងនោះទេ ប៉ុន្តែគឺការរកតុល្យភាពរវាងការធ្វើចលនា និងការសម្រាកឱ្យបានត្រឹមត្រូវ។ អ្នកមានជំងឺបេះដូង សម្ពាធឈាម ឬបញ្ហាឆ្អឹងនិងសន្លាក់ គួរពិគ្រោះជាមួយគ្រូពេទ្យមុនពេលចាប់ផ្តើម ឬផ្លាស់ប្តូរកម្មវិធីហាត់ប្រាណ ដើម្បីឱ្យសមស្របនឹងសុខភាពរបស់ខ្លួន៕