យោងតាមការចុះផ្សាយពីប្រភពបរទេស តៃជី គឺជាការហាត់ប្រាណដែលមានដើមកំណើតពីប្រទេសចិន ដោយប្រើចលនាយឺតៗ ទន់ភ្លន់ និងបន្តបន្ទាប់គ្នា។ ការហាត់ប្រភេទនេះមិនត្រឹមតែជួយឱ្យអារម្មណ៍ស្ងប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់រាងកាយចំនួន៥យ៉ាង គឺជួយពង្រឹងសាច់ដុំ បង្កើនភាពបត់បែន រក្សាលំនឹងរាងកាយ សម្របសម្រួលចលនា និងជួយឱ្យរាងកាយធ្វើចលនាបានកាន់តែប្រសើរ។
អត្ថប្រយោជន៍ទី១ គឺជួយពង្រឹងកម្លាំងសាច់ដុំ ព្រោះការហាត់តៃជីតម្រូវឱ្យប្រើសាច់ដុំដៃ ជើង និងដងខ្លួន ដើម្បីរក្សាជំហរ និងផ្លាស់ប្តូរទម្ងន់ពីជើងម្ខាងទៅជើងម្ខាងទៀត។ ការសិក្សាជាច្រើនបានបង្ហាញថា ការហាត់ប្រភេទនេះអាចជួយបង្កើនកម្លាំងសាច់ដុំ និងសមត្ថភាពធ្វើចលនារបស់រាងកាយ។
អត្ថប្រយោជន៍ទី២ គឺជួយបង្កើនភាពបត់បែននៃរាងកាយ ដោយសារចលនាតៃជីតម្រូវឱ្យបត់ បង្វិល និងផ្លាស់ទីដៃជើងយ៉ាងទន់ភ្លន់។ អត្ថប្រយោជន៍ទី៣ គឺជួយរក្សាលំនឹងរាងកាយ ព្រោះអ្នកហាត់ត្រូវផ្លាស់ប្តូរជំហរ និងរក្សាលំនឹងនៅពេលឈរ ឬដើរ ដែលអាចមានប្រយោជន៍ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។
អត្ថប្រយោជន៍ទី៤ គឺជួយសម្របសម្រួលចលនារបស់រាងកាយ ដោយត្រូវធ្វើចលនាដៃ ជើង និងដងខ្លួនឱ្យស៊ីគ្នាជាមួយការដកដង្ហើម។ ចំណែកអត្ថប្រយោជន៍ទី៥ គឺជួយបង្កើនសមត្ថភាពធ្វើចលនាប្រចាំថ្ងៃ។ ការសិក្សាមួយដែលពិនិត្យលើមនុស្សវ័យចំណាស់ចំនួន២.៥៨០នាក់ បានរកឃើញថា ការហាត់តៃជីអាចជួយបង្កើនកម្លាំងសាច់ដុំជើង និងសមត្ថភាពធ្វើចលនាបានប្រសើរឡើង។
សម្រាប់អ្នកចង់ចាប់ផ្តើមហាត់ គួរជ្រើសរើសចលនាងាយៗ ហាត់យឺតៗ និងបង្កើនការហាត់បន្តិចម្តងៗក្នុងកន្លែងរាបស្មើដែលមានសុវត្ថិភាព។ ប្រសិនបើមានអាការៈឈឺចាប់ ឬវិលមុខ គួរផ្អាកការហាត់។ អ្នកមានជំងឺបេះដូង ឬបញ្ហាឆ្អឹងនិងសន្លាក់ គួរពិគ្រោះជាមួយអ្នកជំនាញសុខភាពមុនចាប់ផ្តើម។ ទោះតៃជីមិនអាចជំនួសការហាត់ពង្រឹងសាច់ដុំដោយប្រើកម្លាំងទប់ទល់បានទាំងស្រុងក៏ដោយ ក៏វាជាជម្រើសហាត់ប្រាណមួយដែលអាចជួយថែរក្សាកម្លាំង និងភាពបត់បែនរបស់រាងកាយបាន៕