យោងតាមការចុះផ្សាយពីប្រភពបរទេស ការម៉ាស្សាពោះថ្នមៗមុនចូលគេង គឺជាទម្លាប់សាមញ្ញមួយដែលអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជាពិសេសចំពោះមនុស្សវ័យកណ្តាល និងមនុស្សវ័យចំណាស់ដែលតែងជួបបញ្ហាហើមពោះ ណែនពោះ ឬទល់លាមក។ ការម៉ាស្សាពោះប្រហែល៥នាទី អាចជួយឱ្យសាច់ដុំពោះធូរស្រាល និងជួយដល់ចលនាពោះវៀន។ ទោះការត្រាំជើងក្នុងទឹកក្តៅឧណ្ហៗអាចជួយឱ្យរាងកាយធូរស្រាលក៏ដោយ ការម៉ាស្សាពោះផ្តោតលើតំបន់ប្រព័ន្ធរំលាយអាហារដោយផ្ទាល់។
ចំពោះវិធីអនុវត្ត គួរដេកផ្ងារលើគ្រែ បន្ធូររាងកាយ និងអាចបត់ជង្គង់បន្តិច ដើម្បីកុំឱ្យសាច់ដុំពោះតឹង។ បន្ទាប់មក ដាក់បាតដៃទាំងពីរត្រួតលើគ្នា ត្រង់តំបន់ផ្ចិត ហើយម៉ាស្សាថ្នមៗជារង្វង់តាមទិសទ្រនិចនាឡិកា ដោយចាប់ផ្តើមពីរង្វង់តូចទៅរង្វង់ធំ រួចបង្រួមមកវិញ។ គួរធ្វើចលនាយឺតៗ ប្រើកម្លាំងសមល្មម និងចំណាយពេលសរុបប្រហែល៥នាទីក្នុងមួយថ្ងៃ។
ការម៉ាស្សាពោះអាចជួយជំរុញចលនាពោះវៀន កាត់បន្ថយអាការៈទល់លាមក និងជួយសម្រួលការបន្ទោបង់។ ការស្រាវជ្រាវមួយដែលពិនិត្យលើមនុស្សពេញវ័យចំនួន១.៤៣១នាក់ បានរកឃើញថា ការម៉ាស្សាពោះអាចជួយបង្កើនចំនួនដងនៃការបន្ទោបង់ និងកាត់បន្ថយអាការៈទល់លាមក។ ក្រៅពីនេះ ការម៉ាស្សាថ្នមៗក៏អាចជួយឱ្យរាងកាយធូរស្រាលក្រោយសកម្មភាពពេញមួយថ្ងៃផងដែរ។
ដើម្បីទទួលបានអត្ថប្រយោជន៍ គួរជៀសវាងការម៉ាស្សាភ្លាមៗក្រោយបរិភោគអាហារ ដោយគួររង់ចាំប្រហែល១ម៉ោងជាមុនសិន។ អំឡុងពេលម៉ាស្សា គួរដកដង្ហើមតាមធម្មតា និងកុំសង្កត់ខ្លាំងលើពោះ។ ប្រសិនបើមានអាការៈឈឺពោះខ្លាំង វិលមុខ ឬបេះដូងលោតញាប់ គួរបញ្ឈប់ភ្លាមៗ។ អាចអនុវត្តនៅពេលព្រឹកក្រោយភ្ញាក់ពីគេងក៏បាន ប៉ុន្តែពេលល្ងាចមុនចូលគេងអាចជួយឱ្យងាយបង្កើតទម្លាប់ប្រចាំថ្ងៃ។
ទោះជាយ៉ាងណា អ្នកដែលមានអាការៈឈឺពោះខ្លាំង ឬឈឺពេលសង្កត់លើពោះ អ្នកទើបវះកាត់ពោះ អ្នកមានដុំពកក្នុងពោះ ជំងឺក្លន ឬស្ត្រីមានផ្ទៃពោះ មិនគួរម៉ាស្សាពោះដោយខ្លួនឯងឡើយ គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន។ អ្នកកំពុងប្រើថ្នាំបន្ថយការកកឈាម ឬមានជំងឺធ្ងន់ធ្ងរផ្សេងៗក៏គួរប្រុងប្រយ័ត្នដែរ។ សូមចងចាំថា ការម៉ាស្សាពោះគ្រាន់តែជាវិធីជួយថែរក្សាសុខភាពប្រចាំថ្ងៃ មិនមែនជាថ្នាំព្យាបាលជំងឺប្រព័ន្ធរំលាយអាហារនោះទេ៕