យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកដូងជាភេសជ្ជៈធម្មជាតិដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ ដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និងម៉ង់ហ្គាណែស ដែលអាចជួយផ្តល់ជាតិទឹកដល់រាងកាយ។ ទោះជាយ៉ាងណា ការផឹកច្រើនពេកមិនមែនតែងតែល្អសម្រាប់សុខភាពនោះទេ ជាពិសេសអ្នកមានជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម ឬកំពុងប្រើថ្នាំមួយចំនួន។ គួរជ្រើសរើសទឹកដូងដែលមិនបន្ថែមស្ករ និងមិនប្រើជំនួសទឹកស្អាតប្រចាំថ្ងៃ។
មូលហេតុ៥យ៉ាងដែលគួរប្រុងប្រយ័ត្ន រួមមាន៖ ទី១ អ្នកមានជំងឺតម្រងនោម ព្រោះទឹកដូងមានប៉ូតាស្យូមខ្ពស់ ដែលអាចធ្វើឱ្យសារធាតុនេះកើនក្នុងឈាម ប្រសិនបើតម្រងនោមមិនអាចបញ្ចេញបានល្អ។ ទី២ ការផឹកច្រើនអាចបណ្តាលឱ្យហើមពោះ ណែនពោះ ឬរាក។ ទី៣ អ្នកមានបញ្ហាអាស៊ីតក្រពះហូរឡើងបំពង់អាហារ គួរសង្កេតអាការៈក្រោយផឹក ព្រោះប្រសិនបើមានអារម្មណ៍ក្រហាយទ្រូង គួរផ្អាកផឹក។
ទី៤ អ្នកមានសម្ពាធឈាមទាបគួរប្រុងប្រយ័ត្ន ព្រោះទឹកដូងអាចមានឥទ្ធិពលបន្ថយសម្ពាធឈាមបន្ថែមទៀត។ ទី៥ ចំពោះស្ត្រីមានផ្ទៃពោះ ជាពិសេសក្នុងរយៈពេល៣ខែដំបូង គួរជៀសវាងការផឹកក្នុងបរិមាណច្រើនជាប្រចាំ និងពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើមានចម្ងល់។ ទោះជាយ៉ាងណា មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រច្បាស់ថា ការផឹកទឹកដូងក្នុងកម្រិតធម្មតាធ្វើឱ្យស្បូនកន្ត្រាក់នោះទេ។
ចំពោះអ្នកមានសុខភាពល្អ ប្រភពដើមណែនាំឱ្យផឹកប្រហែល២ទៅ៣ផ្លែក្នុងមួយសប្តាហ៍ ឬប្រហែល២៥០ទៅ៣០០មិល្លីលីត្រក្នុងមួយលើក។ គួរផឹកក្នុងកម្រិតសមស្រប និងរង់ចាំឱ្យរាងកាយធូរស្រាលក្រោយហាត់ប្រាណខ្លាំង ឬត្រូវកម្តៅថ្ងៃយូរ មុនពេលផឹក ដើម្បីឱ្យរាងកាយមានពេលសម្រាកជាមុនសិន។
ជាពិសេស ក្រោយបើកផ្លែដូង ឬបើកវេចខ្ចប់រួច គួរផឹកឱ្យអស់ក្នុងពេលតែមួយ និងជៀសវាងការទុកចោលយូរ ព្រោះអាចមានការចម្លងមេរោគចូលក្នុងភេសជ្ជៈ។ សរុបមក ទឹកដូងអាចជាភេសជ្ជៈល្អសម្រាប់រាងកាយ ប៉ុន្តែការផឹកក្នុងបរិមាណសមស្របគឺសំខាន់ជាងការផឹករាល់ថ្ងៃ។ អ្នកមានជំងឺប្រចាំកាយ ជាពិសេសជំងឺតម្រងនោម ឬសម្ពាធឈាមទាប គួរពិគ្រោះជាមួយគ្រូពេទ្យមុនពេលផឹកជាប្រចាំ៕