យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយចំនួនបានបង្ហាញថា ការផឹកកាហ្វេអាចមានទំនាក់ទំនងនឹងការថយចុះហានិភ័យកើតគ្រួសក្នុងតម្រងនោម។ គ្រួសក្នុងតម្រងនោមកើតឡើងនៅពេលសារធាតុរ៉ែ និងកាកសំណល់ក្នុងទឹកនោមប្រមូលផ្តុំ ហើយបង្កើតជាគ្រាប់រឹង។ កត្តាដែលអាចបង្កើនហានិភ័យរួមមាន ការផឹកទឹកមិនគ្រប់គ្រាន់ ការទទួលទានអំបិលច្រើន លើសទម្ងន់ និងបញ្ហាសុខភាពមួយចំនួន។
តាមការសិក្សាដែលបានលើកឡើងដោយមូលនិធិតម្រងនោមអាម៉េរិក អ្នកដែលទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ មានហានិភ័យកើតគ្រួសក្នុងតម្រងនោមទាបជាងអ្នកដែលមិនទទួលទានភេសជ្ជៈទាំងនេះ។ លទ្ធផលសិក្សាមួយទៀតក៏បានបង្ហាញថា ការបង្កើនការទទួលទានកាហ្វេពីមួយពែងទៅមួយពែងកន្លះក្នុងមួយថ្ងៃ អាចពាក់ព័ន្ធនឹងការថយចុះហានិភ័យរហូតដល់ប្រហែល ៤០ភាគរយ។
បន្ថែមពីនេះ ការពិនិត្យ និងវិភាគលទ្ធផលសិក្សាជាច្រើនដែលចេញផ្សាយក្នុងឆ្នាំ២០២២ ក៏បានរកឃើញថា អ្នកដែលទទួលទានកាហ្វេអ៊ីនច្រើនជាង អាចមានហានិភ័យកើតគ្រួសក្នុងតម្រងនោមទាបជាងអ្នកដែលទទួលទានតិច។ ទោះជាយ៉ាងណា លទ្ធផលទាំងនេះបង្ហាញពីទំនាក់ទំនងរវាងការទទួលទានកាហ្វេអ៊ីន និងហានិភ័យជំងឺប៉ុណ្ណោះ មិនមែនជាភស្តុតាងថាកាហ្វេអាចការពារគ្រួសក្នុងតម្រងនោមបានដាច់ខាតនោះទេ។
មូលហេតុមួយដែលអាចពន្យល់ពីទំនាក់ទំនងនេះ គឺកាហ្វេមានជាតិទឹកដែលអាចជួយបំពេញជាតិទឹកក្នុងរាងកាយ និងបង្កើនបរិមាណទឹកនោម។ ទោះបីជាកាហ្វេអ៊ីនអាចជំរុញឱ្យបញ្ចេញទឹកនោមក៏ដោយ ក៏បរិមាណទឹកដែលមានក្នុងកាហ្វេអាចជួយទូទាត់ឥទ្ធិពលនេះបានមួយផ្នែកដែរ។ ដូច្នេះ ការផឹកកាហ្វេក្នុងកម្រិតសមរម្យមិនមានន័យថានឹងធ្វើឱ្យរាងកាយខ្វះជាតិទឹកជានិច្ចនោះទេ។
ជារួម ការផឹកកាហ្វេអាចមានអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពតម្រងនោម ប៉ុន្តែមិនគួរផឹកច្រើនហួសកម្រិត ឬប្រើជំនួសការផឹកទឹកសុទ្ធឡើយ។ សម្រាប់មនុស្សពេញវ័យដែលមានសុខភាពទូទៅល្អ បរិមាណកាហ្វេអ៊ីនមិនលើសពី ៤០០មិល្លីក្រាមក្នុងមួយថ្ងៃ ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាព ដែលអាចស្មើនឹងកាហ្វេប្រហែល ៤ ទៅ ៥ពែង អាស្រ័យលើកម្លាំង និងប្រភេទកាហ្វេ។ គួរផឹកទឹកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយអំបិល និងរក្សារបបអាហារឱ្យមានតុល្យភាព ដើម្បីជួយកាត់បន្ថយហានិភ័យគ្រួសក្នុងតម្រងនោម៕