យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរ រត់ និងជិះកង់ សុទ្ធតែជាសកម្មភាពដែលជួយថែរក្សាសុខភាព ប៉ុន្តែការសិក្សាមួយបានរកឃើញថា ការហាត់វិលកងជុំចង្កេះ ឬលេងហ៊ូឡាហ៊ូប ក៏អាចផ្តល់អត្ថប្រយោជន៍គួរឱ្យចាប់អារម្មណ៍ដល់រាងកាយផងដែរ។ ជាពិសេស សកម្មភាពនេះត្រូវបានរកឃើញថាអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងខ្លាញ់នៅតំបន់ពោះ បន្ទាប់ពីហាត់ជាប្រចាំ។
ការសិក្សាដែលបានចេញផ្សាយថ្មីៗនេះ បានពិនិត្យលើមនុស្សពេញវ័យលើសទម្ងន់ចំនួន ៥៥នាក់ ដែលមិនមានជំងឺទឹកនោមផ្អែម។ អ្នកចូលរួមបានហាត់វិលកងដែលមានទម្ងន់ ១,៥គីឡូក្រាម រយៈពេល ៦សប្តាហ៍ ដោយប្រើពេលជាមធ្យមប្រហែល ១៣នាទីក្នុងមួយថ្ងៃ ហើយប្រៀបធៀបលទ្ធផលជាមួយការដើរ។ ក្រោយការសិក្សា អ្នកស្រាវជ្រាវបានរកឃើញថា ការហាត់វិលកងអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងខ្លាញ់នៅតំបន់ពោះ ព្រមទាំងជួយបន្ថែមសាច់ដុំតំបន់ដងខ្លួន និងកាត់បន្ថយទំហំចង្កេះ។
មូលហេតុដែលការហាត់វិលកងអាចផ្តល់អត្ថប្រយោជន៍ទាំងនេះ គឺដោយសាររាងកាយត្រូវប្រើសាច់ដុំជាច្រើនផ្នែក ដូចជា សាច់ដុំក្បាលពោះ ចង្កេះ ត្រគាក ភ្លៅ និងជើង ដើម្បីរក្សាកងឱ្យវិលជាប់ជានិច្ច។ ការធ្វើចលនាបន្តបន្ទាប់ក៏អាចធ្វើឱ្យចង្វាក់បេះដូង និងការដកដង្ហើមកើនឡើង ដូចជាការហាត់ប្រាណបែបប្រើកម្លាំងស៊ូទ្រាំ។ លើសពីនេះ ការហាត់នេះអាចធ្វើនៅផ្ទះ និងមិនត្រូវការឧបករណ៍ច្រើននោះទេ។
ទោះជាយ៉ាងណា ការសិក្សាក៏បានបង្ហាញថា ការដើរមានអត្ថប្រយោជន៍ផ្សេងទៀត ដោយអាចជួយបង្កើនកូឡេស្តេរ៉ុលល្អ និងបន្ថយសម្ពាធឈាមខាងលើ។ ដូច្នេះ មិនគួរយល់ថាការវិលកងល្អជាងការដើរ ឬអាចជំនួសការដើរទាំងស្រុងនោះទេ។ ការសិក្សានេះមានអ្នកចូលរួមចំនួនតិច ហើយផ្តោតលើមនុស្សលើសទម្ងន់ដែលមិនមានជំងឺទឹកនោមផ្អែម ដូច្នេះមិនទាន់អាចសន្និដ្ឋានថាមនុស្សគ្រប់រូបនឹងទទួលបានលទ្ធផលដូចគ្នាបានឡើយ។
សរុបមក ការហាត់វិលកងជុំចង្កេះប្រហែល ១៣នាទីក្នុងមួយថ្ងៃ អាចជាជម្រើសល្អមួយសម្រាប់បន្ថែមទៅក្នុងទម្លាប់ហាត់ប្រាណប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នកចង់ពង្រឹងសាច់ដុំដងខ្លួន និងថែរក្សាកម្រិតខ្លាញ់ក្នុងឈាម។ ប៉ុន្តែរយៈពេល ១៣នាទីនេះគ្រាន់តែជាពេលវេលាមធ្យមដែលអ្នកចូលរួមបានហាត់ក្នុងការសិក្សាប៉ុណ្ណោះ មិនមែនជារយៈពេលធានាថានឹងកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់សម្រាប់មនុស្សគ្រប់គ្នានោះទេ។ អ្វីដែលសំខាន់ គឺហាត់ប្រាណឱ្យបានទៀងទាត់ រួមជាមួយការញ៉ាំអាហារមានតុល្យភាព និងការថែរក្សាសុខភាពជាប្រចាំ៕