យោងតាមការចុះផ្សាយពីប្រភពបរទេស ការសង្កេតមើលការប្រែប្រួលលើផ្ទៃមុខ និងករបស់ខ្លួនជាប្រចាំ អាចជួយឱ្យរកឃើញបញ្ហាសុខភាពមួយចំនួនបានទាន់ពេល។ វេជ្ជបណ្ឌិត លាវ ជីទីង អ្នកជំនាញជំងឺមហារីកដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំ បានលើកឡើងពីករណីបុរសអាយុជាង ៥០ឆ្នាំម្នាក់ ដែលមានស្បែកមុខស្លេក អស់កម្លាំង និងបន្ទោបង់មិនទៀងទាត់។ ការពិនិត្យឈាមរកឃើញកម្រិតអេម៉ូក្លូប៊ីនទាបខ្លាំង រហូតត្រឹម ៦ក្រាមក្នុងមួយដេស៊ីលីត្រ ហើយការពិនិត្យបន្តបានរកឃើញជំងឺមហារីកពោះវៀនធំ និងរន្ធគូថដំណាក់កាលទី៤ ដែលបានរាលដាលទៅថ្លើម និងសួត។ ករណីនេះបង្ហាញថា ការប្រែប្រួលលើរាងកាយមិនគួរត្រូវបានមើលរំលងឡើយ។
សញ្ញាទី១ គឺស្បែកមុខស្លេកខុសធម្មតា ដែលអាចបង្ហាញពីការខ្វះឈាម ដោយសារការបាត់បង់ឈាមរ៉ាំរ៉ៃ ការខ្វះជាតិដែក ឬបញ្ហាសុខភាពផ្សេងៗ។ ជាពិសេស ជំងឺមហារីកប្រព័ន្ធរំលាយអាហារមួយចំនួនអាចបង្កការហូរឈាមតិចតួចជាបន្តបន្ទាប់។ ប្រសិនបើស្បែកស្លេករួមជាមួយអស់កម្លាំង វិលមុខ ឬពិបាកដកដង្ហើម គួរទៅពិនិត្យឈាម។ សញ្ញាទី២ គឺផ្នែកពណ៌សនៃភ្នែកប្រែជាពណ៌លឿង ដែលអាចពាក់ព័ន្ធនឹងបញ្ហាថ្លើម ឬការស្ទះបំពង់ទឹកប្រមាត់ ហើយពេលខ្លះអាចជាប់ទាក់ទងនឹងដុំសាច់នៅលំពែង ឬបំពង់ទឹកប្រមាត់។ ប្រសិនបើមានទឹកនោមពណ៌ចាស់ លាមកពណ៌ស្លេក និងរមាស់ពេញខ្លួន គួរទៅពិនិត្យសុខភាពឱ្យបានឆាប់។
សញ្ញាទី៣ គឺមានដំបៅក្នុងមាត់ អណ្តាត ឬផ្នែកខាងក្នុងថ្ពាល់ ដែលមិនជាសះស្បើយលើសពី ៣សប្តាហ៍ ជាពិសេសបើមានការឈឺចាប់ ហូរឈាម ឬពិបាកលេបអាហារ ព្រោះអាចជាសញ្ញាព្រមាននៃជំងឺមហារីកមាត់។ សញ្ញាទី៤ គឺប្រជ្រុយប្រែប្រួលទំហំ រូបរាង ឬពណ៌ ដូចជាមានគែមមិនស្មើ ពណ៌ច្រើនមិនដូចគ្នា រីកធំ រមាស់ ឬហូរឈាម ដែលអាចជាសញ្ញានៃជំងឺមហារីកស្បែក។ ដូច្នេះ គួរតាមដានការប្រែប្រួលរបស់ប្រជ្រុយ និងទៅពិនិត្យជាមួយគ្រូពេទ្យជំនាញស្បែក ប្រសិនបើមានលក្ខណៈមិនប្រក្រតី។
សញ្ញាទី៥ គឺមានដុំហើមនៅខាងមុខត្រចៀក ឬក្រោមត្រចៀកដែលមិនបាត់ទៅវិញ ជាពិសេសបើដុំហើមរីកធំ ឈឺចាប់ ស្ពឹកមុខ ឬមានការខ្សោយសាច់ដុំមុខ ដូចជាជ្រុងមាត់វៀច ឬបិទភ្នែកមិនជិត អាចពាក់ព័ន្ធនឹងបញ្ហាក្រពេញទឹកមាត់។ សញ្ញាទី៦ គឺមានដុំរឹងនៅតំបន់ក ដែលមិនបាត់ក្រោយរយៈពេលជាង ២សប្តាហ៍ ឬកាន់តែធំទៅៗ។ ដុំបែបនេះអាចបណ្តាលមកពីកូនកណ្តុររីកធំ ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺផ្សេងៗ ហើយក្នុងករណីខ្លះអាចពាក់ព័ន្ធនឹងជំងឺមហារីក។ គួរទៅពិនិត្យជាមួយគ្រូពេទ្យ ដើម្បីវាយតម្លៃ និងធ្វើតេស្តតាមការចាំបាច់។
ជារួម សញ្ញាទាំង ៦យ៉ាងនេះមិនមែនសុទ្ធតែបញ្ជាក់ថាមានជំងឺមហារីកនោះទេ ព្រោះអាចបណ្តាលមកពីជំងឺសាមញ្ញ ឬបញ្ហាសុខភាពផ្សេងៗផងដែរ។ ប៉ុន្តែប្រសិនបើមានការប្រែប្រួលមិនប្រក្រតីដែលបន្តអូសបន្លាយ ឬកាន់តែធ្ងន់ធ្ងរ គួរទៅពិនិត្យសុខភាពឱ្យបានទាន់ពេល។ ការសង្កេតមើលខ្លួនឯងតាមកញ្ចក់អាចជួយឱ្យដឹងពីការប្រែប្រួល ប៉ុន្តែមិនអាចជំនួសការពិនិត្យសុខភាព និងការពិនិត្យរកជំងឺមហារីកតាមការណែនាំរបស់គ្រូពេទ្យបានឡើយ។ ការរកឃើញបញ្ហាឱ្យបានឆាប់ និងទទួលការព្យាបាលត្រឹមត្រូវ អាចជួយបង្កើនឱកាសទទួលបានលទ្ធផលព្យាបាលល្អប្រសើរជាងមុន៕