យោងតាមការចុះផ្សាយពីប្រភពបរទេស ការកាត់បន្ថយភេសជ្ជៈផ្អែម និងបង្អែម គឺជាទម្លាប់ល្អសម្រាប់សុខភាព ប៉ុន្តែមិនមែនជាការការពារជំងឺទឹកនោមផ្អែមទាំងស្រុងនោះទេ ព្រោះអាហារមួយចំនួនដែលមិនមានរសជាតិផ្អែម ក៏អាចផ្តល់ជាតិស្ករ ជាតិម្សៅ និងថាមពលច្រើនដល់រាងកាយផងដែរ។ ការកើតជំងឺទឹកនោមផ្អែមមិនអាស្រ័យតែលើការញ៉ាំផ្អែមប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងអាយុ ទម្ងន់ កត្តាតំណពូជ និងការរស់នៅប្រចាំថ្ងៃផងដែរ។
អាហារទី១ គឺ អាហារចៀន និងអាហាររហ័ស ដូចជា នំចៀន មាន់ចៀន ដំឡូងបំពង និងអាហារដែលមានជាតិខ្លាញ់ច្រើន។ ការញ៉ាំអាហារប្រភេទនេះញឹកញាប់ និងក្នុងបរិមាណច្រើន អាចធ្វើឱ្យរាងកាយទទួលបានថាមពលលើសតម្រូវការ បង្កើនទម្ងន់ និងជាកត្តាមួយដែលអាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២។ ដូច្នេះ គួរបន្ថយការញ៉ាំអាហារចៀន ហើយប្តូរទៅញ៉ាំអាហារស្ងោរ ចំហុយ អាំង ឬដុតជំនួសវិញ។
អាហារទី២ គឺ នំប៉័ងស និងអាហារធ្វើពីម្សៅស ដូចជា នំប៉័ងស បាយស និងមី ដែលទោះមិនមានរសជាតិផ្អែម ក៏មានជាតិម្សៅដែលរាងកាយអាចបំបែកទៅជាជាតិស្ករដើម្បីប្រើប្រាស់ជាថាមពលបានដែរ។ ការញ៉ាំក្នុងបរិមាណច្រើនអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង។ គួរប្តូរទៅញ៉ាំអង្ករសម្រូប នំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិមិនកិនសម្អាត និងញ៉ាំជាមួយបន្លែ ព្រមទាំងប្រភពប្រូតេអ៊ីនដូចជា ត្រី ស៊ុត ឬតៅហ៊ូ ដើម្បីឱ្យអាហារមានតុល្យភាព។
អាហារទី៣ គឺ ទឹកជ្រលក់ ទឹកសាឡាដ និងទឹកស៊ីអ៊ីវ ឬទឹកច្របល់ផ្សេងៗ ដែលមួយចំនួនអាចមានជាតិស្ករ ខ្លាញ់ និងអំបិលច្រើន ទោះមានរសជាតិប្រៃ ជូរ ឬហឹរជាងផ្អែមក៏ដោយ។ អាហារទី៤ គឺ សាច់កែច្នៃ ដូចជា សាច់ក្រក ហាំ និងបេកុន ដែលការញ៉ាំញឹកញាប់អាចពាក់ព័ន្ធនឹងការកើនឡើងនៃហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២។ គួរអានស្លាកសារធាតុផ្សំ កាត់បន្ថយបរិមាណទឹកជ្រលក់ និងប្តូរសាច់កែច្នៃទៅជាត្រី ស៊ុត សណ្តែក ឬសាច់ស្រស់ដែលមានខ្លាញ់តិច។
ជំងឺទឹកនោមផ្អែមអាចបង្ហាញរោគសញ្ញាដូចជា ស្រេកទឹកញឹកញាប់ នោមញឹកញាប់ ស្រកទម្ងន់ដោយមិនដឹងមូលហេតុ ឃ្លានញឹកញាប់ អស់កម្លាំង របួសជាសះស្បើយយឺត និងស្ពឹកដៃជើង។ ដើម្បីកាត់បន្ថយហានិភ័យ គួរញ៉ាំអាហារឱ្យមានតុល្យភាព បង្កើនការញ៉ាំបន្លែ កាត់បន្ថយអាហារចៀន និងសាច់កែច្នៃ ហាត់ប្រាណឱ្យបានទៀងទាត់ ព្រមទាំងរក្សាទម្ងន់ឱ្យសមស្រប។ ការមិនញ៉ាំផ្អែមគឺជាចំណុចល្អ ប៉ុន្តែការយកចិត្តទុកដាក់លើអាហារទាំងមូល និងរបៀបរស់នៅប្រចាំថ្ងៃ គឺជាកត្តាសំខាន់ក្នុងការថែរក្សាសុខភាព និងកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម៕