យោងតាមការចុះផ្សាយពីប្រភពបរទេស ចេកជាផ្លែឈើដែលមនុស្សជាច្រើននិយមទទួលទានមុនពេលហាត់ប្រាណ ដើម្បីផ្តល់ថាមពលដល់រាងកាយ។ ប៉ុន្តែចេកមិនមែនគ្រប់ប្រភេទមានជាតិស្ករដូចគ្នានោះទេ ព្រោះប្រភេទចេក និងកម្រិតទុំរបស់វា អាចធ្វើឱ្យបរិមាណជាតិស្ករខុសគ្នា។
បើប្រៀបធៀបចេកក្នុងបរិមាណ ១០០ក្រាម ចេកពងមាន់មានជាតិស្ករប្រហែល ២២ក្រាម ចេកអំបូងមានប្រហែល ២០ក្រាម ចេកណាំវ៉ាមានប្រហែល ១៩ក្រាម និងចេកហាក់មូកមានប្រហែល ១៨ក្រាម។ តាមទិន្នន័យនេះ ចេកហាក់មូកមានជាតិស្ករតិចជាងគេ ខណៈចេកពងមាន់មានជាតិស្ករច្រើនជាងគេក្នុងចំណោមប្រភេទដែលបានប្រៀបធៀប។
ក្រៅពីប្រភេទចេក កម្រិតទុំក៏មានឥទ្ធិពលលើបរិមាណជាតិស្ករផងដែរ។ ចេកខ្ចីដែលសំបកនៅបៃតង មានម្សៅច្រើន និងជាតិស្ករតិច ខណៈចេកដែលចាប់ផ្តើមទុំ ជាតិស្ករចាប់ផ្តើមកើនឡើង។ ចេកទុំលឿងមានរសជាតិផ្អែមកម្រិតមធ្យម ហើយចេកទុំជ្រុលដែលសំបកចាប់ផ្តើមខ្មៅ មានរសជាតិផ្អែមខ្លាំងជាង ដោយសារម្សៅក្នុងផ្លែត្រូវបានបម្លែងទៅជាជាតិស្ករច្រើន។
ដូច្នេះ ប្រសិនបើអ្នកចង់គ្រប់គ្រងការទទួលទានជាតិស្ករ គួរយកចិត្តទុកដាក់ទាំងប្រភេទចេក និងកម្រិតទុំរបស់វា។ ការជ្រើសរើសចេកដែលមិនទុំជ្រុល និងទទួលទានក្នុងបរិមាណសមស្រប អាចជួយឱ្យអ្នករៀបចំរបបអាហារបានសមស្របជាងមុន ៕