យោងតាមការចុះផ្សាយពីប្រភពបរទេស ស៊ុតជាអាហារដែលសម្បូរជីវជាតិ ជាពិសេសប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ និងអាស៊ីតអាមីណូចាំបាច់សម្រាប់រាងកាយ។ ស៊ុតមួយគ្រាប់ដែលមានទម្ងន់ប្រហែល ៥០ក្រាម ផ្តល់ប្រូតេអ៊ីនប្រហែល ៦ក្រាម ថាមពល ៧២កាឡូរី ព្រមទាំងវីតាមីនអា និងឌី។ ផ្នែកពណ៌លឿងក៏មានសារធាតុចិញ្ចឹមសំខាន់ៗដូចជា កូលីន ដែលជួយដល់ខួរក្បាល និងប្រព័ន្ធប្រសាទ ព្រមទាំងសារធាតុលូទីន និងហ្ស៊ីអាសង់ទីន ដែលមានប្រយោជន៍ដល់សុខភាពភ្នែក។
ទោះបីស៊ុតមានជីវជាតិច្រើនក៏ដោយ ក៏មិនមានចំនួនកំណត់តែមួយដែលសមស្របសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ការណែនាំនៅប្រទេសនានាមានភាពខុសគ្នា ដោយប្រទេសខ្លះណែនាំឱ្យញ៉ាំប្រហែល ១គ្រាប់ក្នុងមួយសប្តាហ៍ ខណៈប្រទេសខ្លះណែនាំរហូតដល់ ៤ ទៅ ៧គ្រាប់ក្នុងមួយសប្តាហ៍។ ចំណែកសមាគមបេះដូងអាម៉េរិកចាត់ទុកថា មនុស្សពេញវ័យដែលមានសុខភាពល្អ អាចញ៉ាំស៊ុតប្រហែល ១គ្រាប់ក្នុងមួយថ្ងៃបាន ប្រសិនបើជាផ្នែកមួយនៃរបបអាហារមានតុល្យភាព។
ចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អ និងមិនមានជំងឺបេះដូង ជំងឺថ្លើម ឬបញ្ហាជាតិខ្លាញ់ក្នុងឈាម ការសិក្សាមួយចំនួនបង្ហាញថា ការញ៉ាំស៊ុតប្រហែល ១គ្រាប់ក្នុងមួយថ្ងៃ ជាទូទៅអាចទទួលយកបាននៅក្នុងរបបអាហារដែលមានតុល្យភាព។ ប៉ុន្តែអ្នកមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ គួរប្រុងប្រយ័ត្នជាងមុន។ ការសិក្សាបែបតាមដានមួយចំនួនបានរកឃើញទំនាក់ទំនងរវាងការញ៉ាំស៊ុតច្រើន និងហានិភ័យជំងឺបេះដូងចំពោះអ្នកមានជំងឺទឹកនោមផ្អែម ដូច្នេះអ្នកជំនាញមួយចំនួនណែនាំឱ្យក្រុមនេះកំណត់ការញ៉ាំប្រហែល ២ ទៅ ៣គ្រាប់ក្នុងមួយសប្តាហ៍ ព្រមទាំងប្រុងប្រយ័ត្នចំពោះអាហារដែលមានជាតិខ្លាញ់ឆ្អែត និងកូឡេស្តេរ៉ុលខ្ពស់។
ចំពោះកុមារ និងស្ត្រីមានផ្ទៃពោះ ស៊ុតអាចជាផ្នែកមួយនៃរបបអាហារដែលផ្តល់ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់។ អង្គការសុខភាពពិភពលោកណែនាំឱ្យទទួលទានអាហារចម្រុះ ដែលរួមមានសាច់ ត្រី និងស៊ុត។ ចំណែកការណែនាំអាហារូបត្ថម្ភរបស់សហរដ្ឋអាម៉េរិកបានលើកឡើងថា កុមារអាយុពី ១២ ទៅ ២៣ខែ អាចទទួលទានស៊ុតធំប្រហែល ១គ្រាប់ក្នុងមួយសប្តាហ៍។ ចំពោះកុមារដែលមានវ័យច្រើនជាងនេះ និងស្ត្រីមានផ្ទៃពោះ មិនមានការកំណត់ចំនួនស៊ុតដាច់ខាតនោះទេ ប៉ុន្តែត្រូវគិតពីតម្រូវការអាហារូបត្ថម្ភរបស់មនុស្សម្នាក់ៗ។
ជារួម ស៊ុតជាប្រភពប្រូតេអ៊ីន និងជីវជាតិដ៏ល្អ ប៉ុន្តែការញ៉ាំក្នុងបរិមាណប៉ុន្មាន គួរអាស្រ័យលើស្ថានភាពសុខភាព របបអាហារ និងកត្តាប្រឈមរបស់មនុស្សម្នាក់ៗ។ មិនគួរពឹងផ្អែកលើស៊ុតតែមួយមុខនោះទេ គួរញ៉ាំឆ្លាស់គ្នាជាមួយត្រី សាច់គ្មានខ្លាញ់ សាច់មាន់ គ្រឿងសមុទ្រ និងសណ្តែក ដើម្បីទទួលបានសារធាតុចិញ្ចឹមចម្រុះ។ អ្វីដែលសំខាន់ គឺញ៉ាំឱ្យសមស្រប និងរក្សារបបអាហារមានតុល្យភាព ដើម្បីជួយថែរក្សាសុខភាពក្នុងរយៈពេលវែង៕