យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ មួយចំនួនចាប់ផ្តើមសង្កេតឃើញថា ក្បាលពោះកាន់តែធំ និងពិបាកសម្រកខ្លាញ់ ទោះបីមិនបានផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារច្រើនក៏ដោយ។ បញ្ហានេះអាចពាក់ព័ន្ធនឹងការប្រែប្រួលអ័រម៉ូន ការថយចុះនៃសាច់ដុំ ការធ្វើចលនាតិច និងការទទួលទានថាមពលលើសពីតម្រូវការរាងកាយ។ ជាពិសេស ការប្រមូលផ្តុំខ្លាញ់នៅតំបន់ពោះអាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងបញ្ហាសុខភាពផ្សេងៗ។
នៅពេលអាយុកាន់តែច្រើន កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនចំពោះបុរសមួយចំនួនអាចថយចុះបន្តិចម្តងៗ ដែលអាចពាក់ព័ន្ធនឹងការបាត់បង់សាច់ដុំ និងការផ្លាស់ប្តូរការប្រមូលផ្តុំខ្លាញ់ក្នុងរាងកាយ។ ដើម្បីគ្រប់គ្រងទម្ងន់ គួរទទួលទានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ពីស៊ុត ត្រី សាច់គ្មានខ្លាញ់ សណ្តែក និងគ្រាប់ធញ្ញជាតិ ដើម្បីជួយរក្សាសាច់ដុំ។ ទន្ទឹមនឹងនេះ គួរកាត់បន្ថយភេសជ្ជៈផ្អែម បង្អែម និងអាហារដែលផលិតពីម្សៅសចម្រាញ់ ហើយជ្រើសរើសអង្ករសម្រូប បន្លែ និងផ្លែឈើជំនួសវិញ។
វិធីទី២ គឺរួមបញ្ចូលការហាត់ប្រាណពីរប្រភេទ គឺការហាត់ប្រាណជួយពង្រឹងបេះដូង និងការហាត់ពង្រឹងសាច់ដុំ។ ការដើរលឿន រត់យឺតៗ ឬជិះកង់ អាចជួយឱ្យរាងកាយប្រើថាមពលបានច្រើន ខណៈការលើកទម្ងន់ និងហាត់ប្រើកម្លាំងទប់ទល់ អាចជួយរក្សា និងបង្កើនសាច់ដុំ។ មនុស្សពេញវ័យគួរហាត់ប្រាណកម្រិតមធ្យមយ៉ាងតិច ១៥០នាទីក្នុងមួយសប្តាហ៍ និងហាត់ពង្រឹងសាច់ដុំយ៉ាងតិច ២ថ្ងៃក្នុងមួយសប្តាហ៍៕