យោងតាមការចុះផ្សាយពីប្រភពបរទេស ការជិះកង់ជាទៀងទាត់អាចជួយពង្រឹងសុខភាពបេះដូង បង្កើនកម្លាំងរាងកាយ និងជួយឱ្យឈាមរត់បានល្អ។ ប៉ុន្តែការជិះកង់រយៈពេលយូរ ឬជិះដោយមានសម្ពាធសង្កត់ខ្លាំងលើតំបន់ចន្លោះប្រដាប់ភេទ អាចបង្កការស្ពឹក និងប៉ះពាល់ដល់លំហូរឈាមទៅកាន់ប្រដាប់ភេទបុរស។ ដូច្នេះ ការជិះកង់ហួសកម្រិត ឬប្រើកៅអីដែលមិនសមស្រប គឺជាចំណុចដែលបុរសគួរយកចិត្តទុកដាក់។
អ្នកជំនាញពន្យល់ថា នៅពេលបុរសអង្គុយជិះកង់យូរ ទម្ងន់រាងកាយអាចសង្កត់លើតំបន់ចន្លោះប្រដាប់ភេទ និងរន្ធគូថ ដែលមានសរសៃឈាម និងសរសៃប្រសាទសំខាន់ៗ។ សម្ពាធនេះអាចធ្វើឱ្យលំហូរឈាមទៅកាន់ប្រដាប់ភេទថយចុះជាបណ្តោះអាសន្ន និងបង្កអាការៈស្ពឹក រមួល ឬឈឺចាប់។ ប្រសិនបើការសង្កត់បែបនេះកើតឡើងញឹកញាប់ និងយូរអង្វែង វាអាចពាក់ព័ន្ធនឹងបញ្ហាលិង្គមិនឡើងរឹង ឬពិបាករក្សាការឡើងរឹងបាន។
ទោះជាយ៉ាងណា មិនមែនបុរសគ្រប់រូបដែលជិះកង់នឹងប្រឈមបញ្ហាផ្លូវភេទនោះទេ។ ការសិក្សាវិភាគរួមមួយបានរកឃើញទំនាក់ទំនងរវាងការជិះកង់ និងហានិភ័យនៃបញ្ហាលិង្គមិនឡើងរឹង ប៉ុន្តែអ្នកស្រាវជ្រាវក៏បានបញ្ជាក់ថា ភស្តុតាងនៅមានកម្រិត និងលទ្ធផលនៃការសិក្សាខ្លះមិនដូចគ្នា។ ការសិក្សាលើអ្នកជិះកង់ជាច្រើនប្រទេសមួយទៀត ក៏មិនបានរកឃើញថា មុខងារផ្លូវភេទរបស់អ្នកជិះកង់អន់ជាងអ្នករត់ ឬហែលទឹកដែរ។ ដូច្នេះ មិនគួរយល់ថាការជិះកង់ធម្មតានឹងធ្វើឱ្យសុខភាពផ្លូវភេទចុះខ្សោយនោះទេ។
ដើម្បីកាត់បន្ថយហានិភ័យ គួរជ្រើសរើសកៅអីកង់ដែលមានទំហំ និងរូបរាងសមស្របនឹងរាងកាយ ព្រមទាំងកែសម្រួលទីតាំងកៅអី និងដៃចង្កូតឱ្យបានត្រឹមត្រូវ។ នៅពេលជិះរយៈពេលយូរ គួរផ្លាស់ប្តូរឥរិយាបថ និងក្រោកឈរលើឈ្នាន់ម្តងម្កាល ដើម្បីកាត់បន្ថយសម្ពាធលើតំបន់ប្រដាប់ភេទ។ ការសិក្សាមួយចំនួនបានបង្ហាញថា ការក្រោកឈរលើឈ្នាន់ប្រហែលរៀងរាល់ ១០នាទី អាចជួយកាត់បន្ថយសម្ពាធលើតំបន់នេះបាន។ ក៏គួរផ្អាកសម្រាកនៅពេលជិះចម្ងាយឆ្ងាយ និងកុំបង្ខំខ្លួនឱ្យហាត់លើសសមត្ថភាព។
ជាចុងក្រោយ បុរសដែលជិះកង់ហើយមានអាការៈស្ពឹកប្រដាប់ភេទ ឈឺចាប់ ឬមានបញ្ហាលិង្គមិនឡើងរឹងជាបន្តបន្ទាប់ មិនគួរមើលរំលងនោះទេ។ គួរផ្អាកការជិះកង់ជាបណ្តោះអាសន្ន កែសម្រួលឥរិយាបថជិះ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអាការៈមិនធូរស្រាល។ ការជិះកង់នៅតែជាកីឡាដែលមានប្រយោជន៍ចំពោះសុខភាព ប៉ុន្តែការជ្រើសរើសកម្រិតហាត់ប្រាណ និងការកាត់បន្ថយសម្ពាធលើតំបន់ប្រដាប់ភេទ គឺជាចំណុចសំខាន់ក្នុងការថែរក្សាសុខភាពបុរសរយៈពេលវែង៕