យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកមានជំងឺលើសសម្ពាធឈាមនៅតែអាចរត់ហាត់ប្រាណបាន ប្រសិនបើសម្ពាធឈាមស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន និងជ្រើសរើសការហាត់ប្រាណឱ្យសមស្របនឹងស្ថានភាពសុខភាព។ អ្នកជំនាញផ្នែកជំងឺបេះដូងពន្យល់ថា ការហាត់ប្រាណជាប្រចាំអាចជួយឱ្យឈាមរត់បានល្អ ពង្រឹងសុខភាពបេះដូង និងជួយគ្រប់គ្រងសម្ពាធឈាម។ ប៉ុន្តែអ្នកជំងឺមិនគួររត់លឿនពេក ឬហាត់ប្រាណហួសកម្លាំងនោះទេ។
មុនពេលហាត់ប្រាណ គួរវាស់សម្ពាធឈាមដើម្បីពិនិត្យស្ថានភាពរាងកាយ។ តាមការណែនាំរបស់គ្រូពេទ្យដែលបានលើកឡើងក្នុងប្រភព ប្រសិនបើសម្ពាធឈាមចាប់ពី ១៦០/១០០ មិល្លីម៉ែត្របារតឡើងទៅ មិនគួរចាប់ផ្តើមហាត់ប្រាណភ្លាមៗទេ គួរសម្រាក តាមដានសម្ពាធឈាម និងពិគ្រោះជាមួយគ្រូពេទ្យអំពីការគ្រប់គ្រងជំងឺជាមុន។ អ្នកជំងឺក៏មិនគួរបន្ថយ ឬបញ្ឈប់ថ្នាំដោយខ្លួនឯង ដើម្បីអាចចេញទៅហាត់ប្រាណនោះដែរ។
ក្រៅពីការរត់យឺតៗ អ្នកមានជំងឺលើសសម្ពាធឈាមក៏អាចជ្រើសរើសការដើរលឿន ជិះកង់ក្នុងល្បឿនសមរម្យ ហែលទឹកថ្នមៗ ឬហាត់យោគៈបានផងដែរ។ អ្នកជំនាញណែនាំឱ្យចំណាយពេលហាត់ប្រហែល ៣០ ទៅ ៤៥នាទីក្នុងមួយលើក និងយ៉ាងតិច ៥ថ្ងៃក្នុងមួយសប្តាហ៍ អាស្រ័យលើសមត្ថភាពរាងកាយ និងស្ថានភាពសុខភាព។ មុនហាត់គួរកម្តៅសាច់ដុំ និងបន្ថយល្បឿនបន្តិចម្តងៗនៅពេលបញ្ចប់ ព្រមទាំងកុំទប់ដង្ហើមនៅពេលប្រើកម្លាំង។
ការហាត់ប្រាណនៅខាងក្រៅក៏ត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុផងដែរ។ នៅពេលក្តៅខ្លាំង រាងកាយបែកញើសច្រើន ងាយបាត់បង់ជាតិទឹក និងធ្វើឱ្យបេះដូងត្រូវធ្វើការខ្លាំងជាងធម្មតា។ ដូច្នេះ គួរជៀសវាងការហាត់ប្រាណនៅពេលថ្ងៃក្តៅខ្លាំង ឬពេលមានសំណើមខ្ពស់ ហើយអាចជ្រើសរើសការដើរយឺតៗ ជិះកង់ស្រាលៗ ឬហាត់យោគៈក្នុងរយៈពេល ២០ ទៅ ៣០នាទី នៅកន្លែងមានខ្យល់ចេញចូលល្អ។ គួរផឹកទឹកឱ្យបានសមស្របមុនពេលហាត់ កំពុងហាត់ និងក្រោយពេលហាត់។
ជាចុងក្រោយ ប្រសិនបើមានអាការៈឈឺទ្រូង វិលមុខ ពិបាកដកដង្ហើម បេះដូងលោតញាប់ខុសធម្មតា ឬអស់កម្លាំងខ្លាំង ត្រូវបញ្ឈប់ការហាត់ប្រាណភ្លាមៗ និងស្វែងរកការពិនិត្យពីគ្រូពេទ្យ។ ការហាត់ប្រាណអាចជួយអ្នកមានជំងឺលើសសម្ពាធឈាមថែរក្សាសុខភាពបេះដូងបាន ប៉ុន្តែត្រូវធ្វើដោយមានការប្រុងប្រយ័ត្ន ជ្រើសរើសកម្រិតហាត់ប្រាណសមស្រប និងបន្តអនុវត្តតាមការព្យាបាលរបស់គ្រូពេទ្យ៕