យោងតាមការចុះផ្សាយពីប្រភពបរទេស ការបន្តឆែកសារការងារ និងឆ្លើយតបសាររបស់មិត្តរួមការងារក្រោយម៉ោងធ្វើការ អាចធ្វើឱ្យមនុស្សជាច្រើនមិនអាចសម្រាកបានពេញលេញ បង្កភាពតានតឹង និងអស់កម្លាំងផ្លូវចិត្ត។ ទោះបីត្រឡប់ដល់ផ្ទះ ឬដល់ថ្ងៃឈប់សម្រាកក៏ដោយ ការបន្តគិតពីការងារ និងរង់ចាំសារថ្មីៗ អាចធ្វើឱ្យខួរក្បាលនៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន និងបង្កើនហានិភ័យអស់កម្លាំងដោយសារការងារ។
មូលហេតុសំខាន់ៗដែលធ្វើឱ្យមនុស្សពិបាកផ្តាច់ខ្លួនពីការងារ រួមមាន ការបារម្ភថាថ្នាក់លើនឹងវាយតម្លៃថាខ្វះការទទួលខុសត្រូវ ប្រសិនបើមិនឆ្លើយសារភ្លាមៗ ការបន្តគិតពីការងារដែលមិនទាន់បានបញ្ចប់ និងទម្លាប់បើកមើលទូរស័ព្ទជាញឹកញាប់។ ការធ្វើបែបនេះអាចប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារ ព្រោះការញ៉ាំបាយ និងការសន្ទនាជាមួយមនុស្សជាទីស្រឡាញ់ត្រូវបានរំខានដោយសារការងារ។ វាក៏អាចធ្វើឱ្យមនុស្សឆាប់ខឹង អត់ធ្មត់តិច គេងមិនលក់ ពិបាកផ្តោតអារម្មណ៍ និងបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលធ្លាប់ចូលចិត្ត។
សញ្ញាដែលគួរប្រុងប្រយ័ត្ន រួមមាន ការគេងមិនលក់ ឬភ្ញាក់ញឹកញាប់ អារម្មណ៍ថប់បារម្ភ និងពិបាកគ្រប់គ្រងកំហឹង ការងារមិនសូវមានប្រសិទ្ធភាព ភ្លេចភ្លាំង និងចង់នៅតែម្នាក់ឯង។ មនុស្សមួយចំនួនក៏អាចមានអាការៈឈឺក្បាល បេះដូងលោតញាប់ តឹងសាច់ដុំ ឬពិបាករំលាយអាហារផងដែរ។ ប្រសិនបើរោគសញ្ញាទាំងនេះបន្តរយៈពេលប្រហែល២សប្តាហ៍ ឬកាន់តែធ្ងន់ធ្ងរ គួរទៅពិគ្រោះជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត ដោយមិនចាំបាច់រង់ចាំដល់រយៈពេលនេះ ប្រសិនបើអាការៈធ្ងន់ធ្ងរ ឬប៉ះពាល់ខ្លាំងដល់ជីវភាពប្រចាំថ្ងៃ។
ដើម្បីជួយឱ្យខួរក្បាល និងរាងកាយបានសម្រាកពិតប្រាកដ គួរកំណត់ព្រំដែនរវាងម៉ោងធ្វើការ និងពេលផ្ទាល់ខ្លួន។ មុនចេញពីការងារ អាចកត់ត្រាកិច្ចការដែលបានបញ្ចប់ និងការងារដែលត្រូវបន្តនៅថ្ងៃបន្ទាប់ ដើម្បីកុំឱ្យបន្តគិតក្នុងពេលសម្រាក។ គួរបិទការជូនដំណឹងពីការងារក្រោយម៉ោងធ្វើការ ប្រសិនបើលក្ខណៈការងារអនុញ្ញាត ឬកំណត់ពេលឆែកសារជាក់លាក់ ជំនួសឱ្យការបើកមើលជាបន្តបន្ទាប់។ ក៏គួរចំណាយពេលដើរហាត់ប្រាណ ចម្អិនម្ហូប អានសៀវភៅ ជួបមិត្តភក្តិ និងនិយាយលេងជាមួយសមាជិកគ្រួសារ។
ជារួម ការឈប់សម្រាកពីការងារមិនមែនមានន័យថាគ្រាន់តែចេញពីកន្លែងធ្វើការ ឬមិនទៅការិយាល័យនៅថ្ងៃឈប់សម្រាកប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តល់ឱកាសឱ្យចិត្ត និងរាងកាយបានផ្តាច់ពីសម្ពាធការងារផងដែរ។ គួរគេងឱ្យបានគ្រប់គ្រាន់ រក្សាម៉ោងគេងឱ្យទៀងទាត់ និងកំណត់ពេលវេលាសម្រាប់គ្រួសារ និងខ្លួនឯង។ ការសម្រាកបានត្រឹមត្រូវ គឺជាចំណែកសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង រក្សាទំនាក់ទំនងល្អ និងជួយឱ្យមានកម្លាំងបន្តការងារបានយូរអង្វែង៕