យោងតាមការចុះផ្សាយពីប្រភពបរទេស ការរត់ហាត់ប្រាណជាប្រចាំផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប៉ុន្តែការហាត់ប្រាណខ្លាំង និងយូរហួសកម្រិត ជាពិសេសការហ្វឹកហាត់រត់ម៉ារ៉ាតុង អាចជះឥទ្ធិពលដល់សុខភាពផ្លូវភេទរបស់បុរស។ ការសិក្សាមួយនៅឆ្នាំ២០២២ លើបុរសជាង១.០០០នាក់ដែលហាត់រត់ចម្ងាយឆ្ងាយ បានរកឃើញថា ក្រុមដែលហ្វឹកហាត់សម្រាប់ការរត់ម៉ារ៉ាតុង មានកម្រិតចំណង់ផ្លូវភេទទាបជាងក្រុមដែលមិនហ្វឹកហាត់សម្រាប់ការរត់ចម្ងាយនេះប្រហែល២០ភាគរយ។
មូលហេតុមួយអាចពាក់ព័ន្ធនឹងការហាត់ប្រាណហួសកម្លាំង និងការសម្រាកមិនគ្រប់គ្រាន់។ នៅពេលរាងកាយប្រើប្រាស់ថាមពលច្រើន ប៉ុន្តែមិនទទួលបានអាហារបំពេញតាមតម្រូវការ អាចបង្កឱ្យមានការខ្វះខាតថាមពលជាបន្តបន្ទាប់។ ស្ថានភាពនេះអាចរំខានដល់ដំណើរការផលិតអ័រម៉ូនភេទ រួមទាំងអ័រម៉ូនតេស្តូស្តេរ៉ូន ដែលមានសារៈសំខាន់ចំពោះចំណង់ផ្លូវភេទរបស់បុរស។ ការហាត់ខ្លាំងជាប់ៗគ្នាក៏អាចបង្កការនឿយហត់ និងរំខានដល់ដំណេកផងដែរ។
ការសិក្សាបានរកឃើញថា ចំនួនឆ្នាំនៃការហាត់ប្រាណ និងបរិមាណពេលវេលាដែលចំណាយលើការហាត់ខ្លាំង មានទំនាក់ទំនងនឹងកម្រិតចំណង់ផ្លូវភេទ។ ការសិក្សាផ្សេងទៀតក៏បានលើកឡើងពីទំនាក់ទំនងរវាងការហាត់ប្រាណស៊ូទ្រាំខ្លាំងរយៈពេលយូរ និងការថយចុះកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនផងដែរ។ ទោះជាយ៉ាងណា ការសិក្សាទាំងនេះមិនទាន់អាចបញ្ជាក់ថាការរត់ម៉ារ៉ាតុងជាមូលហេតុផ្ទាល់ដែលធ្វើឱ្យចំណង់ផ្លូវភេទថយចុះនោះទេ ហើយមិនមែនបុរសគ្រប់រូបដែលរត់ចម្ងាយឆ្ងាយសុទ្ធតែជួបបញ្ហានេះឡើយ។
ដើម្បីកាត់បន្ថយផលប៉ះពាល់ គួររៀបចំការហាត់ប្រាណឱ្យសមស្របនឹងសមត្ថភាពរាងកាយ កុំបង្កើនកម្រិតហាត់លឿនពេក និងត្រូវមានថ្ងៃសម្រាកឱ្យបានគ្រប់គ្រាន់។ ជាពិសេស គួរទទួលទានអាហារដែលមានតុល្យភាព ដោយមានម្សៅប្រូតេអ៊ីន និងខ្លាញ់ល្អ ដើម្បីបំពេញថាមពលដែលរាងកាយបានប្រើប្រាស់។ ការគេងប្រហែល៧-៩ម៉ោងក្នុងមួយយប់ ក៏ជួយឱ្យរាងកាយស្តារកម្លាំង និងរក្សាដំណើរការអ័រម៉ូនឱ្យបានល្អផងដែរ។
បុរសដែលហាត់ប្រាណច្រើន គួរយកចិត្តទុកដាក់ចំពោះសញ្ញាដូចជា អស់កម្លាំងជាប់ជាប្រចាំ សមត្ថភាពហាត់ប្រាណថយចុះ អារម្មណ៍ប្រែប្រួល និងចំណង់ផ្លូវភេទថយចុះ។ ប្រសិនបើអាការៈទាំងនេះបន្តកើតមាន គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព និងកម្រិតអ័រម៉ូនតាមភាពចាំបាច់។ មិនគួរទិញថ្នាំ ឬផលិតផលបង្កើនអ័រម៉ូនមកប្រើដោយខ្លួនឯងឡើយ ព្រោះការហាត់ប្រាណល្អបំផុត គឺការហាត់ដែលមានតុល្យភាពរវាងការប្រើកម្លាំង អាហារូបត្ថម្ភ និងការសម្រាក៕