យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំអាហារមុនចូលគេង ជាពិសេសអាហារដែលមានជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន អាចបង្កផលរំខានដល់សុខភាពដោយមិនដឹងខ្លួន។ ទម្លាប់នេះអាចធ្វើឱ្យស្រេកទឹក ហើមពោះ ពិបាករំលាយអាហារ និងរំខានដល់ដំណេក។ ប្រសិនបើបរិភោគបែបនេះញឹកញាប់ ក៏អាចបង្កើនហានិភ័យជំងឺមួយចំនួន ជាពិសេសជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងផងដែរ។
អាហារប្រភេទទី១ គឺអាហារប្រៃខ្លាំង ដូចជា មីកញ្ចប់ សាច់ក្រក សាច់ប៊ីខុន អាហារផ្អាប់ និងអាហារសម្រន់ដែលមានអំបិលច្រើន។ ការទទួលទានអំបិលលើសកម្រិតអាចធ្វើឱ្យរាងកាយស្តុកទឹក និងបង្កើនសម្ពាធឈាម ជាពិសេសចំពោះអ្នកដែលមានជំងឺតម្រងនោម ឬជំងឺបេះដូង។ អាហារប្រភេទទី២ គឺអាហារផ្អែម និងភេសជ្ជៈមានជាតិស្ករខ្ពស់ ដូចជា នំខេក នំដូណាត់ ភេសជ្ជៈផ្អែម និងតែទឹកដោះគោដាក់ស្ករច្រើន។ អាហារទាំងនេះអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង ជាពិសេសចំពោះអ្នកមានជំងឺទឹកនោមផ្អែម។
អាហារប្រភេទទី៣ គឺអាហារចៀន និងអាហារមានជាតិខ្លាញ់ច្រើន ដូចជា មាន់បំពង សាច់ជ្រូកចៀន និងដំឡូងបារាំងចៀន។ ការញ៉ាំអាហារទាំងនេះជិតម៉ោងចូលគេង អាចធ្វើឱ្យហើមពោះ ពិបាករំលាយអាហារ និងបង្កអាការៈអាស៊ីតក្រពះហូរត្រឡប់ឡើងបំពង់អាហារ ជាពិសេសនៅពេលដេករាបភ្លាមៗក្រោយបរិភោគ។ អ្នកដែលតែងមានអាការៈក្រហាយទ្រូង ឬអាស៊ីតក្រពះហូរត្រឡប់ គួរបញ្ចប់ការញ៉ាំអាហារយ៉ាងហោចណាស់៣ម៉ោងមុនចូលគេង។
ប្រសិនបើឃ្លានមុនចូលគេង គួរជ្រើសរើសអាហារស្រាលៗក្នុងបរិមាណតិចតួច ដូចជា ទឹកដោះគោគ្មានស្ករ យ៉ាអួធម្មជាតិ ចេកមួយផ្លែ នំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិ ឬគ្រាប់ធញ្ញជាតិមិនប្រៃ។ គួររៀបចំអាហារពេលល្ងាចឱ្យមានតុល្យភាព ដោយមានសាច់ ត្រី បន្លែ និងអាហារផ្តល់ថាមពលក្នុងបរិមាណសមស្រប។ អ្នកមានជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ឬជំងឺបេះដូង គួរជ្រើសរើសអាហារតាមការណែនាំរបស់គ្រូពេទ្យ។
ជារួម ការជៀសវាងអាហារប្រៃខ្លាំង ផ្អែមខ្លាំង និងចៀនមានជាតិខ្លាញ់ច្រើនមុនចូលគេង អាចជួយកាត់បន្ថយការរំខានដល់ការរំលាយអាហារ និងដំណេក។ គួរញ៉ាំអាហារឱ្យទៀងទាត់ កុំញ៉ាំច្រើនជ្រុលនៅពេលយប់ និងរក្សាទម្លាប់រស់នៅឱ្យមានតុល្យភាព។ ជាពិសេស ប្រសិនបើមានអាការៈឈឺទ្រូង តឹងទ្រូង ពិបាកដកដង្ហើម ឬបែកញើសត្រជាក់ខុសធម្មតា ត្រូវស្វែងរកជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ៕