យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងមិនលក់ស្រួល មិនមែនបណ្តាលមកពីការគេងមិនគ្រប់ម៉ោងតែមួយមុខនោះទេ ប៉ុន្តែថែមទាំងអាចពាក់ព័ន្ធនឹងទម្លាប់ប្រចាំថ្ងៃមុនចូលគេងផងដែរ។ ការគេងមិនបានល្អមិនត្រឹមតែធ្វើឱ្យអស់កម្លាំងនៅថ្ងៃបន្ទាប់ទេ ប៉ុន្តែថែមទាំងត្រូវបានរកឃើញថាមានទំនាក់ទំនងនឹងការថយចុះសមត្ថភាពខួរក្បាល និងការកើនឡើងនៃហានិភ័យបាត់បង់ការចងចាំ។ ខាងក្រោមនេះជាទម្លាប់៥យ៉ាងដែលគួរប្រុងប្រយ័ត្ន។
ទម្លាប់ទី១ គឺផឹកកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននៅពេលល្ងាច។ ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យរាងកាយមានភាពស្វាហាប់ និងភ្ញាក់រហូតដល់យប់ ដែលធ្វើឱ្យពិបាកដេកលក់ ឬគេងមិនស្កប់ស្កល់។ អ្នកជំនាញណែនាំឱ្យជៀសវាងការផឹកកាហ្វេ និងភេសជ្ជៈដែលមានជាតិនេះក្រោយម៉ោង៥ល្ងាច ឬយ៉ាងហោចណាស់៦-៨ម៉ោងមុនចូលគេង។ ទម្លាប់ទី២ គឺផឹកគ្រឿងស្រវឹងមុនចូលគេង។ ទោះបីវាអាចធ្វើឱ្យងងុយគេងនៅដំបូងក៏ដោយ ប៉ុន្តែអាចធ្វើឱ្យភ្ញាក់ច្រើនដងនៅពេលយប់ និងកាត់បន្ថយរយៈពេលនៃដំណេកជ្រៅ ដែលចាំបាច់សម្រាប់ការស្តាររាងកាយ និងរក្សាការចងចាំ។
ទម្លាប់ទី៣ គឺបរិភោគអាហារច្រើន ឬអាហារផ្អែមមុនចូលគេង។ ការញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ ហឹរ ឬផ្អែមច្រើននៅពេលយប់ អាចបង្កឱ្យហើមពោះ ពិបាករំលាយអាហារ និងមានអាស៊ីតក្រពះហូរឡើងមកបំពង់អាហារ ដែលរំខានដល់ការគេង។ ប្រសិនបើឃ្លានមុនចូលគេង គួរជ្រើសរើសអាហារស្រាលៗ ជំនួសឱ្យអាហារដែលមានជាតិស្ករ និងខ្លាញ់ច្រើន។
ទម្លាប់ទី៤ គឺប្រើទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗមុនចូលគេង។ ពន្លឺពីអេក្រង់អាចរំខានដល់ការផលិតសារធាតុធម្មជាតិដែលជួយឱ្យរាងកាយមានអារម្មណ៍ងងុយគេង។ លើសពីនេះ ការមើលវីដេអូ អានសារ និងប្រើបណ្ដាញសង្គមជាបន្តបន្ទាប់ អាចធ្វើឱ្យខួរក្បាលនៅតែសកម្ម។ អ្នកជំនាញណែនាំឱ្យផ្អាកប្រើឧបករណ៍ទាំងនេះពី៣០ទៅ៦០នាទីមុនចូលគេង ហើយប្តូរមកអានសៀវភៅ ស្តាប់តន្ត្រីស្រាលៗ ឬសម្រាកអារម្មណ៍វិញ។
ទម្លាប់ទី៥ គឺចូលគេងយប់ជ្រៅ និងមិនមានម៉ោងគេងទៀងទាត់។ ការចូលគេង និងភ្ញាក់ពីគេងនៅម៉ោងខុសៗគ្នាជារៀងរាល់ថ្ងៃ អាចរំខានដល់នាឡិកាធម្មជាតិរបស់រាងកាយ ដែលធ្វើឱ្យពិបាកគេងលក់ និងគេងមិនបានស្កប់ស្កល់។ ដូច្នេះ គួរកំណត់ម៉ោងចូលគេង និងភ្ញាក់ពីគេងឱ្យបានទៀងទាត់ ទោះបីជាថ្ងៃធ្វើការ ឬថ្ងៃឈប់សម្រាកក៏ដោយ។ ការកែប្រែទម្លាប់ទាំងនេះអាចជួយឱ្យគេងបានល្អ ស្តារថាមពលរាងកាយ និងថែរក្សាសុខភាពខួរក្បាលបានយូរអង្វែង៕