យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើទូរស័ព្ទដៃជាប់ៗគ្នាច្រើនម៉ោងក្នុងមួយថ្ងៃ ជាពិសេសការកាន់ទូរស័ព្ទដោយដៃម្ខាង និងឱនកមើលអេក្រង់យូរ អាចបង្កបញ្ហាដល់សាច់ដុំ សរសៃពួរ និងសន្លាក់។ គ្រូពេទ្យឯកទេសវះកាត់ឆ្អឹងនៅសហរដ្ឋអាម៉េរិកបានព្រមានថា ទម្លាប់នេះអាចបង្កបញ្ហាសុខភាពសំខាន់ៗចំនួន៤ ដោយមនុស្សគ្រប់វ័យអាចជួបប្រទះបាន។
បញ្ហាទី១ គឺការឈឺ និងស្ពឹកម្រាមដៃតូច ដោយសារយកម្រាមដៃតូចទ្រទម្ងន់ទូរស័ព្ទជាប្រចាំ។ ការសង្កត់លើកន្លែងតែមួយយូរ អាចបង្កស្នាមផតបណ្តោះអាសន្នលើស្បែក និងសង្កត់លើសរសៃប្រសាទ បណ្តាលឱ្យមានអារម្មណ៍ស្ពឹក ចាក់ដូចម្ជុល ឬខ្សោយកម្លាំងក្តាប់។ បញ្ហាទី២ គឺម្រាមដៃជាប់គាំង ដែលអាចកើតឡើងពីការប្រើម្រាមដៃដដែលៗ ដើម្បីចុច និងអូសអេក្រង់ញឹកញាប់ រហូតសរសៃពួររលាក និងហើម។ អ្នកខ្លះអាចមានសំឡេងចុចនៅម្រាមដៃ ឈឺ ឬពិបាកបត់និងលាតម្រាមដៃឱ្យត្រង់។
បញ្ហាទី៣ គឺការរលាកសរសៃពួរនៅគល់មេដៃ ដែលបណ្តាលឱ្យឈឺនៅតំបន់កដៃក្បែរមេដៃ ជាពិសេសពេលកាន់វត្ថុ បត់កដៃ ឬប្រើមេដៃអូសអេក្រង់។ បញ្ហានេះអាចកើតមានចំពោះអ្នកដែលប្រើទូរស័ព្ទអេក្រង់ធំដោយដៃម្ខាងជាញឹកញាប់ ព្រោះមេដៃត្រូវលាតសន្ធឹង និងធ្វើចលនាដដែលៗ។ បញ្ហាទី៤ គឺការឈឺកដោយសារការឱនមើលទូរស័ព្ទយូរ។ នៅពេលឱនកាន់តែខ្លាំង បន្ទុកលើសាច់ដុំ និងសន្លាក់កក៏កើនឡើង ដែលអាចបង្កការតឹងណែន ឈឺក និងឈឺក្បាល។
ដើម្បីកាត់បន្ថយហានិភ័យ គួរលើកទូរស័ព្ទឱ្យនៅជិតកម្ពស់ភ្នែក ជៀសវាងការឱនកចុះយូរ និងប្រើដៃទាំងពីរពេលវាយអក្សរ។ អាចប្រើឧបករណ៍ទ្រទូរស័ព្ទ ឬបញ្ជាដោយសំឡេង ដើម្បីកាត់បន្ថយការប្រើម្រាមដៃជាប់ៗគ្នា។ ជាពិសេស គួរសម្រាកដៃ និងករៀងរាល់ប្រហែល២០នាទី នៅពេលប្រើទូរស័ព្ទជាប់យូរ ដោយប្តូរឥរិយាបថ និងធ្វើចលនាស្រាលៗ។
ក្រៅពីនេះ អាចហាត់ប្រាណសាមញ្ញៗ ដូចជា លាតដៃទៅមុខ បង្វែរបាតដៃឡើងលើ ហើយប្រើដៃម្ខាងទៀតទាញម្រាមដៃថ្នមៗរយៈពេល១៥វិនាទី រួចប្តូរដៃ។ បន្ទាប់មក ក្តាប់ដៃរយៈពេល៥វិនាទី រួចបើកម្រាមដៃឱ្យបានធំរយៈពេល៥វិនាទី និងធ្វើម្តងទៀតចំនួន៥ដង។ ចំពោះក អាចអង្គុយឬឈរឱ្យខ្នងត្រង់ រួចទាញចង្កាថយក្រោយថ្នមៗរយៈពេល៥វិនាទី និងធ្វើចំនួន៥ដង។ ការកែប្រែទម្លាប់ប្រើទូរស័ព្ទ និងសម្រាកឱ្យបានទៀងទាត់ អាចជួយកាត់បន្ថយបន្ទុកលើដៃ និងក ប៉ុន្តែបើមានការឈឺចាប់ ស្ពឹក ឬខ្សោយដៃជាប់ជាបន្តបន្ទាប់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ៕