យោងតាមការចុះផ្សាយពីប្រភពបរទេស កីឡាវាយកូនបាល់មិនត្រឹមតែជួយឱ្យរាងកាយរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់អត្ថប្រយោជន៍ដល់បេះដូង សាច់ដុំ និងសុខភាពខួរក្បាលផងដែរ។ ការសិក្សាមួយនៅឆ្នាំ២០១៨ ដែលតាមដានប្រជាជនដាណឺម៉ាកចំនួន៨.៥៧៧នាក់ អាយុចន្លោះពី២០ដល់៩៣ឆ្នាំ ក្នុងរយៈពេលពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៧ បានរកឃើញថា អ្នកដែលលេងកីឡាវាយកូនបាល់មានអាយុរស់នៅជាមធ្យមខ្ពស់ជាងក្រុមដែលមិនសូវធ្វើសកម្មភាពរាងកាយប្រហែល៩,៧ឆ្នាំ។
មូលហេតុមួយដែលធ្វើឱ្យកីឡានេះទទួលបានការចាប់អារម្មណ៍ គឺវារួមបញ្ចូលការរត់ ការលោត ការប្តូរទិសដៅ និងការវាយបាល់ក្នុងល្បឿនលឿន។ សកម្មភាពទាំងនេះជួយឱ្យបេះដូង និងប្រព័ន្ធឈាមរត់ធ្វើការបានល្អ ព្រមទាំងជួយហ្វឹកហាត់សាច់ដុំ និងភាពរហ័សរហួនរបស់រាងកាយ។ ការសិក្សាដដែលក៏បានបង្ហាញថា លទ្ធផលអាយុរស់នៅខ្ពស់ជាងនេះនៅក្នុងអ្នកលេងកីឡាវាយកូនបាល់ មានចំនួនច្រើនជាងកីឡាមួយចំនួនដែលបានសិក្សា ដូចជាការជិះកង់ ហែលទឹក និងរត់ហាត់ប្រាណ។
អត្ថប្រយោជន៍មួយទៀតគឺការជួបជុំ និងប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងទៀត ព្រោះកីឡាវាយកូនបាល់ជាទូទៅត្រូវការអ្នកលេងយ៉ាងហោចណាស់ពីរនាក់។ ការលេងជាមួយគ្នាអាចជួយបង្កើនទំនាក់ទំនងសង្គម បង្កើតអារម្មណ៍រីករាយ និងកាត់បន្ថយភាពឯកោ។ អ្នកជំនាញលើកឡើងថា ទំនាក់ទំនងសង្គមល្អក៏មានសារៈសំខាន់ចំពោះសុខភាពផ្លូវចិត្ត និងខួរក្បាលផងដែរ ខណៈភាពឯកោត្រូវបានគេចាត់ទុកថាជាកត្តាមួយដែលពាក់ព័ន្ធនឹងការប្រឈមនឹងបញ្ហាបាត់បង់ការចងចាំ។
ក្រៅពីនេះ កីឡាវាយកូនបាល់តម្រូវឱ្យរាងកាយធ្វើចលនាច្រើនទិសដៅ ដូចជាបោះជំហានទៅឆ្វេង ស្តាំ បត់ខ្លួន បង្កើនល្បឿន និងឈប់ភ្លាមៗ។ ចលនាទាំងនេះអាចជួយបង្កើនភាពបត់បែន កម្លាំង និងការសម្របសម្រួលរបស់រាងកាយ។ ការសិក្សាមួយទៀតនៅឆ្នាំ២០១៩ ដែលប្រៀបធៀបអ្នកលេងកីឡាវាយកូនបាល់៤៣នាក់ និងអ្នកមិនលេង៤៧នាក់ ក៏បានរកឃើញថា ក្រុមអ្នកលេងមានកម្លាំងច្របាច់ដៃ និងកម្លាំងជង្គង់ល្អជាងក្រុមដែលមិនលេងផងដែរ។
ទោះជាយ៉ាងណា លទ្ធផលសិក្សាដែលបង្ហាញថាអ្នកលេងកីឡាវាយកូនបាល់មានអាយុរស់នៅជាមធ្យមខ្ពស់ជាង៩,៧ឆ្នាំ មិនមានន័យថាកីឡានេះអាចធ្វើឱ្យមនុស្សគ្រប់គ្នារស់នៅបានយូរបន្ថែម១០ឆ្នាំនោះទេ ព្រោះការសិក្សានេះបង្ហាញតែទំនាក់ទំនង មិនមែនបញ្ជាក់ថាកីឡាជាមូលហេតុផ្ទាល់ឡើយ។ ទោះបីជាយ៉ាងនេះក្តី ការធ្វើលំហាត់ប្រាណជាប្រចាំ និងការចូលរួមលេងកីឡាដែលសមស្របនឹងសមត្ថភាពរាងកាយ អាចជួយថែរក្សាសុខភាព និងលើកកម្ពស់គុណភាពជីវិតបាន៕