យោងតាមការចុះផ្សាយពីប្រភពបរទេស ការក្អកនៅពេលយប់អាចធ្វើឱ្យរំខានដល់ដំណេក បណ្ដាលឱ្យគេងមិនលក់ អស់កម្លាំង និងប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ។ មនុស្សមួយចំនួនមិនសូវក្អកនៅពេលថ្ងៃទេ ប៉ុន្តែចាប់ផ្តើមក្អកនៅពេលដេក។ មូលហេតុអាចពាក់ព័ន្ធនឹងការហូរអាស៊ីតពីក្រពះឡើងបំពង់អាហារ អាលែកហ្ស៊ី ឬស្លេស្មហូរចុះពីច្រមុះទៅបំពង់ក ដែលបង្កការរមាស់ និងជំរុញឱ្យក្អក។
វិធីទី១ គឺលើកក្បាលឱ្យខ្ពស់បន្តិចនៅពេលគេង។ ការដាក់ក្បាលទាបពេកអាចធ្វើឱ្យស្លេស្មហូរចុះទៅបំពង់ក និងបង្កការក្អកកាន់តែខ្លាំង ជាពិសេសចំពោះអ្នកដែលមានស្លេស្ម ឬបញ្ហាអាស៊ីតក្រពះហូរត្រឡប់ឡើងលើ។ ដូច្នេះ អាចសាកល្បងដេកផ្អៀង ឬលើកផ្នែកក្បាលនិងដងខ្លួនខាងលើប្រហែល១៥-២០សង់ទីម៉ែត្រ ដើម្បីជួយកាត់បន្ថយការរមាស់បំពង់ក និងការក្អកនៅពេលយប់។
វិធីទី២ គឺផឹកទឹកក្តៅឧណ្ហៗមួយកែវមុនចូលគេង។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ អាចជួយឱ្យស្លេស្មមិនខាប់ពេក និងងាយបញ្ចេញចេញពីបំពង់ក។ ចំណែកវិធីទី៣ គឺទទួលទានទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ដើម្បីជួយបន្ធូរអារម្មណ៍រមាស់ និងធ្វើឱ្យបំពង់កមានអារម្មណ៍ស្រួលជាងមុន។ ទោះជាយ៉ាងណា មិនត្រូវផ្តល់ទឹកឃ្មុំដល់ទារកអាយុក្រោម១ឆ្នាំឡើយ ព្រោះអាចបង្កការពុលធ្ងន់ធ្ងរ។
វិធីទី៤ គឺរក្សាខ្យល់ក្នុងបន្ទប់គេងកុំឱ្យស្ងួតពេក។ ខ្យល់ស្ងួតអាចធ្វើឱ្យបំពង់កស្ងួត និងងាយរមាស់ ជាពិសេសនៅពេលប្រើម៉ាស៊ីនត្រជាក់ ឬឧបករណ៍កម្តៅរយៈពេលយូរ។ អ្នកអាចប្រើម៉ាស៊ីនបន្ថែមសំណើមក្នុងខ្យល់ ដោយរក្សាកម្រិតសំណើមឱ្យសមស្រប។ រុក្ខជាតិក្នុងផ្ទះមួយចំនួន ដូចជា ផ្កាកុលាបឡាវេនឌ័រ ជីរវ៉ាន់ស៊ុយ និងជីរអង្កាម ក៏អាចដាំសម្រាប់លម្អបន្ទប់បានដែរ ប៉ុន្តែមិនគួរយល់ថាវាអាចជំនួសម៉ាស៊ីនបន្ថែមសំណើម ឬឧបករណ៍សម្អាតខ្យល់ឡើយ។
ជាពិសេស ប្រសិនបើប្រើម៉ាស៊ីនបន្ថែមសំណើម ត្រូវសម្អាតម៉ាស៊ីនឱ្យបានទៀងទាត់ និងកុំបង្កើនសំណើមក្នុងបន្ទប់ខ្ពស់ពេក ព្រោះអាចធ្វើឱ្យផ្សិត និងមេរោគកើនឡើង។ វិធីទាំងនេះអាចជួយបន្ថយការក្អកនៅពេលយប់ក្នុងករណីខ្លះ ប៉ុន្តែមិនមែនជាវិធីព្យាបាលគ្រប់មូលហេតុនៃការក្អកឡើយ៕