យោងតាមការចុះផ្សាយពីប្រភពបរទេស ការមិនផឹកទឹកក្រោយភ្ញាក់ពីគេង អាចរួមចំណែកបង្កើនហានិភ័យកើតគ្រួសក្នុងតម្រងនោម ប្រសិនបើរាងកាយខ្វះជាតិទឹកជាប្រចាំ។ ក្រោយគេងអស់មួយយប់ រាងកាយបានបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើម ញើស និងការនោម។ ដូច្នេះ ការផឹកទឹកមួយកែវនៅពេលព្រឹក គឺជាទម្លាប់សាមញ្ញដែលជួយបំពេញជាតិទឹកឡើងវិញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ។
មូលហេតុដែលការខ្វះទឹកអាចបង្កើនហានិភ័យកើតគ្រួសក្នុងតម្រងនោម គឺដោយសារទឹកនោមមានបរិមាណតិច និងខាប់ជាងមុន។ សារធាតុមួយចំនួនក្នុងទឹកនោម ដូចជា កាល់ស្យូម និងអាស៊ីតអ៊ុយរិក អាចប្រមូលផ្តុំគ្នា ហើយកកជាគ្រាប់រឹងបង្កើតជាគ្រួសក្នុងតម្រងនោម។ ដូច្នេះ អ្នកជំនាញណែនាំឱ្យផឹកទឹកឱ្យបានទៀងទាត់ ដើម្បីជួយបន្ថយភាពខាប់នៃទឹកនោម និងកាត់បន្ថយការកកើតគ្រួស។
ក្រៅពីផឹកទឹក គួរ កាត់បន្ថយអាហារប្រៃ និងអាហារកែច្នៃ ដូចជា សាច់ក្រក សាច់ជក់ផ្សែង និងអាហារវេចខ្ចប់ស្រាប់ ព្រោះការញ៉ាំអំបិលច្រើនអាចធ្វើឱ្យរាងកាយបញ្ចេញកាល់ស្យូមតាមទឹកនោមកាន់តែច្រើន និងបង្កើនហានិភ័យកើតគ្រួស។ ចំណែកការបន្ថែមអាហារដែលមានជាតិទឹកច្រើន ដូចជា ឪឡឹក ត្រសក់ ក្រូច និងផ្លែស្ត្របឺរី ក៏អាចជួយបំពេញជាតិទឹកដល់រាងកាយផងដែរ។ ទោះជាយ៉ាងណា ផ្លែឈើ និងបន្លែមិនអាចជំនួសការផឹកទឹកសុទ្ធបានទាំងស្រុងនោះទេ។
ចំណុចមួយទៀតដែលមនុស្សជាច្រើនយល់ច្រឡំ គឺការជៀសវាងអាហារដែលមានកាល់ស្យូម ដោយគិតថាអាចការពារគ្រួសក្នុងតម្រងនោម។ តាមការពន្យល់របស់អ្នកជំនាញ ការទទួលបានកាល់ស្យូមគ្រប់គ្រាន់ពីអាហារ អាចជួយកាត់បន្ថយការកកើតគ្រួសមួយចំនួន ព្រោះកាល់ស្យូមអាចភ្ជាប់ជាមួយសារធាតុម្យ៉ាងនៅក្នុងអាហារ មុនពេលវាត្រូវបានស្រូបចូលក្នុងរាងកាយ។ ប្រភពកាល់ស្យូមដែលគួរបន្ថែមក្នុងរបបអាហាររួមមាន ទឹកដោះគោ ទឹកដោះគោជូរ ឈីស និងទឹកដោះគោរុក្ខជាតិដែលបន្ថែមកាល់ស្យូម។ មនុស្សពេញវ័យភាគច្រើនត្រូវការកាល់ស្យូមប្រហែល ១.០០០ ទៅ ១.២០០ មិល្លីក្រាមក្នុងមួយថ្ងៃ អាស្រ័យលើអាយុ និងភេទ។
ជារួម ការផឹកទឹកក្រោយភ្ញាក់ពីគេង កាត់បន្ថយអាហារប្រៃ ញ៉ាំបន្លែ និងផ្លែឈើដែលមានជាតិទឹកច្រើន ព្រមទាំងទទួលបានកាល់ស្យូមគ្រប់គ្រាន់ពីអាហារ គឺជាទម្លាប់ដែលអាចជួយកាត់បន្ថយហានិភ័យកើតគ្រួសក្នុងតម្រងនោម។ គួរចងចាំថា ការផឹកទឹកតែមួយកែវនៅពេលព្រឹកមិនគ្រប់គ្រាន់សម្រាប់ការពារជំងឺនេះទេ។ អ្នកដែលធ្លាប់កើតគ្រួសក្នុងតម្រងនោម គួរពិគ្រោះជាមួយគ្រូពេទ្យអំពីបរិមាណទឹក និងរបបអាហារដែលសមស្របនឹងសុខភាពរបស់ខ្លួន៕