យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលអាកាសធាតុចាប់ផ្តើមត្រជាក់ មនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ចំពោះទម្លាប់ងូតទឹក និងការក្រោកពីគេងនៅពេលព្រឹក ព្រោះការប្រែប្រួលសីតុណ្ហភាពភ្លាមៗអាចប៉ះពាល់ដល់សរសៃឈាម និងសម្ពាធឈាម។ វេជ្ជបណ្ឌិត បានព្រមានថា មិនមែនការងូតទឹកយប់ជ្រៅសុទ្ធតែបង្កជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ ប៉ុន្តែសីតុណ្ហភាពទឹក សីតុណ្ហភាពក្នុងបន្ទប់ទឹក ស្ថានភាពសុខភាព និងការផឹកគ្រឿងស្រវឹង គឺជាកត្តាដែលគួរប្រុងប្រយ័ត្ន។
ទម្លាប់ទី១ គឺ ងូតទឹកត្រជាក់ខ្លាំងនៅពេលអាកាសធាតុត្រជាក់។ ការប៉ះទឹកត្រជាក់ខ្លាំងភ្លាមៗ អាចធ្វើឱ្យសរសៃឈាមរួមតូច និងបង្កើនបន្ទុកដល់បេះដូង ជាពិសេសអ្នកមានជំងឺបេះដូង និងលើសសម្ពាធឈាម។ ទម្លាប់ទី២ គឺ ងូតទឹកក្តៅខ្លាំងពេក ដែលអាចធ្វើឱ្យសរសៃឈាមរីកធំ និងសម្ពាធឈាមធ្លាក់ចុះ បណ្តាលឱ្យវិលមុខ ឬសន្លប់ ជាពិសេសពេលងើបឈរភ្លាមៗក្រោយងូតទឹក។ ដូច្នេះ គួរប្រើទឹកក្ដៅឧណ្ហៗ រក្សាបន្ទប់ទឹកឱ្យមានភាពកក់ក្តៅ កុំឱ្យខ្យល់ត្រជាក់បក់ចូល ហើយជូតខ្លួនឱ្យស្ងួត និងពាក់សម្លៀកបំពាក់កក់ក្តៅក្រោយងូតទឹក។
ទម្លាប់មួយទៀតដែលគួរជៀសវាង គឺ ក្រោកពីគេងភ្លាមៗដោយប្រញាប់ប្រញាល់។ នៅពេលទើបភ្ញាក់ពីគេង មិនគួរប្រញាប់ក្រោកឈរភ្លាមៗទេ ព្រោះអាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះភ្លាមៗ បណ្តាលឱ្យវិលមុខ ស្រវាំងភ្នែក និងអាចសន្លប់។ គួរផ្លាស់ពីការដេកមកអង្គុយសិន រង់ចាំបន្តិចឱ្យរាងកាយសម្របខ្លួន រួចទើបក្រោកឈរយឺតៗ។ អ្នកចាស់ជរា និងអ្នកដែលមានសម្ពាធឈាមទាប គួរប្រុងប្រយ័ត្នជាពិសេស។ ប្រសិនបើក្រោកទៅបង្គន់នៅពេលយប់ គួរបើកភ្លើង ពាក់អាវកក់ក្តៅ និងប្រើស្បែកជើងដែលមិនងាយរអិល។
ក្រៅពីនេះ ពេលអាកាសធាតុត្រជាក់ មិនគួរបោះបង់ការហាត់ប្រាណនោះទេ ប៉ុន្តែគួរជ្រើសរើសពេលដែលអាកាសធាតុកក់ក្តៅជាងមុន ឬហាត់ប្រាណក្នុងផ្ទះ។ ត្រូវកម្តៅសាច់ដុំជាមុន និងបង្កើនកម្លាំងហាត់ប្រាណបន្តិចម្តងៗ។ សំខាន់ជាងនេះ អ្នកមានជំងឺលើសសម្ពាធឈាម គួរប្រើថ្នាំតាមការណែនាំរបស់គ្រូពេទ្យ និងពិនិត្យសម្ពាធឈាមជាប្រចាំ។ មិនគួរឈប់ថ្នាំ ឬបង្កើនកម្រិតថ្នាំដោយខ្លួនឯងឡើយ ទោះបីវាស់ឃើញសម្ពាធឈាមធម្មតាក៏ដោយ។
ជារួម ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់នៅពេលអាកាសធាតុត្រជាក់ គួរងូតទឹកក្ដៅឧណ្ហៗ កុំក្រោកពីគេងលឿនពេក រក្សារាងកាយឱ្យកក់ក្តៅ និងតាមដានសម្ពាធឈាមឱ្យបានទៀងទាត់។ ប្រសិនបើមានសញ្ញាដូចជា មាត់វៀច ដៃជើងខ្សោយភ្លាមៗ ឈឺទ្រូង ឬពិបាកដកដង្ហើម ត្រូវស្វែងរកជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ មិនគួររង់ចាំឱ្យអាការៈធូរស្រាលដោយខ្លួនឯងឡើយ៕