យោងតាមការចុះផ្សាយពីប្រភពបរទេស ជំនឿដែលថា ការញ៉ាំម្នាស់អាចធ្វើឱ្យទឹកកាមមានរសជាតិផ្អែមជាងមុន ត្រូវបានគេលើកឡើងជាយូរមកហើយ។ ប៉ុន្តែតើរឿងនេះពិតឬគ្រាន់តែជាការនិយាយតៗគ្នា? អ្នកជំនាញបានពន្យល់ថា មិនទាន់មានការស្រាវជ្រាវគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ការញ៉ាំម្នាស់អាចផ្លាស់ប្តូររសជាតិទឹកកាមដោយផ្ទាល់នោះទេ។ ទោះជាយ៉ាងណា អាហារដែលយើងញ៉ាំជាប្រចាំ អាចមានឥទ្ធិពលខ្លះៗលើក្លិន និងរសជាតិរបស់ជាតិរាវក្នុងរាងកាយ រួមទាំងទឹកកាមផងដែរ។
ម្នាស់មានជាតិស្ករធម្មជាតិ អាស៊ីតពីផ្លែឈើ និងជាតិទឹកច្រើន ដូច្នេះមានការជឿថា វាអាចជួយធ្វើឱ្យក្លិន និងរសជាតិទឹកកាមមានភាពស្រាល ឬផ្អែមជាងមុន។ ការសាកល្បងមួយចំនួនក៏បានបង្ហាញថា អ្នកដែលញ៉ាំផ្លែឈើច្រើន ទទួលបានការវាយតម្លៃរសជាតិទឹកកាមល្អជាងអ្នកដែលញ៉ាំសាច់ជាចម្បង។ ប៉ុន្តែការសាកល្បងទាំងនេះមានចំនួនកំណត់ ហើយមិនទាន់អាចប្រើជាភស្តុតាងបញ្ជាក់ច្បាស់លាស់បានទេ។ ដូច្នេះ មិនគួររំពឹងថា ការញ៉ាំម្នាស់ពីរបីចំណិតនឹងធ្វើឱ្យទឹកកាមផ្លាស់ប្តូររសជាតិភ្លាមៗនោះឡើយ។
ក្រៅពីម្នាស់ ផ្លែឈើផ្សេងទៀតដូចជា ផ្លែប៉ោម ទំពាំងបាយជូរ ក្រូច និងផ្លែគីវី ក៏ត្រូវបានគេលើកឡើងថា អាចមានឥទ្ធិពលខ្លះលើក្លិន និងរសជាតិទឹកកាមផងដែរ។ ផ្ទុយទៅវិញ អាហារដែលមានក្លិនខ្លាំង ដូចជា ខ្ទឹមស ខ្ទឹមបារាំង សាច់ក្រហមក្នុងបរិមាណច្រើន និងអាហារកែច្នៃ ព្រមទាំងការផឹកគ្រឿងស្រវឹង និងជក់បារី អាចធ្វើឱ្យក្លិន ឬរសជាតិជាតិរាវក្នុងរាងកាយមានការប្រែប្រួល។ ទោះជាយ៉ាងណា ឥទ្ធិពលទាំងនេះអាចខុសគ្នាតាមមនុស្សម្នាក់ៗ និងស្ថានភាពសុខភាពរបស់ពួកគេ។
ប្រសិនបើអាហារមានឥទ្ធិពលលើក្លិន និងរសជាតិទឹកកាម ការប្រែប្រួលក៏មិនកើតឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងដែរ។ រាងកាយត្រូវការពេលវេលាដើម្បីរំលាយអាហារ និងបង្កើតជាតិរាវថ្មី ដូច្នេះការផ្លាស់ប្តូររបបអាហារត្រូវធ្វើជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនថ្ងៃ ឬច្រើនសប្ដាហ៍ ទើបអាចមានការប្រែប្រួលខ្លះៗ។ ការញ៉ាំម្នាស់ភ្លាមៗមុនពេលរួមភេទ មិនអាចធានាថានឹងទទួលបានលទ្ធផលនោះទេ។
ជារួម មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ថា ការញ៉ាំម្នាស់អាចធ្វើឱ្យទឹកកាមមានរសជាតិផ្អែមឡើយ។ អ្វីដែលសំខាន់ជាងការពឹងផ្អែកលើផ្លែឈើមួយប្រភេទ គឺការញ៉ាំអាហារឱ្យបានចម្រុះ ផឹកទឹកគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ គេងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយគ្រឿងស្រវឹង និងឈប់ជក់បារី។ ការថែរក្សាសុខភាពទូទៅ និងអនាម័យផ្ទាល់ខ្លួន គឺជាចំណុចសំខាន់សម្រាប់សុខភាពផ្លូវភេទរបស់បុរស៕