យោងតាមការចុះផ្សាយពីប្រភពបរទេស ពោតបារាំង (Okra) ជាបន្លែដែលសម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមដែលមានប្រយោជន៍ចំពោះសុខភាព។ បន្លែនេះអាចទទួលទានបានទាំងឆៅ និងចម្អិនឆ្អិន ប៉ុន្តែវិធីទាំងពីរមានអត្ថប្រយោជន៍ខុសគ្នា។ ការញ៉ាំឆៅអាចជួយរក្សាវីតាមីនសេបានល្អជាង ខណៈការចម្អិនឆ្អិនជួយកាត់បន្ថយហានិភ័យពីមេរោគដែលអាចមាននៅលើបន្លែ។
ចំពោះការញ៉ាំឆៅ គួរជ្រើសរើសពោតបារាំងដែលនៅខ្ចី ស្រស់ មិនស្វិត ឬរលួយ ហើយត្រូវលាងជាមួយទឹកស្អាតដែលហូរចេញពីក្បាលរ៉ូប៊ីនឱ្យបានហ្មត់ចត់ មុនពេលទទួលទាន។ អាចយកទៅហាន់ដាក់ក្នុងសាលាដ ឬញ៉ាំជាបន្លែអន្លក់បាន។ អត្ថប្រយោជន៍មួយទៀតគឺជួយរក្សាវីតាមីនសេដែលងាយរងឥទ្ធិពលពីកម្ដៅ ប៉ុន្តែការញ៉ាំបន្លែឆៅនៅតែមានហានិភ័យ ប្រសិនបើមានដី ភាពកខ្វក់ ឬមេរោគជាប់នៅលើផ្ទៃបន្លែ។
ចំណែកពោតបារាំងដែលស្រុះទឹកក្តៅ ឬចម្អិនឆ្អិន មានគុណសម្បត្តិជួយឱ្យបន្លែទន់ ងាយទំពារ និងកាត់បន្ថយហានិភ័យពីមេរោគ ប្រសិនបើចម្អិនបានត្រឹមត្រូវ។ ទោះបីវីតាមីនសេមួយចំនួនអាចបាត់បង់ដោយសារកម្ដៅក៏ដោយ ក៏បន្លែនេះនៅតែមានជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗ។ គួរចៀសវាងការស្ងោរក្នុងទឹកច្រើន និងយូរពេក ព្រោះអាចធ្វើឱ្យសារធាតុចិញ្ចឹមមួយចំនួនរលាយចេញទៅក្នុងទឹក។
ចំណុចពិសេសមួយទៀតរបស់ពោតបារាំង គឺសារធាតុរំអិលធម្មជាតិដែលចេញមកពេលកាត់ ឬចម្អិន។ សារធាតុនេះមានជាតិសរសៃរលាយក្នុងទឹក ដែលអាចស្រូបទឹក និងបង្កើតជាសភាពដូចជាជែលក្នុងប្រព័ន្ធរំលាយអាហារ ព្រមទាំងជួយដល់ចលនាពោះវៀន និងការបន្ទោរបង់។ សារធាតុរំអិលនេះអាចទទួលទានបាន មិនមែនជាភាពកខ្វក់ ឬសញ្ញាបញ្ជាក់ថាបន្លែខូចនោះទេ ដូច្នេះមិនចាំបាច់លាងវាចេញឡើយ។
ជារួម ពោតបារាំងឆៅ និងឆ្អិនសុទ្ធតែមានប្រយោជន៍ចំពោះសុខភាព ដោយមិនអាចកំណត់ថាវិធីណាមួយល្អជាងគ្នាទាំងស្រុងនោះទេ។ អ្នកចូលចិត្តញ៉ាំឆៅត្រូវលាងឱ្យបានស្អាត ចំណែកមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមារតូច និងអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ គួរជ្រើសរើសបន្លែដែលចម្អិនឆ្អិន ដើម្បីកាត់បន្ថយហានិភ័យពីមេរោគ។ ការស្រុះក្នុងរយៈពេលខ្លី ឬចំហុយ គឺជាជម្រើសល្អមួយសម្រាប់រក្សាគុណភាព និងសារធាតុចិញ្ចឹមរបស់បន្លែ ៕