យោងតាមការចុះផ្សាយពីប្រភពបរទេស មហារីកបំពង់អាហារអាចចាប់ផ្តើមពីបញ្ហាសុខភាពតូចៗដែលមនុស្សជាច្រើនមើលរំលង។ វេជ្ជបណ្ឌិត Wendi Shi មកពីផ្នែកថែទាំប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យសាកលវិទ្យាល័យតៃវ៉ាន់ បានលើកឡើងពីករណីស្ត្រីអាយុ ៣៦ ឆ្នាំម្នាក់ ដែលដំបូងមានអាការៈក្អកស្ងួត ចង់ក្អួត លេបអាហារពិបាក និងមានរសជាតិល្វីងក្នុងមាត់។ ដំបូងនាងគិតថាជាបញ្ហាច្រាលអាស៊ីតក្រពះ ហើយទិញថ្នាំប្រើដោយខ្លួនឯង។ ប៉ុន្តែបីខែក្រោយមក អាការៈកាន់តែធ្ងន់ធ្ងរ និងស្រកទម្ងន់ខ្លាំង ទើបពិនិត្យឃើញថាមានមហារីកបំពង់អាហារដំណាក់កាលទី២។
ទម្លាប់ទី១ គឺ ញ៉ាំ ឬផឹកអាហារក្តៅខ្លាំងជាប្រចាំ ជាពិសេសតែ កាហ្វេ និងស៊ុបដែលទើបដាំពុះ។ ការទទួលទានភេសជ្ជៈក្តៅខ្លាំងជាបន្តបន្ទាប់ អាចបង្ករបួសដល់ស្រទាប់ខាងក្នុងបំពង់អាហារ និងត្រូវបានចាត់ទុកថាជាកត្តាបង្កើនហានិភ័យមហារីកបំពង់អាហារ។ ទម្លាប់ទី២ គឺ ញ៉ាំអាហាររឹង ឬមានគែមមុត ដោយមិនទំពារឱ្យម៉ត់ ដែលអាចធ្វើឱ្យរបួសបំពង់អាហារ។ គួរញ៉ាំយឺតៗ ទំពារឱ្យម៉ត់ និងកុំប្រញាប់លេបអាហារដែលរឹង ឬពិបាកទំពារ។
ទម្លាប់ទី៣ គឺ ផឹកស្រាបៀរ និងគ្រឿងស្រវឹងច្រើន រួមជាមួយការជក់បារី។ សារធាតុគ្រោះថ្នាក់ក្នុងផ្សែងបារី និងការប្រើប្រាស់គ្រឿងស្រវឹងជាប្រចាំ អាចបង្កើនហានិភ័យមហារីកបំពង់អាហារ។ ជាពិសេស អ្នកដែលជក់បារី និងផឹកគ្រឿងស្រវឹងក្នុងពេលតែមួយ អាចប្រឈមនឹងហានិភ័យខ្ពស់ជាងមុន។ ដូច្នេះ ការឈប់ជក់បារី និងកាត់បន្ថយ ឬជៀសវាងគ្រឿងស្រវឹង គឺជាជំហានសំខាន់ក្នុងការការពារសុខភាព។
ទម្លាប់ទី៤ គឺ ញ៉ាំសាច់កែច្នៃញឹកញាប់ ដូចជា សាច់ក្រក សាច់ហ៊ែម សាច់ជក់ផ្សែង និងសាច់ប្រឡាក់អំបិល ដែលអាចមានជាតិអំបិល និងសារធាតុរក្សាទុកអាហារមួយចំនួន។ ទម្លាប់ទី៥ គឺ ញ៉ាំបន្លែ និងផ្លែឈើជ្រក់ប្រៃ ឬជ្រក់មិនទាន់គ្រប់ពេលញឹកញាប់ ដែលផលិតផលមួយចំនួនអាចមានសារធាតុបង្កគ្រោះថ្នាក់ដូចជា នីត្រូសាមីន ជាពិសេសបើផលិត ឬរក្សាទុកមិនបានត្រឹមត្រូវ។ គួរកាត់បន្ថយការញ៉ាំអាហារទាំងនេះ និងជ្រើសរើសអាហារស្រស់ៗឱ្យបានច្រើនជាងមុន។
ជារួម ការកាត់បន្ថយអាហារក្តៅខ្លាំង ជៀសវាងការជក់បារី និងផឹកគ្រឿងស្រវឹង កាត់បន្ថយសាច់កែច្នៃ និងអាហារជ្រក់ប្រៃ ព្រមទាំងរក្សារបបអាហារឱ្យមានតុល្យភាព អាចជួយកាត់បន្ថយកត្តាប្រឈមមួយចំនួន។ សំខាន់ជាងនេះ ប្រសិនបើមានអាការៈលេបអាហារពិបាក ឈឺពេលលេបអាហារ ក្អកជាប់ៗគ្នា ឬស្រកទម្ងន់ដោយមិនដឹងមូលហេតុ គួរទៅពិនិត្យជាមួយគ្រូពេទ្យឱ្យបានឆាប់ មិនគួរទិញថ្នាំប្រើដោយខ្លួនឯង ឬរង់ចាំរហូតដល់អាការៈធ្ងន់ធ្ងរឡើយ៕