យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរជាប្រចាំជួយថែរក្សាសុខភាពបេះដូង និងឆ្អឹងសន្លាក់ ប៉ុន្តែការដើរមិនបានត្រឹមត្រូវ ការបង្កើនចម្ងាយដើរលឿនពេក និងការពាក់ស្បែកជើងមិនសមស្រប អាចបង្កសម្ពាធលើសន្លាក់ជង្គង់ និងធ្វើឱ្យមានការឈឺចាប់។ អ្នកជំនាញបានលើកឡើងពីកំហុស ៥ យ៉ាងដែលអ្នកចូលចិត្តដើរគួរប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយហានិភ័យរបួស។
កំហុសទី១ គឺ បង្កើនចម្ងាយដើរលឿនពេក។ អ្នកទើបចាប់ផ្តើមដើរហាត់ប្រាណមួយចំនួន តែងបង្កើនរយៈពេល និងចម្ងាយដើរច្រើនភ្លាមៗ ដែលអាចធ្វើឱ្យសន្លាក់រងសម្ពាធខ្លាំង និងបង្ករបួស។ អ្នកជំនាញណែនាំឱ្យបង្កើនចម្ងាយដើរប្រចាំសប្ដាហ៍មិនលើសពី ១០% និងតាមដានសកម្មភាពរបស់ខ្លួនជាប្រចាំ។ កំហុសទី២ គឺ បោះជំហានវែងពេក ដោយព្យាយាមដើរឱ្យលឿន។ ការដាក់ជើងទៅមុខឆ្ងាយហួសពីចំណុចកណ្ដាលរាងកាយ អាចបង្កើនសម្ពាធលើជង្គង់។ គួរដើរដោយបោះជំហានធម្មជាតិ ចុះកែងជើងជាមុន រួចរំកិលបាតជើង និងរុញចេញដោយចុងម្រាមជើង។
កំហុសទី៣ គឺ ដើរដោយដាក់ទម្ងន់មិនស្មើគ្នា ឬអូសជើង។ ការទ្រេតខ្លួនទៅម្ខាង ដាក់ទម្ងន់លើជើងម្ខាងច្រើនជាងម្ខាងទៀត ឬដើរដោយផ្អែកលើចុងជើងខ្លាំងពេក អាចធ្វើឱ្យសាច់ដុំ និងសន្លាក់ជង្គង់ទទួលបន្ទុកមិនស្មើគ្នា។ ដើម្បីសង្កេតមើលបញ្ហានេះ អាចពិនិត្យបាតស្បែកជើងថាមានស្នាមសឹកខុសគ្នាដែរឬទេ ឬថតវីដេអូពេលដើរដើម្បីពិនិត្យចលនាជើងទាំងសងខាង។ អ្នកជំនាញក៏ណែនាំឱ្យហាត់ប្រាណបង្កើនកម្លាំងសាច់ដុំត្រគាក ដើម្បីជួយរក្សាលំនឹងជង្គង់ផងដែរ។
កំហុសទី៤ គឺ ដើរចុះចំណោតដោយមិនប្រើឥរិយាបថត្រឹមត្រូវ។ ពេលដើរចុះផ្លូវទួល ឬចំណោត សាច់ដុំភ្លៅត្រូវប្រើកម្លាំងច្រើនដើម្បីទប់ទម្ងន់រាងកាយ និងទប់ល្បឿន ដែលអាចបង្កើនសម្ពាធលើជង្គង់។ គួរបោះជំហានឱ្យខ្លី និងបន្ថយល្បឿន ជាជាងទ្រេតខ្លួនទៅក្រោយដើម្បីទប់ខ្លួន។ អ្នកជំនាញណែនាំឱ្យទ្រេតខ្លួនទៅមុខបន្តិចពីត្រគាក ហើយអាចប្រើដំបងជំនួយពេលដើរឡើងភ្នំ ឬចុះចំណោត ដើម្បីកាត់បន្ថយកម្លាំងប៉ះពាល់ដល់ជង្គង់។
កំហុសទី៥ គឺ ពាក់ស្បែកជើងមិនសមស្រប។ ស្បែកជើងដែលមានបាតទន់ និងក្រាស់ពេក អាចធ្វើឱ្យកជើងមិនសូវមានលំនឹង ខណៈស្បែកជើងដែលមានបាតស្តើងពេក អាចមិនជួយស្រូបកម្លាំងប៉ះទង្គិចពីដីបានល្អ។ ដូច្នេះ គួរជ្រើសរើសស្បែកជើងឱ្យសមនឹងប្រភេទផ្លូវដែលត្រូវដើរ និងពាក់សាកមុនទិញ។ ប្រសិនបើឈឺជង្គង់លើសពីមួយសប្ដាហ៍ ឈឺខ្លាំងកម្រិត ៥ ក្នុងចំណោម ១០ ឬឈឺរហូតប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ គួរទៅពិនិត្យជាមួយគ្រូពេទ្យ។ ការដើរឱ្យបានត្រឹមត្រូវ និងបង្កើនសកម្មភាពបន្តិចម្តងៗ គឺជាវិធីសំខាន់ក្នុងការថែរក្សាសុខភាពជង្គង់៕