យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើកម្លាំងខ្លាំង និងទប់ដង្ហើមពេលបន្ទោបង់ ដោយសារទល់លាមក អាចបង្កឱ្យសម្ពាធក្នុងរាងកាយប្រែប្រួលភ្លាមៗ និងនាំឱ្យវិលមុខ សន្លប់ ឬបង្កគ្រោះថ្នាក់ដល់សុខភាពសរសៃឈាម។ ករណីបុរសអាយុ ៥៤ ឆ្នាំម្នាក់ដែលមានប្រវត្តិបញ្ហាបេះដូង បានស្លាប់ក្រោយដួលសន្លប់ក្បែរបង្គន់ ក៏បានបង្កការព្រួយបារម្ភអំពីទម្លាប់ដែលមនុស្សជាច្រើនមិនបានចាប់អារម្មណ៍នេះ។ ទោះជាយ៉ាងណា មិនមែនការប្រើកម្លាំងពេលបន្ទោបង់គ្រប់ករណីសុទ្ធតែនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
តាមការពន្យល់របស់វេជ្ជបណ្ឌិត ការទប់ដង្ហើម និងប្រឹងរុញខ្លាំងៗពេលបន្ទោបង់ អាចធ្វើឱ្យសម្ពាធក្នុងទ្រូង និងពោះកើនឡើងភ្លាមៗ ដែលរំខានដល់លំហូរឈាមត្រឡប់ទៅបេះដូង និងអាចធ្វើឱ្យសម្ពាធឈាមប្រែប្រួល។ អ្នកខ្លះអាចមានអាការៈវិលមុខ ស្រវាំងភ្នែក ឬឮសំឡេងក្នុងត្រចៀក។ ក្រោយពេលឈប់ប្រឹង សម្ពាធក្នុងទ្រូងអាចប្រែប្រួលម្ដងទៀត ដែលអាចប៉ះពាល់ដល់អ្នកមានបញ្ហាបេះដូង ឬសរសៃឈាមស្រាប់។ ក្នុងករណីខ្លះ អាចបង្កជាផលវិបាកធ្ងន់ធ្ងរ ដូចជាជំងឺសរសៃឈាមខួរក្បាល ឬគាំងបេះដូង។
អ្នកជំនាញបានណែនាំឱ្យមនុស្ស ៤ ក្រុមប្រុងប្រយ័ត្នជាពិសេស៖ ទី១. អ្នកមានជំងឺបេះដូង និងលើសសម្ពាធឈាម ព្រោះការប្រែប្រួលសម្ពាធឈាមភ្លាមៗអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ទី២. អ្នកមានជំងឺភ្នែក ឬទើបវះកាត់ភ្នែក ព្រោះការប្រឹងខ្លាំងអាចបង្កើនសម្ពាធក្នុងភ្នែក និងប៉ះពាល់ដល់សរសៃឈាមតូចៗ។ ទី៣. អ្នកទល់លាមករ៉ាំរ៉ៃ និងមិនសូវធ្វើចលនា ព្រោះការអង្គុយយូរ និងប្រឹងបន្ទោបង់អាចបង្កើនសម្ពាធលើសរសៃឈាមនៅតំបន់រន្ធគូថ។ ទី៤. យុវជនដែលមានទម្លាប់រស់នៅមិនល្អ ដូចជាគេងយប់ជ្រៅ មិនសូវហាត់ប្រាណ និងញ៉ាំអាហារខ្វះជាតិសរសៃ ដែលអាចបង្កបញ្ហាសុខភាពតាមពេលវេលា។
ដើម្បីកាត់បន្ថយហានិភ័យ គួរផឹកទឹកឱ្យបានគ្រប់គ្រាន់ បរិភោគបន្លែ ផ្លែឈើ និងអាហារសម្បូរជាតិសរសៃ ព្រមទាំងធ្វើចលនារាងកាយជាប្រចាំ ដើម្បីជួយដល់ការបន្ទោបង់។ អាចដាក់កៅអីតូចមួយក្រោមជើងពេលអង្គុយលើបង្គន់ ដើម្បីជួយឱ្យឥរិយាបថបន្ទោបង់ស្រួលជាងមុន។ ប្រសិនបើទល់លាមកជាបន្តបន្ទាប់ គួរពិគ្រោះជាមួយគ្រូពេទ្យ ហើយកុំប្រឹងរុញខ្លាំង ឬទប់ដង្ហើមដើម្បីបង្ខំឱ្យលាមកចេញ។
ជាពិសេស ប្រសិនបើមានអាការៈវិលមុខ ស្រវាំងភ្នែក ឮសំឡេងរោទ៍ក្នុងត្រចៀក ឬមានអារម្មណ៍ជិតសន្លប់ពេលបន្ទោបង់ គួរឈប់ប្រឹងភ្លាមៗ សម្រាក និងដកដង្ហើមធម្មតា ហើយស្វែងរកជំនួយពីអ្នកនៅជិតខាង។ ប្រសិនបើសន្លប់ ឈឺទ្រូង ឈឺក្បាលខ្លាំងភ្លាមៗ ឬមានសញ្ញាដូចជាខ្សោយដៃជើងម្ខាង និងនិយាយមិនច្បាស់ ត្រូវស្វែងរកសេវាសង្គ្រោះបន្ទាន់ភ្លាមៗ។ កុំមើលរំលងអាការៈមិនប្រក្រតី ព្រោះការយកចិត្តទុកដាក់ចំពោះសុខភាពអាចជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ធ្ងន់ធ្ងរ៕