យោងតាមការចុះផ្សាយពីប្រភពបរទេស ទិន្នន័យដែលដកស្រង់ពីសមាគមសម្ភព និងរោគស្ត្រីអាម៉េរិក (ACOG) បង្ហាញថា ស្ត្រីរហូតដល់ ៧៥% ធ្លាប់មានអារម្មណ៍ឈឺពេលរួមភេទយ៉ាងហោចណាស់ម្តងក្នុងជីវិត ហើយជិត ៣០% ធ្លាប់មានអារម្មណ៍មិនស្រួលក្នុងការរួមភេទលើកចុងក្រោយ។ ការឈឺតិចតួចម្តងម្កាលអាចបណ្តាលមកពីការរំញោចមិនគ្រប់គ្រាន់ ឬឥរិយាបថមិនសមស្រប ប៉ុន្តែបើការឈឺកើតឡើងញឹកញាប់ ឬកាន់តែខ្លាំង មិនគួរមើលរំលងឡើយ ព្រោះអាចជាសញ្ញានៃបញ្ហាសុខភាព។
រោគសញ្ញាទី១ គឺ ឈឺក្រហាយពេលនោម និងចង់នោមញឹកញាប់ក្រោយរួមភេទ ដែលអាចពាក់ព័ន្ធនឹងការឆ្លងមេរោគផ្លូវទឹកនោម។ រោគសញ្ញាទី២ គឺ ឈឺចុកនៅផ្នែកខាងក្នុង ឬក្រោមពោះពេលស៊កបញ្ចូលជ្រៅ ជាពិសេសបើមានការឈឺចុកពេលមករដូវ ឬហូរឈាមរដូវយូរខុសធម្មតា អាចពាក់ព័ន្ធនឹងដុំសាច់ក្នុងស្បូន ជំងឺស្រទាប់ក្នុងស្បូនដុះខុសទីតាំង ឬការរលាកតំបន់អាងត្រគាក។ ប្រសិនបើរោគសញ្ញាទាំងនេះកើតឡើងដដែលៗ គួរទៅពិនិត្យដើម្បីស្វែងរកមូលហេតុ។
រោគសញ្ញាទី៣ គឺ ស្ងួត និងឈឺក្រហាយ ទោះបីប្រើជែលរំអិលក៏ដោយ ដែលអាចបណ្តាលមកពីការថយចុះអ័រម៉ូនអេស្ត្រូសែន ធ្វើឱ្យជាលិកាខាងក្នុងទ្វារមាសស្ងួត និងងាយរងរបួស។ បញ្ហានេះអាចកើតមានចំពោះស្ត្រីក្រោយសម្រាលកូន ឬក្នុងដំណាក់កាលមុនអស់រដូវ។ រោគសញ្ញាទី៤ គឺ ឈឺចាប់ខ្លាំងដូចត្រូវវត្ថុមុតចាក់ និងកើតឡើងជាញឹកញាប់ ដែលអាចពាក់ព័ន្ធនឹងការកន្ត្រាក់សាច់ដុំតំបន់អាងត្រគាកដោយមិនដឹងខ្លួន ឬបញ្ហាសរសៃប្រសាទនៅតំបន់នោះ។ ការពិនិត្យដោយគ្រូពេទ្យអាចជួយកំណត់មូលហេតុ និងជ្រើសរើសវិធីព្យាបាលសមស្រប។
រោគសញ្ញាទី៥ គឺ ឈឺក្រហាយក្រោយរួមភេទ អមដោយការហូរឈាម ឬទឹករំអិលមានពណ៌ និងក្លិនខុសធម្មតា។ រោគសញ្ញាទាំងនេះអាចជាប់ទាក់ទងនឹងការរលាកមាត់ស្បូន ការឆ្លងមេរោគផ្សិត ឬបាក់តេរី និងបញ្ហាផ្សេងៗនៅមាត់ស្បូន។ ដូច្នេះ ប្រសិនបើមានការហូរឈាមក្រោយរួមភេទ ទឹករំអិលមានក្លិនមិនល្អ ឬប្រែពណ៌ខុសធម្មតា គួរទៅពិនិត្យរោគស្ត្រីឱ្យបានឆាប់ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលត្រឹមត្រូវ។
ជារួម ការឈឺចាប់មិនមែនជារឿងដែលស្ត្រីត្រូវអត់ធ្មត់រាល់ពេលរួមភេទនោះទេ។ ដើម្បីការពារសុខភាព គួរកត់ត្រាពេលវេលា ទីតាំង និងលក្ខណៈនៃការឈឺចាប់ ព្រមទាំងមិនគួរទិញថ្នាំលេប ឬថ្នាំបញ្ចូលទ្វារមាសមកប្រើដោយខ្លួនឯងឡើយ។ ប្រសិនបើមានការឈឺចាប់កើតឡើងញឹកញាប់ ឬមានរោគសញ្ញាមិនប្រក្រតី គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដោយមិនត្រូវខ្មាសអៀន ឬពន្យារពេលឡើយ ព្រោះការរកឃើញមូលហេតុឱ្យបានឆាប់ អាចជួយឱ្យទទួលបានការថែទាំ និងព្យាបាលសមស្រប៕