យោងតាមការចុះផ្សាយពីប្រភពបរទេស ជីវិតផ្លូវភេទមិនមែនពាក់ព័ន្ធតែសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការយល់ចិត្ត និងការផ្សារភ្ជាប់អារម្មណ៍រវាងដៃគូទាំងពីរផងដែរ។ ពេលខ្លះ ទំនាក់ទំនងស្នេហាហាក់ដូចជាចាប់ផ្តើមសោះកក្រោះ មិនមែនដោយសារលែងស្រឡាញ់គ្នាទេ ប៉ុន្តែអាចបណ្តាលមកពីឧបសគ្គមួយចំនួនដែលមនុស្សជាច្រើនមិនបានចាប់អារម្មណ៍។
ឧបសគ្គទី១ គឺ ការមានទស្សនៈអវិជ្ជមានចំពោះការរួមភេទ ដោយគិតថាជារឿងអាម៉ាស់ ឬមិនគួរនិយាយដល់ ដែលអាចធ្វើឱ្យមនុស្សមិនហ៊ានបង្ហាញអារម្មណ៍ និងតម្រូវការរបស់ខ្លួន។ ឧបសគ្គទី២ គឺ ការបារម្ភខ្លាំងអំពីសមត្ថភាពផ្លូវភេទ ដោយគិតច្រើនថាខ្លួនធ្វើបានល្អឬអត់ ឬដៃគូពេញចិត្តដែរឬទេ។ សម្ពាធបែបនេះអាចធ្វើឱ្យមនុស្សបាត់បង់ការផ្តោតអារម្មណ៍លើភាពរីករាយ និងភាពស្និទ្ធស្នាលដែលកំពុងមាន។
ឧបសគ្គទី៣ គឺ មិនស្គាល់ច្បាស់ពីតម្រូវការរបស់ខ្លួនឯង។ នៅពេលមនុស្សម្នាក់មិនយល់ថាខ្លួនចូលចិត្ត ឬមិនចូលចិត្តអ្វី នោះដៃគូក៏ពិបាកយល់តាមដែរ ហើយអាចបង្កឱ្យមានការយល់ច្រឡំ ឬការស្តីបន្ទោសគ្នា។ ឧបសគ្គទី៤ គឺ មិនហ៊ាននិយាយគ្នាអំពីបញ្ហាផ្លូវភេទដោយបើកចំហ។ ការមិនប្រាប់ពីអារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ខ្លួន អាចធ្វើឱ្យដៃគូពិបាកដឹងថាអ្វីដែលម្ខាងទៀតពេញចិត្ត ឬមិនពេញចិត្ត។
ឧបសគ្គទី៥ គឺ ទុកជីវិតផ្លូវភេទជារឿងចុងក្រោយដែលត្រូវគិតដល់។ នៅពេលការងារ និងបន្ទុកគ្រួសារកាន់តែច្រើន គូស្នេហ៍មួយចំនួនអាចមិនសូវមានពេលវេលា និងកម្លាំងសម្រាប់ថែរក្សាភាពស្និទ្ធស្នាលរវាងគ្នា។ ប្រសិនបើមិនយកចិត្តទុកដាក់ និងមិនចែករំលែកពេលវេលាជាមួយគ្នា ជីវិតស្នេហាអាចក្លាយជារឿងសោះកក្រោះបន្តិចម្តងៗ។
ជារួម ការរក្សាជីវិតផ្លូវភេទឱ្យមានភាពរីករាយ មិនមែនអាស្រ័យលើសមត្ថភាពរាងកាយតែមួយមុខទេ ប៉ុន្តែត្រូវការការយល់ចិត្ត ការគោរពគ្នា និងការនិយាយគ្នាដោយស្មោះត្រង់។ គូស្នេហ៍គួររៀនស្គាល់តម្រូវការរបស់ខ្លួន និងដៃគូ ព្រមទាំងចែករំលែកពេលវេលាសម្រាប់គ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល និងរក្សាសុភមង្គលក្នុងជីវិតគូ៕