យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺលើសសម្ពាធឈាមគឺជាបញ្ហាសុខភាពដែលបុរសវ័យ ៤០ ឆ្នាំឡើងទៅមិនគួរមើលរំលងឡើយ ព្រោះជំងឺនេះជារឿយៗមិនបង្ហាញរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូងទេ។ មានទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺនេះ ដោយអ្នកអាចមិនបានចាប់អារម្មណ៍។
ទម្លាប់ទី១. ចូលចិត្តញ៉ាំអាហារមានជាតិប្រៃខ្លាំង៖ ការទទួលទានសូដ្យូមច្រើនអាចធ្វើឱ្យរាងកាយរក្សាទឹកកាន់តែច្រើន និងបង្កើនសម្ពាធក្នុងសរសៃឈាម។ ចំណែកអាហារផ្អែម និងអាហារមានខ្លាញ់ច្រើន ក៏អាចបង្កើនហានិភ័យឡើងទម្ងន់ និងជំងឺលើសសម្ពាធឈាមផងដែរ។ ទម្លាប់ទី២. មិនសូវហាត់ប្រាណ៖ ការអង្គុយ ឬដេកយូរដោយមិនសូវធ្វើចលនា អាចធ្វើឱ្យរាងកាយស្តុកខ្លាញ់ និងពិបាកគ្រប់គ្រងទម្ងន់។ គួរហាត់ប្រាណកម្រិតមធ្យមប្រហែល ៣០ នាទីក្នុងមួយថ្ងៃ និង ៥ ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីជួយថែរក្សាសុខភាពបេះដូង និងសរសៃឈាម។
ទម្លាប់ទី៣. ផឹកគ្រឿងស្រវឹង និងជក់បារីជាប្រចាំ៖ ការផឹកគ្រឿងស្រវឹងច្រើនអាចបង្កើនសម្ពាធឈាម ខណៈជាតិនីកូទីនក្នុងបារីអាចធ្វើឱ្យសរសៃឈាមរួមតូច និងបេះដូងលោតលឿន។ ទម្លាប់ទី៤. មានភាពតានតឹងយូរអង្វែង៖ ភាពតានតឹងអាចធ្វើឱ្យបេះដូងលោតលឿន និងសរសៃឈាមរួមតូចជាបណ្ដោះអាសន្ន។ ប្រសិនបើកើតឡើងញឹកញាប់ គួររកពេលសម្រាក ហាត់ដកដង្ហើមយឺតៗ ឬធ្វើសកម្មភាពដែលជួយបន្ធូរអារម្មណ៍។
ទម្លាប់ទី៥. គេងមិនបានគ្រប់គ្រាន់៖ ការគេងតិច ឬគេងមិនមានគុណភាព អាចរំខានដល់ការគ្រប់គ្រងសម្ពាធឈាមរបស់រាងកាយ។ ដូច្នេះ គួរព្យាយាមគេងឱ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។ ទម្លាប់ទី៦. មិនពិនិត្យសុខភាពជាប្រចាំ៖ មនុស្សជាច្រើនគិតថាខ្លួននៅមានសុខភាពល្អ ទើបមិនបានវាស់សម្ពាធឈាម។ ប៉ុន្តែជំងឺលើសសម្ពាធឈាមអាចកើតឡើងដោយគ្មានសញ្ញាព្រមានច្បាស់លាស់ ដូច្នេះការវាស់សម្ពាធឈាម និងពិនិត្យសុខភាពជាប្រចាំ អាចជួយរកឃើញបញ្ហាបានទាន់ពេល។
ជារួម បុរសវ័យ ៤០ ឆ្នាំឡើងទៅគួរយកចិត្តទុកដាក់លើទម្លាប់រស់នៅប្រចាំថ្ងៃ ដោយកាត់បន្ថយអាហារប្រៃ ហាត់ប្រាណឱ្យទៀងទាត់ ជៀសវាងបារី និងកាត់បន្ថយគ្រឿងស្រវឹង គ្រប់គ្រងភាពតានតឹង ព្រមទាំងគេងឱ្យបានគ្រប់គ្រាន់។ អ្វីដែលសំខាន់ កុំរង់ចាំរហូតមានអាការៈមិនប្រក្រតី ទើបចាប់ផ្ដើមពិនិត្យសុខភាព ព្រោះការថែរក្សាសុខភាព និងតាមដានសម្ពាធឈាមជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងសរសៃឈាមក្នុងរយៈពេលវែង៕