យោងតាមការចុះផ្សាយពីប្រភពបរទេស ការម៉ាស្សា ចុចចំណុចសរសៃ ឬបត់បង្វិលកខ្លាំងៗ ដើម្បីបំបាត់ការឈឺចាប់តំបន់ក និងស្មា អាចបង្កហានិភ័យដល់សុខភាព ប្រសិនបើធ្វើមិនត្រឹមត្រូវ។ ករណីបុរសអាយុ ៣៩ ឆ្នាំម្នាក់នៅប្រទេសវៀតណាម បានកើតមានអាការៈឈឺក្បាល និយាយមិនសូវច្បាស់ បាត់បង់ការចងចាំ និងខ្សោយដៃជើងម្ខាង ក្រោយទៅម៉ាស្សា ចុចសរសៃ និងទាញលាតឆ្អឹងកនៅកន្លែងឯកជន។ ក្រោយពិនិត្យ គ្រូពេទ្យបានរកឃើញថា គាត់មានបញ្ហាស្ទះសរសៃឈាមខួរក្បាល ដោយសារស្រទាប់ជញ្ជាំងសរសៃឈាមធំមួយនៅករងការខូចខាត។
អ្នកជំនាញបានពន្យល់ថា ការបត់ក ងើយក ឬបង្វិលកខ្លាំងៗ និងភ្លាមៗ អាចពាក់ព័ន្ធនឹងការរហែកស្រទាប់ជញ្ជាំងសរសៃឈាមនៅក ដែលអាចបណ្ដាលឱ្យមានកំណកឈាម និងរារាំងលំហូរឈាមទៅខួរក្បាល។ ទោះជាយ៉ាងណា បញ្ហានេះមិនមែនកើតឡើងដោយសារការម៉ាស្សាគ្រប់ករណីនោះទេ ព្រោះវាក៏អាចកើតឡើងដោយឯកឯង ឬពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃជញ្ជាំងសរសៃឈាមផងដែរ។
ការម៉ាស្សា និងចុចសរសៃអាចជួយបន្ធូរការឈឺចាប់នៅតំបន់ក និងស្មា ប៉ុន្តែអ្នកអនុវត្តត្រូវមានជំនាញ និងយល់ដឹងពីរចនាសម្ព័ន្ធរាងកាយ ដើម្បីកំណត់កម្លាំង និងទីតាំងប៉ះពាល់ឱ្យបានត្រឹមត្រូវ។ ការប្រើកម្លាំងខ្លាំងពេក ឬធ្វើចលនាបង្វិលកដោយបង្ខំ អាចបង្ករបួសសាច់ដុំ និងជាលិកាជុំវិញក ហើយក្នុងករណីធ្ងន់ធ្ងរ អាចប៉ះពាល់ដល់សរសៃឈាម និងបង្កគ្រោះថ្នាក់ដល់ជីវិត។
ដូច្នេះ ប្រសិនបើចង់ម៉ាស្សា ឬព្យាបាលការឈឺចាប់ក និងស្មា គួរជ្រើសរើសកន្លែងដែលមានសុវត្ថិភាព និងអ្នកអនុវត្តដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ជាពិសេស មិនគួរបត់ បង្វិល ឬទាញកខ្លាំងៗដោយខ្លួនឯង ឬអនុញ្ញាតឱ្យអ្នកដែលគ្មានជំនាញធ្វើឡើយ។ ប្រសិនបើមានការឈឺចាប់មិនធម្មតា គួរពិនិត្យជាមួយគ្រូពេទ្យមុនទទួលការម៉ាស្សា។
ជារួម ការម៉ាស្សាតំបន់ក និងស្មាមិនមែនជារឿងគ្រោះថ្នាក់គ្រប់ពេលនោះទេ ប៉ុន្តែការប្រើកម្លាំងខ្លាំង និងបង្វិលកភ្លាមៗអាចបង្កហានិភ័យធ្ងន់ធ្ងរ។ ប្រសិនបើក្រោយពេលម៉ាស្សា ឬបង្វិលក មានអាការៈឈឺក្បាលខ្លាំងភ្លាមៗ និយាយមិនច្បាស់ ខ្សោយដៃជើង ឬបាត់បង់លំនឹង ត្រូវទៅសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីបង្ការផលវិបាកធ្ងន់ធ្ងរដល់ខួរក្បាល៕